(កំពត)៖ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា (អគរ) បានសហការជាមួយក្រុមហ៊ុន ជីប ម៉ុង អ៊ិនស៊ី ស៊ីមេន ខបភើរេសិន នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បានរៀបចំពិធីកម្ទេចទំនិញល្មើសច្បាប់ និងទំនិញខូចគុណភាព ក្រោមអធិបតីភាពលោកបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា និងលោកអ្នកឧកញ៉ា លាង ឃុន សហស្ថាបនិក និងជាប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន ជីប ម៉ុង គ្រុប។
ពិធីនេះ ដោយមានការចូលរួមពី តំណាងក្រសួងស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដី អង្គទូត ដៃគូអភិវឌ្ឍន៍នានា អ្នកឧកញ៉ា លាង ពៅ នាយកប្រតិបត្តិក្រុមហ៊ុន ជីប ម៉ុង អ៊ិនស៊ី ស៊ីមេន តំណាងក្រុមហ៊ុននាំចូលបារី ម្ចាស់សិទ្ធិនាំចូលទំនិញមួយចំនួន មន្រ្តីគយនិងរដ្ឋាករ និងសាធារណជន នៅទីតាំងក្រុមហ៊ុន ជីប ម៉ុង អ៊ិនស៊ី ស៊ីមេន ខបភើរេសិន ស្ថិតក្នុងភូមិព្រៃតាព្រិច ឃុំស្តេចគង់ខាងលិច ស្រុកបន្ទាយមាស ខេត្តកំពត ក្នុងគោលបំណងធ្វើការកម្ទេចទំនិញល្មើសច្បាប់ និងទំនិញខូចគុណភាព ប្រកបដោយសុវត្ថិភាពនិងមិនប៉ះពាល់ដល់បរិស្ថាន។
អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា (អគរ) ជាអង្គភាពជំនាញស្ថិតក្រោមក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ហើយមានមុខងារស្នូលក្នុងការគ្រប់គ្រងលើទំនិញនាំចេញ-នាំចូល និងការប្រមូលពន្ធ និងអាករចូលថវិកាជាតិ។ បន្ថែមពីលើមុខងារចម្បងនេះ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ក៏មានតួនាទី និងភារកិច្ចសំខាន់ៗមួយចំនួនទៀតដូចជា ផ្តល់កិច្ចសម្រួលពាណិជ្ជកម្ម ទប់ស្កាត់និងបង្ក្រាបអំពើរត់គេចពន្ធ និងការការពារសង្គម។
នៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ អគរ បង្ក្រាបបានទំនិញល្មើសច្បាប់ស្តីពីគយ និងច្បាប់ផ្សេងទៀតជាច្រើនមុខ ក្នុងនោះមានទំនិញមួយចំនួន ត្រូវបានម្ចាស់សម្រេចប្រគល់ជូនរដ្ឋ មានសាលក្រមសម្រេចរឹបអូសជាទ្រព្យសម្បត្តិរដ្ឋ ឬត្រូវបានម្ចាស់បោះបង់ចោលពុំចូលខ្លួនមកដោះស្រាយ និងទំនិញផ្សេងទៀត ដែលរក្សាទុក ក្នុងទីតាំងសន្និធិគយបណ្តោះអាសន្ន ហួសរយៈពេលសំចតដែលបានកំណត់ រហូតដល់ទំនិញទាំងនោះ ត្រូវបានចាត់ចូលជាទំនិញគ្មានការទាមទារស្របតាមបទប្បញ្ញត្តិមានចែងក្នុងច្បាប់ស្តីពីគយ និងប្រកាសលេខ ១០៩ សហវ.ប្រក ចុះថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០០៨ របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ស្តីពីការគ្រប់គ្រងទំនិញគ្មានការទាមទារ។
បន្ថែមលើនេះ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ក៏បានយកចិត្តទុកដាក់ខ្ពស់ក្នុងការបង្ក្រាបទំនិញក្លែងក្លាយ ទំនិញរំលោភកម្មសិទ្ធិបញ្ញា និងរំលោភសិទ្ធិនាំចូលចែកចាយផ្តាច់មុខ ទំនិញមួយចំនួនផងដែរ។ ការបំផ្លាញ និងដុតចោលទំនិញល្មើសច្បាប់ ទំនិញខូចគុណភាព និងទំនិញហាមឃាត់នានា ដែល អគរ បង្ក្រាបបាន តែងតែធ្វើឡើងជាបន្តបន្ទាប់ ក្នុងទ្រង់ទ្រាយដាច់ដោយឡែកពីគ្នា ដូចជាការកិនបំផ្លាញកាប៊ីនរថយន្ត ការដុតបំផ្លាញសាច់និងគ្រឿងក្នុងសត្វខូចគុណភាព បំណែកសាច់ហាមឃាត់ (ដែលជាប់បម្រាម) និងការចូលរួមដុតបំផ្លាញគ្រឿងញៀនជាដើម។
