(ភ្នំពេញ)៖ ក្រសួងទេសចរណ៍ នាព្រឹកថ្ងៃទី១ ខែមីនា ឆ្នាំ២០២៥នេះ បានប្រារព្ធពិធីអបអរសាទរទិវាអន្តរជាតិនារី ៨មីនា ក្រោមប្រធានបទ «សិទ្ធិ សមភាព និងភាពអង់អាច ចំពោះស្ត្រីនិងក្មេងស្រីគ្រប់រូប» អមជាមួយពិធីប្រកាសសមាសភាពគណៈកម្មការសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ក្រសួងទេសចរណ៍ ក្រោមអធិបតីភាពសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍។
ក្នុងពិធីនេះក៏មានការចូលរួមពីលោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោកស្រី សុង ធីតា ព្រមទាំងថ្នាក់ដឹកនាំសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ថ្នាក់ដឹកនាំនិងមន្ត្រីរាជការជានារីក្នុងក្របខ័ណ្ឌក្រសួងទេសចរណ៍ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ តំណាងក្រសួងកិច្ចការនារី មន្ត្រីនារីកិច្ចសន្យា និងតំណាងពីគ្រប់ផ្នែកពាក់ព័ន្ធក្នុងវិស័យទេសចរណ៍ សរុបចំនួន៣៥១នាក់។
សូមបញ្ជាក់ថា ទិវាអន្តរជាតិ ៨មីនា ឆ្នាំ២០២៥ ខួបលើកទី១១៤ ត្រូវបានប្រារព្ធឡើងក្នុងគោលបំណងដើម្បីគូសបញ្ជាក់អំពីសារសំខាន់នៃការទទួលបាន និងអនុវត្តសិទ្ធិ ការលើកកម្ពស់សមភាព និងការពង្រឹងភាពអង់អាចចំពោះស្ត្រីនិងក្មេងស្រីគ្រប់រូបនៅកម្ពុជា។ ប្រធានបទនេះ ក៏ផ្តោតសំខាន់ផងដែរ លើការលើកកម្ពស់ផលជះជាវិជ្ជមាន និងទាញយកអត្ថប្រយោជន៍ពីភាគលាភយេនឌ័រជូនគ្រួសារ ពង្រឹងសហគមន៍និងវឌ្ឍនភាពសង្គម ជំរុញកំណើនការអភិវឌ្ឍសេដ្ឋកិច្ច និងលើកកម្ពស់សុខុមាលភាពសង្គម ជាមួយការឆ្លុះបញ្ចាំងអំពីវឌ្ឍនភាព សមិទ្ធផល បញ្ហាប្រឈម កាលានុវត្តភាពនានា ជាពិសេសបង្ហាញពីការប្តេជ្ញាចិត្តនិងវិធានការវិជ្ជមានក្នុងការលើកកម្ពស់សមភាពយេនឌ័រ និងបង្កើនភាពអង់អាចដល់ស្ត្រីនិងក្មេងស្រីគ្រប់រូប៕