(ភ្នំពេញ)៖ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជសារ ក្នុងឱកាសនៃទិវាវប្បធម៌ជាតិ ថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៥។
តាមរយៈព្រះរាជសារ ព្រះករុណា ព្រះមហាក្សត្រ បានព្រះរាជបន្ទូលថា រាជរដ្ឋាភិបាលកម្ពុជា ស្របតាមទិសស្លោក «កម្ពុជា: ព្រះរាជាណាចក្រនៃវប្បធម៌» បានកំណត់យកថ្ងៃទី៣ ខែមីនា ជារៀងរាល់ឆ្នាំសម្រាប់ប្រារព្ធ ទិវាវប្បធម៌ជាតិ នៃព្រះរាជាណាចក្រកម្ពុជា ក្រោមប្រធានបទ «យុវជនដើម្បីវប្បធម៌ជាតិ» ។
ព្រះមហាក្សត្របានចាត់ទុកទិវាដ៏សំខាន់នេះ គឺមានសារៈសំខាន់ ក្នុងការបង្កើនការយល់ ដឹងអំពីគុណតម្លៃដ៏មហាសាលនៃសម្បត្តិវប្បធម៌ដ៏សម្បូរបែប បានបន្សល់ទុកពីបុព្វបុរស ដែលជាគ្រឹះដ៏រឹងមាំ សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ប្រកបដោយចីរភាព។
ជាពិសេសទិវានេះ បានលើកកម្ពស់មនសិការស្នេហាជាតិ ប្រកបដោយសីលធម៌ សមធម៌ និងបរិយាបន្ន និងបានបំផុសឱ្យប្រជាពលរដ្ឋ ជាពិសេសបង្ហាញពី គុណវុឌ្ឍ និងតួនាទីស្នូលដ៏សំខាន់របស់យុវជន ដែលជាកម្លាំងចលករក្នុងការអភិរក្ស ថែរក្សា ការពារ លើកស្ទួយ និងអភិវឌ្ឍមរតកវប្បធម៌ ទំនៀមទម្លាប់ ប្រពៃណី ដែលជាអត្តសញ្ញាណ និងដួងព្រលឹងជាតិ រួមទាំងវប្បធម៌ចម្រុះ របស់សហគមន៍ជនជាតិដើមភាគតិច ឱ្យបានស្ថិតស្ថេរគង់វង្សជារៀងរហូត។
ឆ្លៀតក្នុងឱកាសនេះ ព្រះករុណា ព្រះមហាក្សត្រ សូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ ប្រសិទ្ធពរបវរសួស្តី ថ្វាយ-ប្រគេន សូមសម្តេចព្រះមហាសង្ឃរាជទាំងពីរគណៈ ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់ និងជូនសម្តេច ព្រះអង្គម្ចាស់ ព្រះអង្គម្ចាស់ក្សត្រិយ៍ អ្នកអង្គម្ចាស់ អ្នកអង្គម្ចាស់ក្សត្រិយ៍ អ្នកម្នាង ព្រះរាជវង្សានុវង្ស ឯកឧត្តម លោកជំទាវ លោក លោកស្រី លោកតា លោកយាយ មាមីង បងប្អូនជនរួមជាតិទាំងអស់ សូមប្រកបតែនឹងព្រះពុទ្ធពរគ្រប់ប្រការ៕