(ព្រះសីហនុ)៖ លោក ជា សុមេធី រដ្ឋមន្ដ្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ណែនាំដល់អ្នកញៀនគ្រឿងញៀន កំពុងតែទទួលការបន្សាបនៅមជ្ឈមណ្ឌលព្យាបាលដោយស្ម័គ្រចិត្តទាំងអស់ព្យាយាមលុតដំខ្លួនឯង និងទទួលការហ្វឹកហាត់នូវជំនាញផ្សេងៗ ដែលមណ្ឌលបានបង្រៀនទាំងប៉ុន្មានឲ្យបានល្អ ដើម្បីយកទៅបង្កើតមុខរបរ ឬបម្រើរការងារនៅក្នុងសង្គមកំពុងអភិវឌ្ឍន៍ ដែលត្រូវការមនុស្សមានសមត្ថភាព។

រដ្ឋមន្ត្រីលើកឡើងបែបនេះនៅរសៀលថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥ ក្នុងឱកាសចុះទស្សនកិច្ចមជ្ឈមណ្ឌលព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀនដោយស្ម័គ្រចិត្ត និងផ្អែកលើសហគមន៍ ដោយមានការចូលរួមពីលោក ហែម ដារិទ្ធ អភិបាលរងខេត្ត តំណាងលោក ម៉ាង សុីណេត អភិបាលខេត្តព្រះសីហនុ ព្រមទាំងកងកម្លាំងទាំងបី រួមជាមួយថ្នាក់ដឹកនាំ នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នៅឃុំកែវ ផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។

លោក ជា សុមេធី បានថ្លែងថា ក្នុងឱកាសចុះទស្សនកិច្ចលើកៗក្រោយទៀត នឹងមិនមានមុខបងប្អូនទាំងអស់ក្នុងថ្ងៃនេះ នៅមានវត្តមានទីនេះទៀតទេ ហើយសង្ឃឹមយ៉ាងមុតមាំថា នឹងមាការថយចុះនូវចំនួនអ្នកញៀនថ្នាំដូចសព្វថ្ងៃ ពោលការមានវត្តមានរបស់បងប្អូននៅទីនេះ គឺមិនមែនជារឿងល្អ និងធនធានមនុស្សដែលសង្គមត្រូវការនោះ។ ផ្ទុយទៅវិញមានតែបាត់បង់ឱកាសល្អៗ ដូចជាការរៀនសូត្រ បម្រើរកិច្ចការងាររកស៊ីផ្សេងៗ ឃ្លាតឆ្ងាយពីគ្រួសារ ប្រពន្ធកូន បាត់បង់ទ្រព្យសម្បត្តិជាដើម។

រដ្ឋមន្ត្រីបានណែនាំ និងលើកទឹកចិត្តថា ក្រោយចាកចេញពីទីនេះសូមខិតខំកែខ្លួនឡើងវិញ ក៏ទោះបីជាធ្លាប់មានឈ្មោះជាអ្នកញៀញថ្នាំក្តី តែរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាមន្ទីរស្ថាប័ននានា នៅតែផ្តល់ឱកាការងារសល្អៗ សម្រាប់ដែលជាអ្នកមានជំនាញ និងចេះពិតប្រាកដ តែមុនហ្នឹងឈានដល់ពេលវេលានោះសូមជួយខ្លួនឯងជាមុនសិន ជាពិសេសការបន្សាប និងជៀសឆ្ងាយពីគ្រឿងញៀន រស់នៅជាមនុស្សសង្គមត្រូវការ៕