(អាហ្វ្រិកខាងត្បូង)៖ បណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកធនាគារ ARDB នៅថ្ងៃទី២៨ ខែកុម្ភ: ឆ្នាំ២០២៥ ​បានអញ្ជើញឱ្យធ្វើជាវាគ្មិនពិភាក្សាលើប្រធានបទ​ស្តីពី «ប្រព័ន្ធស្បៀងអាហារប្រកប​ដោយ​ចីរភាព, បញ្ហាប្រឈមជាសកល៖ តួនាទីជាចលករ​របស់ធនាគារអភិវឌ្ឍន៍សាធារណៈជាតិ (Sustainable Food Systems, Global Challenges: The Catalytic Role of National Public Development Banks)»»។

កិច្ចពិភាក្សានេះមានបទអន្តរាគមដោយលោក Alvaro Lario ប្រធានអង្គការមូលនិធិអន្តជាតិ សម្រាប់ការអភិវឌ្ឍកសិកម្ម (IFAD) និងមានវាគ្មិនចូលរួមមាន នាយកគ្រប់គ្រងហិរញ្ញវត្ថុ និងការវិនិយោគនៃគណៈកម្មការអឺរ៉ុប, ប្រធានធនាគារអភិវឌ្ឍន៍កសិកម្មនៃប្រទេសម៉ាលី, ប្រធានធនាគារ Land Bank នៃអាហ្រ្វិកខាងត្បូង, នាយកប្រតិបត្តិនៃបណ្តាញអង្គការ សម្រាប់ការអភិវឌ្ឍជាអន្តរជាតិ របស់ចក្រភពអង់គ្លេស, បេសកជនពិសេសរបស់បារាំងស្តីពីអាហារូបត្ថម្ភ និងជាអគ្គលេខាធិការនៃកិច្ចប្រជុំកំពូល អាហារូបត្ថម្ភសម្រាប់ការលូតលាស់, នាយកប្រតិបត្តិនៃមូលនិធិវិនិយោគអន្តរជាតិ របស់ចក្រភពអង់គ្លេស និងអគ្គលេខាធិការនៃសមាគមគ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍អាស៊ី-ប៉ាស៊ីហ្វិក​ និងនាយកប្រតិបត្តិនៃមូលនិធិនៃ OPEC Fund។

បណ្ឌិត កៅ ថាច បានណែនាអំពីធនាគារ ARDB ដែលជាធនាគារគោលនយោបាយ របស់រាជរដ្ឋាភិបាលកម្ពុជា​ និងកិច្ចខិតខំរបស់រាជរដ្ឋាភិបាល ក្នុងការដាក់ចេញនូវយុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១ ដើម្បីកំណើនសេដ្ឋកិច្ច បង្កើតការងារ ធានាសមធម៌ បង្កើនប្រសិទ្ធភាព និងរក្សាចីរភាព។ មួយវិញទៀត វិស័យកសិកម្ម និងប្រព័ន្ធស្បៀងអាហារ គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់ សម្រាប់លុបបំបាត់គ្រោះអត់ឃ្លាន កាត់បន្ថយភាពក្រីក្រ និងការអិវឌ្ឍប្រកបដោយចីរភាព ដោយធនាថានឹងពុំមាននរណាម្នាក់ ត្រូវបានទុកចោលនោះឡើយ។

បន្ថែមពីលើនេះ ធនាគារ ARDB ក្នុងនាជាធនាគារគោលនយោបាយ របស់រាជរដ្ឋាភិបាលកម្ពុជា​ បាននិងកំពុងផ្តល់ហិរញ្ញប្បទាន ប្រកបដោយចីរភាព​ដល់តួអង្គក្នុងខ្សែច្រវាក់ស្បៀងអាហារ​ ចាប់ពីកសិករខ្នាតតូច (ដាំដុះនិងផលិត)​, សគ្រាសការកែច្នៃនិងវេចខ្ចប់ ក្នុងគោលដៅធានាសន្តិសុខស្បៀងអាហារ និងអាហារូបត្ថម្ភសម្រាប់សុខភាព។​​

ការផ្តល់ហិរញ្ញប្បទានប្រកបដោយចីរភាព គឺផ្តោតលើលក្ខណៈវិនិច្ឆ័យ​កាត់បន្ថយផលប់ះពាល់បរិស្ថាន និរន្តភាពសង្គម-សេដ្ឋកិច្ច និងអភិបាលកិច្ចល្អ ដោយអនុលោមគោលការណ៍ស្តីពី​ហិរញ្ញវត្ថុ​ប្រកបដោយ​ចីរភាព​កម្ពុជា។

លោកបណ្ឌិត បានរំលេចផងដែរថា ការកសាងប្រព័ន្ធស្បៀងអាហារប្រកបដោយចីរភាព កំពុងប្រឈមមុខនឹងឧបសគ្គជាច្រើន ដោយសារតែការអាក់ខាននៃខ្សែសង្វាក់ផ្គត់ផ្គង់ ដែលបណ្ដាលមកពីគ្រោះធម្មជាតិ គ្រោះរាំងស្ងួត ទឹកជំនន់ ផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ ជំងឺរាតត្បាត ជាដើម។​

ឆ្លើយតបនឹងបញ្ហានេះ ធនាគារ​ ARDB បាននឹងកំពុងផ្តល់ឥណទានបៃតង ​គាំទ្រដល់ប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យ, ឡជីវឧស្ម័ន, ប្រព័ន្ធអាក្វាផូនិក និងការអនុវត្តកសិកម្ម ដែលមានលក្ខណៈកាត់បន្ថយផលប៉ះពាល់ ឬបន្សាំទៅនឹងការប្រែប្រួសអាកាសធាតុ ជាដើម។

គម្រោងហិរញ្ញប្បទានអាកាសធាតុកម្ពុជា (Cambodia Climate Finance Facility​ -​ CCFF) ដែលជាគម្រាងគាំទ្រដោយមូលនិធិអាកាសធាតុបៃតង (Green Climate Fund-GCF) ក្នុងគោលបំណងឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ រួមចំណែកគាំទ្រដល់គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព និងការអភិវឌ្ឍសេដ្ឋកិច្ចជាតិដែលបញ្ចេញ​​កាបូនតិច ហើយដែលធន់នឹងអាកាសធាតុ៕