(ពោធិ៍សាត់)៖ លោក យឹម វិសិដ្ឋ ប្រធានអាជ្ញាធរអគ្គិសនីកម្ពុជា និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានស្រុកភ្នំក្រវាញ និងលោកស្រី ប៉ែន ភក្តី យឹមវិសិដ្ឋ ព្រមទាំងក្រុមការងារចុះជួយមូលដ្ឋានស្រុកភ្នំក្រវាញ ដោយបានការចូលរួមពី លោក ហេង សុភាណា អភិបាលរងខេត្ត រួមទាំងអាជ្ញាធរមូលដ្ឋានមួយចំនួនទៀត នាថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៥ បានចុះជួបសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ និងចែកកង់ ព្រមទាំងសម្ភារសិក្សា ដល់សិស្សានុសិស្ស នៃសាលាបឋមសិក្សាកោះរកគោ ស្ថិតក្នុងភូមិអង្គ្រង ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។
បើតាមលោក កែវ សុខា នាយកសាលាបឋមសិក្សាកោះរកគោ បានជម្រាបជូនថា សាលាបឋមសិក្សាកោះរកគោ ស្ថិតក្នុងភូមិអង្គ្រង ឃុំសំរោង ស្រុកភ្នំក្រវាញ គ្របដណ្តប់២តំបន់ រួមមានតំបន់តាំងលួច និងតំបន់សាលា ដែលបានកើតឡើងពីឆ្នាំ២០១៥ កាលនោះមានត្រឹមអាគាររោងដោល១ខ្នង មាន១បន្ទប់ របស់ប្រជាសហគមន៍។ ក្នុងឆ្នាំ២០១៦ ក្រុមការងារដែលមាន លោក ទី នរិន្ទ អតីតប្រធានក្រុមការងារចុះជួយមូលដ្ឋានស្រុកភ្នំក្រវាញ រួមជាមួយក្រុមប្រឹក្សាឃុំ ស្រុក លោកគ្រូ អ្នកគ្រូ និងប្រជាពលរដ្ឋ បានរួមគ្នាកសាងអគារសិក្សា ធ្វើអំពីឈើប្រក់ស័ង្កសី ប្រភេទជារោងដោល ដើម្បីឱ្យសិស្សានុសិស្ស មានថ្នាក់រៀនសមរម្យ។ នៅឆ្នាំ២០១៧ លោក អ៊ុក វ៉ាន់ដេត និងលោកស្រី កង វុទ្ធា បានជួយកសាងបណ្ណាល័យមួយខ្នង លុះដល់ឆ្នាំ២០២៣-២០២៤ អង្គការសន្តិស្ម័គ្រចិត្ត បានជួយកសាងអគារមួយខ្នងទៀត មាន៣បន្ទប់ រហូតមកដល់បច្ចុប្បន្ន សាលាបឋមសិក្សាកោះរកគោ មានគ្រូ៤នាក់ និងសិស្ស១១២នាក់។
លោក យឹម វិសិដ្ឋ ប្រធានអាជ្ញាធរអគ្គិសនីកម្ពុជា និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានស្រុកភ្នំក្រវាញ ក៏បានពាំនាំនូវប្រសាសន៍សាកសួរសុខទុក្ខ ពីសំណាក់លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួលមូលដ្ឋានខេត្តពោធិ៍សាត់ ជូនដល់អាណាព្យាបាល សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ និងមន្ត្រីមូលដ្ឋាន ព្រមទាំងបានថ្លែងអំណរគុណ ដល់ថ្នាក់ដឹកនាំថ្នាក់មូលដ្ឋាន ដែលបានយកចិត្តទុកដាក់ ដល់សុខទុក្ខប្រជាពលរដ្ឋគ្រប់ទីកន្លែង។
លោកបានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា បានផ្ដល់នូវការយកចិត្តទុកដាក់ ក្នុងការការពារ និងលើកកម្ពស់សិទ្ធិ និងសេរីភាពទាំងឡាយរបស់កុមារ ជាពិសេសសិទ្ធិជាមូលដ្ឋានសំខាន់ទាំងបួន ដែលកុមារត្រូវតែទទួលបាន គឺសិទ្ធិរស់រានមានជីវិត សិទ្ធិទទួលបានការអប់រំ សិទ្ធិក្នុងការអភិវឌ្ឍ និងសិទ្ធិក្នុងការចូលរួមការលើកកម្ពស់ និងការការពារកុមារ គឺជាបញ្ហាអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈការអនុវត្តច្បាប់អន្តរជាតិនានា ជាពិសេសអនុសញ្ញាសិទ្ធិកុមារ និងពិធីសាបន្ថែម ការរៀបចំច្បាប់ គោលនយោបាយ និងវិធានការនានា សំដៅឆ្លើយតបទៅនឹងតម្រូវការរបស់កុមារ និងកិច្ចការពារជាពិសេសសម្រាប់កុមារ។ ដើម្បីរស់នៅក្នុងសេរីភាព សន្តិភាព និងការអភិវឌ្ឍសិទ្ធិជាមូលដ្ឋានរបស់កុមារ សេរីភាព ក៏ដូចជាសិទ្ធិផ្សេងៗទៀត អាចកើតមានទៅបាន គឺដោយសារកត្តាសន្តិភាព ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល។ លោកបានថ្លែងថា អំណោយទាំងនេះ ក៏ជាការជួយកាត់បន្ថយចំណាយរបស់មាតាបិតា និងអាណាព្យាបាល ក្នុងការទិញសម្ភារៈសិក្សារៀនសូត្ររបស់កូនៗចៅៗនៅទីនេះ ហើយក៏បានផ្តាំផ្ញើដល់កូនៗចៅៗសិស្សានុសិស្សទាំងអស់ ឱ្យខិតខំរៀនសូត្រ ដើម្បីឱ្យក្លាយជាសិស្សល្អ ពលរដ្ឋល្អ និងចៀសឱ្យផុតពីគ្រឿងញៀន។
ពាក់ព័ន្ធទៅនឹងការស្នើសុំជួលជុលអាគាររោងដោលនោះ លោក យឹម វិសិដ្ឋ រួមជាមួយក្រុមការងារ បានឯកភាពយល់ព្រម ដោយក្តីរីករាយ និងបានចាត់ក្រុមការងារ សហការជាមួយអាជ្ញាធរមូលដ្ឋាន ធ្វើការជួសជុលអាគារនេះ ឱ្យបានស្អាតល្អឡើងវិញ ព្រមទាំងចែកជូនសម្ភារៈដល់សិស្សានុសិស្ស ចំនួន១១២នាក់ ដោយក្នុងម្នាក់ៗទទួលបានសម្លៀកបំពាក់មួយកំប្លេរ, សៀវភៅ២ក្បាល, ប៊ិច១ដើម, ខ្មៅដៃ១ដើម, ជ័រលុប១ និងថវិកា២ពាន់រៀល។ លោកគ្រូ អ្នកគ្រូ ចំនួន៤នាក់ ក្នុងម្នាក់ថវិកា៥ម៉ឺនរៀល និងក្រមា១។ សិស្សក្រីក្រ ចំនួន១២នាក់ ក្នុងម្នាក់ៗទទួលបានកង់មួយគ្រឿង ព្រមទាំងឧបត្ថម្ភថវិកា និងសម្ភារ សម្រាប់ជួសជុលរោងដោល រួមមានសង្ក័សី១០០សន្លឹក, ស៊ីម៉ងត៍, ឥដ្ឋ, ខ្សាច់ និងសម្ភារៈមួយចំនួនទៀត៕