(ភ្នំពេញ)៖ កម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឃាត់ខ្លួនបុរសលក់ស៊ីមកាតម្នាក់ ដោយមិនទទួលយកឯកសារសម្គាល់អត្តសញ្ញាណរបស់អ្នកទិញ ដែលបង្កឱកាសឲ្យយកទៅធ្វើសកម្មភាព ខលទៅឆបោកអ្នកដទៃ (ដូចជាការសម្តែងមានបងប្អូនមិត្តភក្តិ គ្រោះថ្នាក់ចរាចរណ៍ និងខលសម្តែងត្រូវរង្វាន់ផ្សេងៗផងដែរ)។

ប្រតិបត្តិការនេះធ្វើឡើង ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងមានការសម្របសម្រួលនីតិវិធី ពីលោក សេង ហៀង ព្រះរាជអាជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញ ។

លោកឧត្តមសេនីយ៍ទោ ប៊ុន សុសិក្ខា ស្នងការរងទទួលផែនការងារសន្តិសុខ កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥ បានដឹកនាំសមត្ថកិច្ចជំនាញការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយកម្លាំងនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានចុះឃាត់ខ្លួនអ្នកលក់ស៊ីមកាត ពាក់ព័ន្ធករណីលក់ស៊ីមកាតទូរស័ព្ទទៅឲ្យអ្នកប្រើប្រាស់ (អតិថិជន) ដោយមិនយកអត្តសញ្ញាណប័ណ្ណ និងប្រើប្រាស់អត្តសញ្ញាណប័ណ្ណអ្នកដទៃ ដើម្បីចុះឈ្មោះប្រើប្រាស់ប្រព័ន្ធស៊ីមកាតទូរស័ព្ទ ទុកលក់ទៅឲ្យអតិថិជនបន្តដែលគ្មានអត្តសញ្ញាណប័ណ្ណ ដោយអតិថិជននោះបានប្រើប្រាស់ស៊ីមកាត ដែលទិញពីជនសង្ស័យខាងលើ យកទៅធ្វើសកម្មភាពខលទៅឆបោកអ្នកដទៃ (ដូចជាការសម្តែងមានបងប្អូនមិត្តភក្តិ គ្រោះថ្នាក់ចរាចរណ៍ និងខលសម្តែងត្រូវរង្វាន់ផ្សេងៗផងដែរ)។

ជនសង្ស័យឈ្មោះ ឈ្នាង សុវ័ន ស្នាក់នៅផ្ទះលេខ៦១អា ផ្លូវទួលពង្រ ភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ត្រូវបានបញ្ជូនខ្លួនមកកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីធ្វើការសាកសួរបន្ត ដើម្បីចាត់ការតាមនីតិវិធី។

ជាមួយគ្នានេះ សមត្ថកិច្ចស្នើសុំដល់អាជីវករប្រកបមុខរបរលក់ស៊ីមកាត រាល់ការលក់ដូរស៊ីមកាតត្រូវមានឯកសារ និងធ្វើការ ចុះឈ្មោះ ឲ្យបានត្រឹមត្រូវ ដើម្បីជៀសវាងចូលរួមចំណែកប្រព្រឹត្តអំពើខុសច្បាប់ ឬឃុបឃិតជាមួយជនទុច្ចរិតដោយប្រយោល៕