(សៀមរាប)៖ នារសៀល ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៥ លោក ប្រាក់ សោភ័ណ អភិបាល នៃអគណៈអភិបាលខេត្តសៀមរាប បានទទួលជួបសម្ដែងការគួរសមជាមួយ លោក UENO Atsushi ឯកអគ្គរាជទូតជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា។

ក្នុងជំនួបនាឱកាសនេះ លោក ឯកអគ្គរាជទូតជប៉ុន បានលើកឡើងពីទំនាក់ទំនងកិច្ចសហប្រតិបត្តិការ និងគម្រោងជាច្រើនដែលរាជរដ្ឋាភិបាលជប៉ុនបានជួយមកកាន់ព្រះរាជាណាចក្រកម្ពុជា ជាពិសេសជួយគាំទ្រដល់ជីវភាពរស់នៅ និងការអភិវឌ្ឍក្នុងខេត្តសៀមរាប។ ជាមួយគ្នានោះ លោក ឯកអគ្គរាជទូត បានស្នើដល់ថ្នាក់ដឹកនាំខេត្ត ជួយបន្តគាំទ្រដល់ទំនាក់ទំនង និងពង្រឹងកិច្ចសហការរួមគ្នា ដើម្បីការអភិវឌ្ឍជាបន្តបន្ទាប់ទៀត។

ជាការឆ្លើយតប ក្នុងនាមរដ្ឋបាលខេត្ត​សៀមរាប លោកអភិបាលខេត្ត​ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់រាជរដ្ឋាភិបាលជប៉ុន ដែលតែងតែយកចិត្តទុកដាក់ក្នុងការជួយគាំទ្រដល់ប្រទេសកម្ពុជា និងខេត្តសៀមរាបរហូតមកដែលសកម្មភាពទាំងអស់នោះ ពិតជាបានរួមចំណែកដ៏ធំក្នុងការអភិវឌ្ឍទាំងផ្នែកសេដ្ឋកិច្ច និងសង្គមកិច្ច។​ ស្របគ្នានេះ​ លោក​ បានបង្ហាញពីឆន្ទៈមុតមាំ ក្នុងការផ្ដល់នូវកិច្ចសហការសម្របសម្រួលលើសំណើបន្ទាន់ចាំបាច់ណាមួយ ដែលភាគីជប៉ុន ស្នើមកកាន់រដ្ឋបាលខេត្ត៕