ថ្លែងក្នុងពិធីនេះ លោកបណ្ឌិត គុណ ញឹម បានលើកឡើងថា ការរៀបចំពិធីកម្ទេចទំនិញល្មើសច្បាប់ និងទំនិញខូចគុណភាព គឺជាការអនុវត្តបន្តនូវលទ្ធផល នៃការទប់ស្កាត់និងបង្ក្រាបអំពើរត់គេចពន្ធ និងការការពារសង្គម។ ការដុតបំផ្លាញទំនិញល្មើសច្បាប់ ទំនិញខូចគុណភាព និងទំនិញគ្រោះថ្នាក់ ដែលគរពូនក្នុងបរិមាណច្រើន ហើយពិធីនេះត្រូវបានធ្វើឡើងជាលើកទីមួយក្នុងទ្រង់ទ្រាយធំបែបនេះ ដែលមិនធ្លាប់មានពីមុនមក។
អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានសហការយ៉ាងជិតស្និទ្ធជាមួយអគ្គនាយកដ្ឋាន ក.ប.ប នៃក្រសួងពាណិជ្ជកម្ម និងអគ្គនាយកដ្ឋានគ្រប់គ្រងសារធាតុគ្រោះថ្នាក់នៃក្រសួងបរិស្ថាន ដោយយកសំណាកទំនិញមួយចំនួនមកធ្វើការវិភាគ ដើម្បីកំណត់វិធីសាស្ត្រកម្ទេចបំផ្លាញ ជាពិសេសទំនិញជាប្រភេទសារធាតុគីមីគ្រោះថ្នាក់ និងបានជ្រើសយក ក្រុមហ៊ុន ជីប ម៉ុង អ៊ិនស៊ី ស៊ីមេន ខបភើរេសិន (ផ្នែកអេកូសាយខល) ដែលមានឡដុតបំពាក់នូវបច្ចេកវិទ្យាមេត្រីភាពបរិស្ថាន និងសុវត្ថិភាពខ្ពស់ក្នុងការកម្ទេចទំនិញខាងលើ ដើម្បីធានាថាមិនមានផលប៉ះពាល់ដល់សុខភាពមនុស្ស សត្វ និងបរិស្ថានជុំវិញ។
ក្នុងចំណោមទំនិញដែល អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ទទួលបានគោលការណ៍ឯកភាព ពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងការកម្ទេចចោលនាពេលនេះ មានចំនួន ១០៧ មុខ និងមានទម្ងន់ប្រមាណ ៥០៧ តោន រួមមានដូចខាងក្រោម៖
១៖ ទំនិញល្មើសកម្មសិទ្ធិបញ្ញា ទម្ងន់ ២ ៣១៥ គីឡូក្រាម ដែលត្រូវបានក្រុមហ៊ុនទទួលសិទ្ធិនាំចូលផ្តាច់មុខ បញ្ជាក់ថារំលោភសិទ្ធិនាំចូលរបស់ខ្លួន និងជាទំនិញក្លែងក្លាយ និងបានប្រគល់ជូន អគរ ធ្វើការកម្ទេចចោល។
២៖ ទំនិញល្មើសច្បាប់ ចំនួន៤៨មុខ ទម្ងន់ ១៥១ តោន រួមមានក្រដាសវេចខ្ចប់បារី កន្ទុយស្នោបារី និងបារីចម្រុះម៉ាកដែលពុំមានបិទតែមប្រិ៍ ពុំមានសារព្រមានសុខភាព និងពុំមានឯកសារនាំចូល និងប្រភពច្បាស់លាស់។ ហើយក្នុងនេះ ក៏មានបារីអេឡិចត្រូនិក ដែលជាប្រភេទទំនិញហាមឃាត់ ចំនួន ៣៥ ៩៤៣ ដើម និងបារីចំម្រុះម៉ាក ចំនួន ៥៨ ០៤១ ២០០ ដើមផងដែរ។
៣៖ ទំនិញខូចគុណភាព ចំនួន ៣៣ មុខ ទម្ងន់ ៩៣ តោន ជាប្រភេទគ្រឿងឧបភោគបរិភោគ និងសម្ភារៈប្រើប្រាស់ផ្សេងៗ ដែលត្រូវបានបង្ក្រាប និងភាគច្រើនជាទំនិញ ដែលត្រូវបានរក្សាទុកក្នុងសន្និធិគយបណ្តោះអាសន្នហួសរយៈពេលសំចតដែលបានក្លាយជាទំនិញខូចគុណភាព។
៤៖ សារធាតុគីមី និងសារធាតុគ្រោះថ្នាក់ ចំនួន ២៤ មុខ ទម្ងន់ ២៦១ តោន ។
សមិទ្ធផលនេះ កើតឡើងដោយការខិតខំប្រឹងប្រែង របស់មន្ត្រីគយនិងរដ្ឋាករ និងមន្ត្រីស្ថាប័នពាក់ព័ន្ធ ក្នុងការអនុវត្តការងារយ៉ាងសកម្មក្នុងការបង្ការបង្ក្រាបទំនិញខូចគុណភាព ទំនិញល្មើសកម្មសិទ្ធិបញ្ញាដែលជាការចូលរួមចំណែកក្នុងការការពារអ្នកប្រើប្រាស់ ប្រជាពលរដ្ឋ បរិស្ថាន និង សង្គមជាតិ។
លោកបណ្ឌិត គុណ ញឹម បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះកិច្ចសហការពីមន្តី្រគយនិងរដ្ឋាករ ក្រុមហ៊ុន ជីប ម៉ុង អ៊ិនស៊ី ស៊ីមេន ខបភើរេសិន និងការចូលរួមពី តំណាងក្រសួងស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដី អង្គទូត ដៃគូអភិវឌ្ឍន៍នានា និងសាធារណជន៕