(ម៉ាឡេស៊ី)៖ នៅថ្ងៃសុក្រ ទី២៨ ខែកុម្ភៈ ឆ្នាំ២០២៥ នៅរដ្ឋ Johor ប្រទេសម៉ាឡេស៊ី បណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានអញ្ជើញចូលរួមកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន (AEM Retreat) លើកទី ៣១ ក្រោមការដឹកនាំរបស់ម៉ាឡេស៊ីជាប្រធានអង្គប្រជុំ។

កិច្ចប្រជុំនេះ បានបង្ហាញពីការគាំទ្រចំពោះអាទិភាពសេដ្ឋកិច្ចរបស់អាស៊ាន ក្រោមការធ្វើជាប្រធានរបស់ម៉ាឡេស៊ីនៅឆ្នាំ២០២៥ ក្រោមមូលបទ «បរិយាប័្នន និងនិរន្តភាព»។ កិច្ចប្រជុំនេះ ក៏បានផ្លាស់ប្តូរទស្សនៈស្តីពីចក្ខុវិស័យសេដ្ឋកិច្ច របស់តំបន់ និងសកលលោកនាពេលបច្ចុប្បន្ន វឌ្ឍនភាពនៃការអនុវត្តផែនទីចង្អុលផ្លូវឆ្នាំ២០២៥របស់សហគមន៍សេដ្ឋកិច្ចអាស៊ាន ព្រមទាំង គំនិតផ្តួចផ្តើមសំខាន់ៗ ដើម្បីធ្វើសមាហរណកម្មសេដ្ឋកិច្ចអាស៊ានបន្ថែមទៀត រួមទាំង ការបន្តចរចាការតម្លើងកម្រិតកិច្ចព្រមព្រៀងទំនិញពាណិជ្ជកម្មអាស៊ាន កិច្ចព្រមព្រៀងក្របខណ្ឌសេដ្ឋកិច្ចឌីជីថលអាស៊ាន និងការចូលក្នុងកិច្ចព្រមព្រៀងសេដ្ឋកិច្ចអាស៊ានរបស់ទីម័រខាងកើតផងដែរ។

នៅមុនកិច្ចប្រជុំចង្អៀតនេះ ក៏មានសម័យប្រជុំជាមួយក្រុមប្រឹក្សាប្រឹក្សាយោបល់ធុរកិច្ចអាស៊ាន (ASEAN-BAC) វិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចសម្រាប់អាស៊ាន និងអាស៊ីបូព៌ា (ERIA) ព្រមទាំង ក្រុមហ៊ុន McKinsey ផងដែរ ដែលបានពិភាក្សាគ្នាអំពីសមាហរណកម្មសេដ្ឋកិច្ចអាស៊ាន ក៏ដូចជា បញ្ហាតំបន់ និងសកលលោកដែលកំពុងលេចឡើងថ្មីៗ។

តបតាមការអញ្ជើញរបស់លោក Tengku Zafrul Tengku Abdul Aziz ប្រធានកិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន សម្រាប់ឆ្នាំ២០២៥ និងជារដ្ឋមន្ត្រីវិនិយោគ ពាណិជ្ជកម្ម និងឧស្សាហកម្មម៉ាឡេស៊ី បណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានដឹកនាំគណៈប្រតិភូអាស៊ាន ចូលរួមក្នុងកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន (AEM Retreat) លើកទី ៣១ នៅរដ្ឋ Johor ប្រទេសម៉ាឡេស៊ី ហើយនៅរសៀលថ្ងៃព្រហស្បតិ៍ ត្រូវនឹងថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ២០២៥ នៅរដ្ឋ Johor ប្រទេសម៉ាឡេស៊ី បណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានជួបពិភាក្សាការងារជាមួយលោក Filipus Nino Pereira រដ្ឋមន្ត្រីពាណិជ្ជកម្ម និងឧស្សាហកម្មទីម័រខាងកើត។ នៅក្នុងឱកាសនោះ ភាគីទាំងពីរបានពិភាក្សាអំពីដំណើរការចូលជាសមាជិកអាស៊ានរបស់ទីម័រខាងកើត ជាពិសេស នៅក្រោមសសរស្តម្ភនៃសហគមន៍សេដ្ឋកិច្ចអាស៊ាន។

នៅរសៀលថ្ងៃព្រហស្បតិ៍ អគ្គលេខាធិការអាស៊ាន បានជួបពិភាក្សាការងារជាមួយលោក Tengku Zafrul Tengku Abdul Aziz ជារដ្ឋមន្ត្រីវិនិយោគ ពាណិជ្ជកម្ម និងឧស្សាហកម្មម៉ាឡេស៊ី និងជាប្រធានកិច្ចប្រជុំរដ្ឋមន្ត្រី សេដ្ឋកិច្ចអាស៊ាន សម្រាប់ឆ្នាំ២០២៥។

នៅក្នុងឱកាសនោះ ភាគីទាំងពីរបានពិភក្សាអំពីការងារ និងអាទិភាពនៅក្រោមការធ្វើជាប្រធានអាស៊ានរបស់ម៉ាឡេស៊ី រួមទាំង ការពិនិត្យមើលឡើងវិញនូវកិច្ចព្រមព្រៀងពាណិជ្ជកម្មទំនិញអាស៊ាន-ឥណ្ឌាដែលកំពុងបន្ត ផែនការយុទ្ធសាស្ត្ររបស់សហគមន៍សេដ្ឋកិច្ចអាស៊ានឆ្នាំ២០២៦-២០៣០ ព្រមទាំង ការចូលក្នុងកិច្ចព្រមព្រៀងសេដ្ឋកិច្ចអាស៊ានរបស់ទីម័រខាងកើត ជាដើម។

បណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានជួបពិភាក្សាការងារជាមួយលោកសាស្ត្រាចារ្យ Tetsuya Watanabe ប្រធានវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចសម្រាប់អាស៊ាន និងអាស៊ីបូព៌ា (ERIA) ។ នៅក្នុងឱកាសនោះ ភាគីទាំងពីរបានពិភាក្សាជុំវិញការគាំទ្ររបស់ ERIA ចំពោះអាស៊ាន ព្រមទាំង ការត្រៀមរៀបចំសម្រាប់កិច្ចប្រជុំក្រុមប្រឹក្សាភិបាល ERIA ដែលគ្រោងធ្វើនៅខែមិថុនា ខាងមុខ។

នៅរសៀលថ្ងៃព្រហស្បតិ៍ អគ្គលេខាធិការអាស៊ាន បានជួបពិភាក្សាការងារជាមួយលោក Tan Sri Nazir Razak ប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន (ASEAN-BAC) ឆ្នាំ២០២៥។ នៅក្នុងឱកាសនោះ ភាគីទាំងពីរបានពិភាក្សាជុំវិញការគាំទ្ររបស់ ASEAN-BAC ចំពោះសមាហរណកម្មសេដ្ឋកិច្ចអាស៊ាន តាមរយៈគម្រោង អាទិភាព និងគំនិតផ្តួចផ្តើមនានា នៅក្រោមការដឹកនាំជាប្រធាន ASEAN-BAC របស់ម៉ាឡេស៊ី នៅឆ្នាំ២០២៥នេះ៕