(ភ្នំពេញ)៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានលើកទឹកចិត្តសមាគមមិត្តភាពអ្នកសារព័ត៌មានអាស៊ាន ឱ្យបន្តពង្រឹង និងតម្កល់ក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មានជាធំ និងត្រូវសហការជាមួយអាជ្ញាធរពាក់ព័ន្ធនានានាក្នុងពេលចុះបំពេញបេសកកម្មនានា។
ការលើកទឹកចិត្តបែបនេះរបស់លោករដ្ឋមន្ត្រីក្រសួងព័ត៌មាន បានធ្វើឡើងនៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៥នេះ ក្នុងឱកាសលោកបានអនុញ្ញាតឱ្យលោក សេង រាជសី ប្រធានសមាគមមិត្តភាពអ្នកសារព័ត៌មានអាស៊ាន (ASEAN FRIENSHIP OF PRESS ASSOCIATION) និងសហការី ចូលជួបសម្តែងការគួរសម និងទទួលនូវអនុសាសន៍ណែនាំ និងទិសដៅអនុវត្តការងាររបស់សមាគម នាព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៥ នៅទីស្តីការក្រសួង រាជធានីភ្នំពេញ។
ការជួបពិភាក្សាការងារជាមួយសមាគមមិត្តភាពអ្នកសារព័ត៌មានអាស៊ាន គឺក្នុងគោលបំណងស្វែងយល់ពីគ្នាទៅវិញទៅមក និងចង់ដឹងពីតម្រូវការ ឬសំណូមពររបស់សមាគមសារព័ត៌មាន ដើម្បីចូលរួមអភិវឌ្ឍន៍វិស័យសារព័ត៌មាននៅកម្ពុជាឱ្យមានការរីកចម្រើនទៅមុខទៀត។
ជាមួយគ្នានេះដែរ លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានបន្តថា ការពង្រឹងសមត្ថភាពអ្នកព័ត៌មាននេះ ក៏ព្រោះវិស័យសារព័ត៌មាន ជាវិស័យអាទិភាព ដែលដើរតួនាទីសំខាន់ ជាអ្ននាំសារ ជាអ្នកចែករំលែកចំណេះដឹងរបស់ប្រជាពលរដ្ឋ និងពិភពលោក។
លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា ក៏បានជំរុញឱ្យអ្នកសារព័ត៌មានទាំងអស់ ត្រូវចូលរួមផ្សព្វផ្សាយនូវព័ត៌មានពិត និងមានប្រភពច្បាស់លាស់ ចៀសវាងចំពោះការផ្សាយព័ត៌មានទាំងឡាយណា ដែលមិនច្បាស់លាស់ ដែលនាំឱ្យបង្កើតជាការយល់ច្រឡំ និងនាំឱ្យបង្កជាចលាចលសង្គម។ បច្ចុប្បន្ននេះ អ្នកសារព័ត៌មានកាន់តែច្រើនឡើងបានយល់ដឹងពីធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានដែលជាមូលដ្ឋានគ្រឹះនៃក្រមសីលធម៌វិជ្ជាជីវៈ ដូច្នេះការពង្រឹងក្រមសីលធម៌វិជ្ជាជីវៈរបស់បងប្អូនអ្នកសារព័ត៌មាន ជាការបង្កើតអាវក្រោះការពារខ្លួន និងជាការលើកតម្កើងតម្លៃវិជ្ជាជីវៈអ្នកសារព័ត៌មានកម្ពុជា។
លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានកោតសរសើរដល់សមាគមអ្នកសារព័ត៌មាន ដែលបានចូលរួមយ៉ាងសកម្មក្នុងការផ្សព្វផ្សាយអំពីរឿងរ៉ាវពិតទាំងឡាយ ដែលបានកើតឡើងនៅក្នុងប្រទេសកម្ពុជា ប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ ហើយតាមរយៈតួនាទីរបស់ប្រពន្ធ័ផ្សព្វផ្សាយនេះហើយបាននាំយកនូវរឿងរ៉ាវពិតប្រាកដនៅមូលដ្ឋាន ដើម្បីឱ្យអាជ្ញាធរមានសមត្ថកិច្ច ធ្វើការដោះស្រាយបានទាន់ពេលវេលា ដល់ប្រជាពលរដ្ឋខ្មែរកំពុងរស់ និងធ្វើការនៅក្រៅប្រទេស។
រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានបញ្ជាក់ថា កម្រិតនៃចំណះដឹង និងធនធានមនុស្សកម្ពុជាមានការរីកចម្រើន ដូច្នេះប្រព័ន្ធផ្សព្វផ្សាយទាំងអស់ចាំបាច់ត្រូវពង្រឹងការផលិតព័ត៌មានប្រកប ដោយគុណភាព ដើម្បីបម្រើឱ្យអ្នកអានរបស់ខ្លួនក្នុងការចូលរួមពង្រឹងគុណភាពធនធានមនុស្សរបស់កម្ពុជា តាមរយៈការផ្តល់ព័ត៌មានពិត រហ័ស និងមានគុណភាព។ បើអ្នកសារព័ត៌មានមិនពង្រឹងសមត្ថភាពនោះទេ គឺគុណភាពទាំងអស់នោះវានឹងបាត់បង់ទៅដោយខ្លួនឯង ព្រោះប្រជាពលរដ្ឋមានចំណេះដឹងច្រើន ដូច្នេះគាត់នឹងមិនយកវេលារបស់ទៅអានអត្ថបទដែលគ្មានន័យខ្លឹមសារនោះទេ ឬក៏ព័ត៌មានដែលមិនមានខ្លឹមសារផ្តល់ជាចំណេះដឹងអ្វីនោះទេ ។ ម្យ៉ាងវិញទៀត អត្ថបទខ្លឹមសារព័ត៌មាននោះ វាត្រូវតែឆ្លើយតបទៅនឹងប្រទេសមានភាពរីកចម្រើន៕