(កណ្ដាល)៖ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ដ្រី សមាជិកគណៈអចិន្ដ្រៃយ៍គណបក្សប្រជាជនកម្ពុជា ប្រធានគណៈអចិន្ដ្រៃយ៍ក្រុមការងារ គណបក្សចុះមូលដ្ឋានខេត្តកណ្ដាល និងជាប្រធានគណៈអចិន្ដ្រៃយ៍ក្រុមការងារគណបក្ស ចុះមូលដ្ឋានក្រុងអរិយក្សត្រ, ស្រុកខ្សាច់កណ្ដាល, ស្រុកល្វាឯម, ស្រុកកៀនស្វាយ, ស្រុកមុខកំពូល និងស្រុកពញាឮ នៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៥នេះ បានអញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ស្រុកកៀនស្វាយ ស្ថិតក្នុងភូមិស្ដៅកន្លែង៥ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្ដាល។
ពិធីសម្ពោធនេះ មានការចូលរួមពីលោកបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី សមាជិកគណៈកម្មាធិការកណ្តាលនៃគណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានអចិន្ដ្រៃយ៍ ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកកៀនស្វាយ, លោកបណ្ឌិតសភាចារ្យ ជូ វិជិត្ត សមាជិកគណៈកម្មាធិការកណ្ដាលនៃគណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានអចិន្ត្រៃយ៍ នៃក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកពញាឮ, លោក គួច ចំរើន សមាជិកគណៈកម្មាធិការកណ្តាលនៃគណបក្សប្រជាជនកម្ពុជា ប្រធានគណៈកម្មាធិការគណបក្សខេត្តកណ្ដាល និងជាអនុប្រធានប្រចាំការនៃក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកណ្ដាល។
ក្នុងនោះ ក៏មានការចូលរួមពី លោក-លោកស្រី អនុប្រធាន-សមាជិកនៃគណបក្សខេត្តកណ្ដាល, អនុប្រធានក្រុមការងារគណបក្ស ចុះមូលដ្ឋានក្រុងអរិយក្សត្រ ស្រុកល្វាឯម ស្រុកខ្សាច់កណ្ដាល ស្រុកកៀនស្វាយ ស្រុកមុខកំពូល និងស្រុកពញាឮ, ប្រធានគណៈកម្មាធិការគណបក្សក្រុង-ស្រុកទាំង ១៣ នៃខេត្តកណ្ដាល និងប្រធាន-អនុប្រធាន-សមាជិក ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកកៀនស្វាយ ព្រមទាំងលោក-លោកស្រី សមាជិក-សមាជិកាគណៈកម្មាធិការគណបក្សឃុំទាំង៨ ក្នុងស្រុកកៀនស្វាយ សរុបប្រមាណ ៦០០នាក់។
ថ្លែងក្នុងសុន្ទរកថាស្វាគមន៍ លោក គួច ចំរើន បានលើកឡើងអំពីសភាពការណ៍ទូទៅ និងសមិទ្ធ-ផលសំខាន់ៗ គួរជាទីមោទនៈ លើការងារពង្រឹងគណបក្ស និងការអភិវឌ្ឍវិស័យសេដ្ឋកិច្ច និងសង្គម នៅទូទាំងខេត្តកណ្ដាលទាំងមូលជារួម។
ដោយឡែក លោកបណ្ឌិត គុណ ញឹម រដ្ឋមន្ដ្រីប្រតិភូអមនាយករដ្ឋមន្ដ្រី បានរាយការណ៍អំពីសមិទ្ធផលជាច្រើន ដែលក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកកៀនស្វាយ បានសហការជាមួយគណបក្សស្រុក និងឃុំទាំង ៨ ក្នុងការចុះពង្រឹងនិងអភិវឌ្ឍមូលដ្ឋានស្រុកកៀនស្វាយ ស្របតាមកម្មវិធីនយោបាយ និងគោលការណ៍របស់គណបក្ស លើការងារ ផ្សព្វផ្សាយកម្មវិធី និងគោលនយោបាយបក្ស, អនុវត្តការងារសង្គម មនុស្សធម៌ សុខាភិបាល អប់រំ កីឡា និងសាសនា តាមរយៈការចុះជួបសំណេះសំណាល សួរសុខទុក្ខ និងឧបត្ថម្ភជាប្រចាំ ទាំងសម្ភារៈ និងថវិកា ព្រមទាំងការដោះស្រាយនូវបញ្ហាប្រឈម និងសំណូមពរ និងសេចក្តីត្រូវការចាំបាច់នានាជូនដល់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានស្រុកកៀនស្វាយ។
