(ត្បូងឃ្មុំ)៖ បន្ទាប់ពីបញ្ចប់ការជួបសំណេះសំណាលជាមួយអាជ្ញាធរមូលដ្ឋានភូមិ ឃុំ ទូទាំងស្រុកក្រូចឆ្មារ ក្នុងខេត្តត្បូងឃ្មុំ រួចមក លោក វង សូត អនុប្រធានទី២ រដ្ឋសភា អមដំណើរដោយតំណាងរាស្រ្តមណ្ឌលខេត្តត្បូងឃ្មុំ និងទីប្រឹក្សា ជំនួយការ បានអញ្ជើញចុះពិនិត្យ និងសាកសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋដែលមកទទួលសេវាសុខាភិបាល នៅមន្ទីរពេទ្យបង្អែកស្រុកក្រុចឆ្មារ ខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៥។
ក្នុងឱកាសចុះពិនិត្យនិងសាកសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋមកទទួលសេវាសុខាភិបាលនៅមន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មារ លោកបាននាំមកនូវការផ្តាំផ្ញើរសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្តេចមហាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា តែងតែយកចិត្តទុកដាក់លើសុខទុក្ខរបស់បងប្អូន ជាពិសេសគឺផ្នែកសុខភាពដោយធ្វើការបង្ខិត មន្ទីរពេទ្យឱ្យកាន់តែ កៀកខិតជិតនឹងប្រជាពលរដ្ឋ និងចំគោលដៅក្នុងការធ្វើឱ្យសម្រេចបាននូវគោលនយោបាយគ្រប់ដណ្តប់សុខាភាពជាសាកលដែលដាក់ចេញដោយរាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋ សភាដែលដឹកនាំដោយសម្តេចធិបតីនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត។
លោកក៏បានលើកទឹកចិត្តឱ្យក្រុមគ្រូពេទ្យបន្តខិតខំយកចិត្តទុកដាក់បន្ថែមទៀតក្នុងការជួយសម្រួលផ្តល់នៅសេវាសុខាភិបាលជូនដល់ប្អូនប្រជាពលរដ្ឋយើងឱ្យឆាប់រហ័ស និងទាន់ពេលវេលា ឱ្យស្របតាមពាក្យស្លោករបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា លើកឡើងថា គ្រូពេទ្យគឺជាទេវតាជួយសង្គ្រោះជីវិតមនុស្ស។
លោក វង សូត ព្រមទាំងតំណាងរាស្ត្រមណ្ឌលខេត្តត្បូងឃ្មុំ ក៏បានធ្វើការឧបត្ថម្ភដល់ប្រជាពលរដ្ឋដែលមកទទួលសេវាសុខាភិបាលចំនួន៥០នាក់ ម្នាក់ៗទទួលបានថវិកា ៥ម៉ឺនរៀល ក្រុមគ្រូពេទ្យចំនួន១៣២នាក់ ម្នាក់ៗទទួលបានថវិកា ៥ម៉ឺនរៀលផងដែរ៕