(ភ្នំពេញ)៖ យ៉ាងហោចណាស់មានរុក្ខជាតិកម្រប្រមាណជាង ២០០ប្រភេទ ត្រូវបានមន្ទីរពិសោធន៍រុក្ខជាតិ (Mystique Tropicals) នៃព្រះរាជបណ្ណាល័យហ្លួងម៉ែ នាំយកមកដាក់តាំងបង្ហាញនៅកម្មវិធីពិព័រណ៍រុក្ខជាតិ និងសួនច្បារភ្នំពេញ ដែលរៀបចំធ្វើនៅមជ្ឈមណ្ឌលបៃតង Connecxion កោះពេជ្រ រយៈពេល៣ថ្ងៃ គឺនៅថ្ងៃទី២៨ ខែកុម្ភៈ និងថ្ងៃទី១ និងទី២ ខែមីនា ឆ្នាំ២០២៥។

ពិព័រណ៍រុក្ខជាតិនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងផ្សាភ្ជាប់អ្នកចូលចិត្តធម្មជាតិ និងប្រជាជនខ្មែរឱ្យកាន់តែមានភាពស្និទ្ធស្នាលជាមួយរុក្ខជាតិ និងធម្មជាតិប្រទេសកម្ពុជា។ ការតាំងពិព័រណ៍រុក្ខជាតិនេះ មានការចូលរួមពីម្ចាស់សួនរុក្ខជាតិមកពីរាជធានីភ្នំពេញ ក្រុមហ៊ុន អង្គការ និងស្ថានប័នផ្សេងៗ។ ការតាំងពិព័រណ៍រុក្ខជាតិនេះ មិនត្រឹមតែបង្ហាញពីប្រភេទពូជរុក្ខជាតិដែលដុះលូតលាស់ក្នុងប្រទេសកម្ពុជា និងក្រៅប្រទេសតែប៉ុណ្ណោះទេ ប៉ុន្តែក៏បានបង្ហាញពីបច្ចេកទេសនៃការដាំដុះ និងការថែទាំរុក្ខជាតិទាំងនេះទៀតផង។

នៅក្នុងចំណោមរុក្ខជាតិកម្រជាង២០០ភេទ ដែលមន្ទីរពិសោធន៍រុក្ខជាតិ (Mystique Tropicals) ព្រះរាជបណ្ណាល័យហ្លួងម៉ែ យកទៅដាក់តាំងបង្ហាញ គឺមានរុក្ខជាតិមួយប្រភេទមានឈ្មោះជាភាសាបច្ចេកទេសថា Botanical Garden Zhuidas មានប្រភពដើមមកពីប្រទេសប៉ាណាម៉ា។ រុក្ខជាតិនេះត្រូវបានយកមកបង្កាត់ពូជដោយសួនពិសោធន៍រុក្ខជាតិនៃសាកលវិទ្យាល័យ វីជេ (Vrije) នៅទីក្រុងអាំស្តែដាំ ប្រទេសហូឡង់ ក្នុងគោលបំណងអប់រំ និងស្រាវជា្រវសម្រាប់មហាវិទ្យាល័យជីវវិទ្យា តាំងពីឆ្នាំ១៩៦៧ មកម្ល៉េះ។

លោក ជ័យ វីរ និងកញ្ញា អាង សុខហេង គឺជាអ្នកបង្កើត និងគ្រប់គ្រងមន្ទីរពិសោធន៍រុក្ខជាតិ (Mystique Tropicals) ព្រះរាជបណ្ណាល័យហ្លួងម៉ែ រៀបរាប់ថា៖ យើងបាននាំយករុក្ខជាតិប្រភេទកម្រនេះមកប្រទេសកម្ពុជា ព្រោះវាអាចជួយបន្សុទ្ធខ្យល់កខ្វក់ ជួយការពារបរិស្ថាន និងកាត់កន្ថយកម្តៅ ខណៈពេលដែលមានការប្រែប្រួលអាកាសធាតុ និងការកើនឡើងកម្តៅជារៀងរាល់ឆ្នាំ។

លោក ជ័យ វីរ បានបន្ថែមថា យើងក៏ចង់បញ្រ្ជាបការយល់ដឹងអំពីរុក្ខជាតិទាំងអស់នេះដល់ក្មេងៗជំនាន់ក្រោយ ដើម្បីឱ្យក្មេងៗជំនាន់ក្រោយទាំងនេះស្រឡាញ់ធម្មជាតិ និងការពាររុក្ខជាតិកម្រដែលមាននៅក្នុងប្រទេសកម្ពុជារបស់យើង៕