(បាត់ដំបង)៖ សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តបាត់ដំបង នៅថ្ងៃទី១ ខែមីនា ឆ្នាំ២០២៥នេះ បានអញ្ជើញដឹកនាំសន្និបាតបូកសរុបលទ្ធផលការងារគណៈកម្មាធិការគណបក្សខេត្តបាត់ដំបង ឆ្នាំ២០២៤ និងលើកទិសដៅការងារគណបក្សឆ្នាំ២០២៥ និងផ្សព្វផ្សាយលទ្ធផលនៃសន្និបាត គណៈកម្មាធិការកណ្តាលលើកទី៤៥ អាណត្តិទី៥ របស់គណបក្សប្រជាជនកម្ពុជា។

សន្និបាតនេះ ក៏មានការចូលរួមពីលោក កើត រិទ្ធ សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានទី១ ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តបាត់ដំបង, លោក សក់ សេដ្ឋា សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានទី២ ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តបាត់ដំបង លោកប្រធាន អនុប្រធានទី១ អនុប្រធានទី២ នៃក្រុមការងារចុះមូលដ្ឋានក្រុង ស្រុកទាំង១៤ អ្នកតំណាងរាស្ត្រមណ្ឌលខេត្តបាត់ដំបង លោក លោកស្រី សមាជិកគណៈអចិន្ត្រៃយ៍គណបក្សខេត្ត ប្រធាន អនុប្រធានទី១ អនុប្រធានទី២ នៃក្រុមការងារគណបក្សចុះមូលដ្ឋានឃុំ សង្កាត់ទាំង១០៣ គណៈកម្មាធិការគណបក្សមូលដ្ឋានមន្ទីរ អង្គភាព ប្រធានគណៈកម្មាធិការគណបក្ស ក្រុង ស្រុក ឃុំ សង្កាត់ និងសមាជិក សមាជិកាប្រមាណ២,៥២១នាក់។

លោក សុខ លូ សមាជិកគណៈកម្មាធិការកណ្ដាលគណបក្ស និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តបាត់ដំបង បានអានសុន្ទរកថា ស្វាគមន៍ និងរបាយការណ៍បូកសរុបលទ្ធផលការងារគណបក្សខេត្តបាត់ដំបង ឆ្នាំ២០២៤ និងលើកទិសដៅការងារគណបក្សឆ្នាំ២០២៥ ជូនអង្គពិធី។

ក្នុងនាមសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្ស, សម្តេចពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្ស, សម្តេចអនុប្រធានគណបក្ស សម្តេចក្រឡាហោម ស ខេង បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះគណៈកម្មាធិការគណបក្ស ក្រុមការងារគណបក្សចុះមូលដ្ឋាន អង្គការយុវជន អង្គការមហាជននានារបស់គណបក្ស និងសមាជិក សមាជិកាគណបក្សគ្រប់ថ្នាក់ ក្នុងខេត្តបាត់ដំបង ដែលបានរួមសហការ សាមគ្គីគ្នាយ៉ាងរឹងមាំជុំវិញការដឹកនាំរបស់គណបក្ស យកអស់
កម្លាំងកាយ ប្រាជ្ញា ស្មារតី ខិតខំអនុវត្តកម្មវិធីនយោបាយ គោលការណ៍ គោលនយោបាយ សេចក្តីសម្រេចនានារបស់គណបក្សឲ្យសម្រេចបានលទ្ធផលការងារនានាជាច្រើនក្នុងឆ្នាំ២០២៤កន្លងទៅនេះ។

សម្តេចក្រឡាហោម ស ខេង បានបន្តថា គណៈកម្មាធិការគណបក្សគ្រប់ថ្នាក់បានបន្តយកចិត្តទុកដាក់ធ្វើសកម្មភាព ជាប់ជាប្រចាំ ដើម្បីពង្រឹងរចនាសម្ព័ន្ធចាត់តាំងគណបក្ស ការជំរុញចលនាពង្រីក សមាជិកថ្មីរបស់គណបក្សដើរទន្ទឹមនឹងការពង្រឹងការគ្រប់គ្រង ការអប់រំថែបំប៉ន សមាជិកបក្ស ការធ្វើសកម្មភាពចិញ្ចឹមចលនានយោបាយតាមមូលដ្ឋាន ការចុះផ្សាភ្ជាប់រួមសុខ រួមទុក្ខជាមួយប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានក្នុងសង្គម ការពង្រឹងអង្គការ មហាជននានារបស់គណបក្ស និងការពង្រឹងអង្គការចាត់តាំងយុវជនរបស់គណបក្ស ដើម្បីបំផុសចលនាមហាជន ប្រជាជន យុវជនគ្រប់មជ្ឈដ្ឋានក្នុងសង្គមឲ្យចូលរួមក្នុង ការការពារ កសាង និងអភិវឌ្ឍន៍ប្រទេសជាតិ ចូលរួមគាំទ្រ និងការពារគណបក្ស និងរាជរដ្ឋាភិបាល ព្រមទាំងជំរុញសកម្មភាពកសាងកម្លាំងបន្តវេនសម្រាប់ប្រទេសជាតិ និងសម្រាប់គណបក្សប្រជាជនកម្ពុជា។

សម្តេចក្រឡាហោម ស ខេង បានបន្ថែមថា គណៈកម្មាធិការគណបក្សគ្រប់ថ្នាក់ នៃខេត្តបាត់ដំបង ត្រូវយកចិត្តទុកដាក់ពង្រឹងរចនាសម្ព័ន្ធចាត់តាំងគណបក្សឲ្យបានរឹងមាំ ទាំងខាងនយោបាយសតិអារម្មណ៍ ចាត់តាំង និងខិតខំពង្រឹងសាមគ្គីភាព ឯកភាពផ្ទៃក្នុងគណបក្សឲ្យបានរឹងមាំ ដោយឈរលើមូលដ្ឋាននៃការពង្រឹងរបៀបរបបដឹកនាំ និងការបំពេញការងារ ក្នុងជួរគណៈកម្មាធិការគណបក្សគ្រប់ថ្នាក់ឲ្យស្របតាមលក្ខន្តិកៈ បទបញ្ជាផ្ទៃក្នុង និងគោលការណ៍ណែនាំរបស់គណបក្ស។

ក្នុងនាមគណបក្សប្រជាជនកម្ពុជា និងក្នុងនាមក្រុមការងារគណបក្សចុះមូលដ្ឋាន សម្តេចបានជំរុញលើកទឹកចិត្តដល់ លោក លោកស្រី អស់លោក ជាថ្នាក់ដឹកនាំ និងមន្ត្រីគណបក្សដែលបំពេញការងារក្នុងរដ្ឋបាលគ្រប់ថ្នាក់ នៅថ្នាក់ក្រោមជាតិ នៅតាមមន្ទីរអង្គភាពនានា និងក្នុងជួរកងកម្លាំងមានសមត្ថកិច្ចគ្រប់ថ្នាក់ ត្រូវខិតខំយកចិត្តទុកដាក់អនុវត្តតួនាទីភារកិច្ច ក្នុងស្ថាប័ន អង្គភាពរបស់ខ្លួនប្រកប ដោយស្មារតីទទួលខុសត្រូវខ្ពស់ និងត្រូវរួមគ្នាអនុវត្តឲ្យបានសម្រេចនូវកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ កម្មវិធីគោលនយោបាយ អាទិភាព និងវិធានការគន្លឹះនានារបស់រាជរដ្ឋាភិបាល សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា ដើម្បីគណបក្សទទួលបានការគាំទ្រយ៉ាងរឹងមាំពីប្រជាពលរដ្ឋ៕