(ភ្នំពេញ)៖ អ្នកនាំពាក្យអគ្គបញ្ជាការដ្ឋាន នៃកងយោធពលខេមរភូមិន្ទ បានអះអាងថា ករណីនាយទាហានឈ្មោះ ម៉ី តារា នេះ គឺជារឿងចាស់ទេ ប៉ុន្តែសម រង្ស៉ី បានយកមកបង្ហោះជាថ្មី ដើម្បីបំភាន់មតិសាធារណជន។
ឧត្តមសេនីយ៍ទោ ថោង សូលីម៉ូ អ្នកនាំពាក្យអគ្គបញ្ជាការដ្ឋាន នៃកងយោធពលខេមរភូមិន្ទ បានឲ្យដឹងថា ករណីធ្លាប់បានបកស្រាយតាមបណ្ដាញសង្គមម្ដងរួចមកហើយ ក្នុងខ្លឹមសារដូចខាងក្រោម៖
បុគ្គលឈ្មោះ មុី ដារ៉ា បានបន្លំស្លៀកពាក់ឯកសណ្ឋានជាកងទ័ព ធ្វើឱ្យប៉ះពាល់ដល់សន្តិសុខជាតិ និងសេចក្តីថ្លៃថ្នូររបស់កងយោធពលខេមរភូមិន្ទ គឺជាអំពើល្មើសច្បាប់ដ៏ធ្ងន់ធ្ងរបំផុត មិនអាចលើកលែងឱ្យបាន។ កន្លងមកបុគ្គលរូបនេះបានអំពាវនាវឱ្យយុវជនទៅចូលរួមធ្វើបាតុកម្មប្រឆាំងនឹងរាជរដ្ឋាភិបាលស្របច្បាប់ថែមទៀតផង។
យោធភូមិភាគទី៥ បានបញ្ជាក់បុគ្គលរូបនេះបានប្រព្រឹត្តបទល្មើសឆបោក, អនុវត្តខុសនឹងបទវិន័យទូទៅកងយោធពលខេមរភូមិន្ទជាច្រើនលើក ព្រមទាំងបានបោះបង់អង្គភាពហើយបានរត់គេចខ្លួនពីការអនុវត្តច្បាប់ ទៅជ្រកកោណនៅប្រទេសអូស្រ្តាលី ថែមទាំងបានចូលរួមជាមួយក្រុមឧទ្ទាមក្រៅច្បាប់ វាយប្រហារជាបន្តបន្ទាប់មកលើកងយោធពលខេមរភូមិន្ទ និងរាជរដ្ឋាភិបាលកម្ពុជា។
ក្នុងនាមអ្នកនាំពាក្យអគ្គបញ្ជាការ លោកបានអំពាវនាវឱ្យយុវជន និងប្រជាពលរដ្ឋទាំងអស់ កុំជឿតាមការឃោសនាអូសទាញ និងញុះញង់របស់ក្រុមជ្រុលនិយមមួយក្តាប់តូច ដែលនៅក្រៅប្រទេស រហូតចូលរួមក្នុងចលនាខុសច្បាប់ណាមួយដែលធ្វើឱ្យប៉ះពាល់ដល់សន្តិសុខ ស្ថិរភាព និងភាពសុខសាន្តរបស់ប្រជាពលរដ្ឋ ព្រោះនេះជាបទល្មើសព្រហ្មទណ្ឌ៕