(ព្រះវិហារ)៖ លោកស្រី ហ៊ុន ម៉ាណា អគ្គនាយិកាវិទ្យុ-ទួរទស្សន៍បាយ័ន អមដំណើរដោយលោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៥ បានដឹកក្រុមការងារនាំយកទេយ្យវត្ថុរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រគេនដល់វត្តចំនួន៦ និងរៀបចំអាហារ១ពេល ព្រមទាំងផ្តល់អំណោយជូនប្រជាពលរដ្ឋចំនួន៣៧០គ្រួសារ។ ពិធីនេះបានធ្វើឡើងនៅវត្តព្រះព្រហ្មវិហារតេជោជប់រង្សីសរារាម ស្ថិតក្នុងឃុំកន្ទួត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។

នៅក្នុងឱកាសនោះលោកស្រី ហ៊ុន ម៉ាណា បានផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន, សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ប្រគេន និងជូនដល់លោកយាយ លោកតា បងប្អូនប្រជាពុទ្ធបរិស័ទដែលបានមកចូលរួមក្នុងពិធីនេះ ក៏ដូចជាប្រជាពលរដ្ឋទូទាំងខេត្តព្រះវិហារផងដែរ។

លោកស្រី ហ៊ុន ម៉ាណា ក៏បានរៀបចំអាហារសាមគ្គីមួយពេលប្រគេនព្រះសង្ឃ ជូនដល់លោកយាយ លោកតា បងប្អូនប្រជាពលរដ្ឋ និងចែកអំណោយជូនប្រជាពលរដ្ឋចំនួន៣៧០គ្រួសារផងដែរ ដែលមានជាអង្ករ សម្ភារៈប្រើប្រាស់ គ្រឿងឧបភោគបរិភោគ របស់របរប្រើប្រាស់ រទេះរុញជនពិការ និងថវិកា លោកស្រីក៏បានចែកជូននូវសម្ភារៈសិក្សាជូនដល់សិស្សានុសិស្ស មានដូចជាកាតាបម្នាក់១ ដោយមានជាសម្ភារសិក្សាជាច្រើនមុខ។

ដោយឡែកវត្តទាំង៦ ដែលទទួលបានទេយ្យវត្ថុពីសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន រួមមាន៖ទី១.វត្តព្រះពុទ្ធឆព័ន្ធរង្សីរស្មី៦ពណ៌ ទី២.វត្តសាមគ្គីមុន្នីចារម ហៅវត្តចា ទី៣.វត្តគិរីសារវ័នខេមរតេជោ ហៅវត្តកងពលលេខ៨ ទី៤.វត្តព្រះព្រហ្មវិហារតេជោជប់រង្សីសរារាម ទី៥.វត្តស្រអែមរតនារាម ហៅវត្តស្រអែម និងទី៦.វត្តចន្ទិការាម ហៅវត្តកន្ទួត។

ដោយក្នុងវត្តនីមួយៗទទួលបានទេយ្យវត្ថុរួមមាន៖ អង្ករ១តោន ត្រីខចំនួន១កេស មាន១០យួរ មីចំនួន៥កេសធំ(៣០កេសតូច) ត្រីងៀតចំនួន១០ គីឡូ សាច់ក្រកចំនួន១០គីឡូ សាច់ជ្រូផាត់ចំនួន១០គីឡូ ទឹកដោះគោខាប់ ចំនួន២កេស កាហ្វេចំនួន៥កញ្ចប់ធំ តែចំនួន២គីឡូក្រាម ស្ករសចំនួន១បេ អំបិលចំនួន១បេ ទឹកត្រីចំនួន៥យួរ ទឹកស៊ីអ៊ីវចំនួន៥យួរ ទឹកម្ទេសចំនួន៥យួរ ទឹកសៀង ចំនួន៥យួរ សាប៊ូដុំ ចំនួន៣០ដុំតូចច្រាស និងថ្នាំដុសធ្មេញ ចំនួន១០០ឈុត ប្រេងកូឡា ចំនួន៥ដុំ ប្រេងខ្យល់ ចំនួន៥ដុំ ស្លាដក់៤១ បច្ច័យសម្រាប់វត្ត ២លានរៀល។

ចំណែកសម្ភារសម្រាប់ចែកជូនប្រជាពលរដ្ឋចំនួន៣៧០គ្រួសារ ដោយក្នុង១គ្រួសារៗទទួលបាន៖ អង្ករ២៥គីឡូក្រាម ត្រីខ១យួរ ទឹកដោះគោ៤កំប៉ុង ទឹកត្រី១យួរ ទឹកស៊ីអ៊ីវ១យួរ ស្ករស១គីឡូក្រាម ស្បែកជើង១គូ ក្រមា១ សារុង១ប្រេងកូឡា១ដប ប្រេងខ្យល់១ដប សាប៊ូ១ដុំ ច្រាស និងថ្នាំដុសធ្មេញ១ឈុត ថវិកាចំនួន២ម៉ឺនរៀលផងដែរ៕