ជាក់ស្តែង ក្រុមការងារបានកសាងស្ពានក្នុងឃុំគគីរធំ, សាងសង់អគារមណ្ឌលសុខភាពឃុំសំរោងធំ, សាងសង់អគារទីស្នាក់ការថ្មីរបស់គណបក្សឃុំចំនួន ៧ រួមមាន អគារទីស្នាក់ការ ឃុំឈើទាល, ឃុំដីឥដ្ឋ, ឃុំកំពង់ស្វាយ, ឃុំគគីរធំ, ឃុំគគីរ, ឃុំភូមិធំ, និងឃុំសំរោងធំ ព្រមទាំងបានជួសជុលអគារទីស្នាក់ការគណបក្សឃុំបន្ទាយដែក, ផ្លូវ-ថ្នល់, សាលារៀន, វត្តអារាម, ប្រព័ន្ធលូនិងប្រឡាយទឹក, ឧបត្ថម្ភរថយន្ដគិលានសង្គ្រោះដល់មណ្ឌលសុខភាពឃុំបន្ទាយដែក, ឃុំសំរោងធំ, ឃុំដីឥដ្ឋ និងបំពាក់អំពូលសូឡាបំភ្លឺផ្លូវសាធារណៈក្នុងមូលដ្ឋាន ជាដើម។
បន្ថែមលើនេះ សមិទ្ធផលជាប្រវត្តិសាស្ត្រថ្មីមួយទៀតដែលក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកកៀនស្វាយ ដោយមានការចូលរួមចំណែកពីគណបក្សខេត្ត និងគណបក្សស្រុក សម្រេចបានគឺ «អគារទីស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកកៀនស្វាយ» ដែលត្រូវបានដាក់ឱ្យប្រើប្រាស់ជាផ្លូវការនាឱកាសនេះ។
អគារនេះ ត្រូវបានសាងសង់ដោយយកលំនាំ និងទម្រង់តាមវិមាន ៧មករា មានទំហំ ៥៦ម៉ែត្រ គុណ ៤២.៥ម៉ែត្រ, មានសាលប្រជុំធំ ១ ដែលអាចផ្ទុកអ្នកចូលរួមបានប្រមាណ ៦០០ នាក់, បន្ទប់ការិយាល័យ, បន្ទប់ប្រជុំ, បន្ទប់ទទួលគណៈអធិបតី (VIP), បន្ទប់បច្ចេកទេស, បន្ទប់ដាក់សម្ភារៈ ព្រមទាំងមានបំពាក់សម្ភារៈ បរិក្ខារទំនើបផងដែរ។ នៅបរិវេណខាងក្រៅអគារ មានទីធ្លាធំទូលាយសម្រាប់ចតរថយន្ដ និងអាចរៀបចំពិធីជួបជុំមហាជនបានប្រមាណ ៤ ០០០ នាក់, មានបំពាក់អំពូលសូឡាបំភ្លឺពេលយប់ និងមានសួនច្បារដើមឈើលម្អដ៏ស្រស់បំព្រង។
អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ដ្រី បានសម្ដែងនូវការកោតសរសើរចំពោះគណបក្សខេត្តកណ្ដាល, ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកកៀនស្វាយ និងក្រុមការងារគណបក្ស គ្រប់លំដាប់ថ្នាក់ទូទាំងស្រុកកៀនស្វាយ, ជាពិសេស លោកបណ្ឌិត គុណ ញឹម ដែលបានដឹកនាំក្រុមការងារគណបក្ស ចុះពង្រឹង និងអភិវឌ្ឍមូលដ្ឋាន ស្រុកកៀនស្វាយ ដោយសម្រេចបានសមិទ្ធផលជាច្រើនគួរជាទីមោទនៈ។
លោកអគ្គបណ្ឌិតសភាចារ្យ ក៏បានណែនាំដល់ថ្នាក់ដឹកនាំ ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកណ្ដាលគ្រប់លំដាប់ថ្នាក់, ក្រុង/ស្រុក និងឃុំ/សង្កាត់ទាំងអស់ ឱ្យបន្ដសហការគ្នា និងយកចិត្តទុកដាក់ លើការងារសំខាន់ៗមួយចំនួន ពាក់ព័ន្ធនឹងគោលនយោបាយ និងកម្មវិធីនយោបាយរបស់គណបក្សប្រជាជនកម្ពុជា ជាពិសេសការបន្តសាមគ្គីភាព និងឯកភាពផ្ទៃក្នុង គណបក្ស, ការពង្រឹង និងពង្រីករចនាសម្ព័ន្ធអង្គការចាត់តាំងគណបក្សនៅគ្រប់កម្រិត, ការផ្សារភ្ជាប់ជាមួយប្រជាជន ជួយជ្រោមជ្រែងប្រជាជន និងធ្វើជាខ្នងបង្អែកដ៏រឹងមាំរបស់ប្រជាជន។
បន្ថែមពីនោះទៀត លោកអគ្គបណ្ឌិតសភាចារ្យ បានប្រាប់ឲ្យខិតខំដោះស្រាយសំណូមពរ និងបញ្ហាប្រឈមនានា នៅតាមមូលដ្ឋានតាមរយៈ ការរៀបចំវេទិកាសាធារណៈដោយប្រកាន់យក នូវរូបមន្តដ៏ខ្ពង់ខ្ពស់របស់ សម្ដេចអគ្គមហាសេនាបតីតេជោ ប្រធានគណបក្ស, ការយកចិត្តទុកដាក់ខ្ពស់ ក្នុងការថែរក្សាសន្តិសុខសុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ, ការបន្តលើកកម្ពស់ ការផ្តល់សេវាសាធារណៈគ្រប់ប្រភេទ, និងការយកចិត្តទុកដាក់ខ្ពស់ ក្នុងការថែរក្សាអនាម័យ និងសោភ័ណភាពអគារទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ស្រុកកៀនស្វាយថ្មីនេះ៕