(ក្រចេះ)៖ ប្រជាពលរដ្ឋនៅក្នុងភូមិស្រែស្បូវ ឃុំក្បាលដំរី ស្រុកអូរគ្រៀងសែនជ័យ ខេត្តក្រចេះ មានការព្រួយបារម្ភខ្លាំង ដោយសារតែក្រុមជនជាតិចិនធ្វើការនៅក្នុងក្រុមហ៊ុនចំការចេក «ក្រុមហ៊ុន ខេមបូឌា បាណាណា អេហ្គ្រីខលឆឺរ័ល ឯ.ក (CBA)» ប្រើរថយន្ត និងកាំភ្លើងដើរធ្វើសកម្មភាពរបាញ់សត្វគោ ក្របីរបស់ពួកគាត់ងាប់ និងរបួសច្រើនករណី។

ប្រជាពលរដ្ឋបានឲ្យដឹងថា ក្រុមជនជាតិចិនមួយ ប្រើប្រាស់រថយន្ត Pick up ពណ៌សមួយគ្រឿង ប្រដាប់ដោយអាវុធ ដើរគៀងគោក្របីរបស់ប្រជាពលរដ្ឋបាញ់ សម្លាប់ជាបន្តបន្ទាប់ ហើយលើកដាក់ត្រាក់ទ័រយកចូលទៅក្នុងបរិវេណ ក្រុមហ៊ុន ខេមបូឌា បាណាណា អេហ្គ្រីខលឆឺរ័ល ឯ.ក (CBA) ដែលមានទីតាំងស្ថិតនៅក្នុងភូមិស្រែស្បូវ ឃុំក្បាលដំរី ស្រុកអូរគ្រៀងសែនជ័យ ខេត្តក្រចេះ។

បើតាមការលើកឡើងរបស់ប្រជាពលរដ្ឋ, ប្រសិនបើករណីដែលគោក្របីរបស់ពួកគាត់ ចូលទៅស៊ីដែលធ្វើឲ្យប៉ះពាល់នៅក្នុងដីក្រុមហ៊ុននោះគួរណាតែចាប់ទុក ហើយហៅម្ចាស់ទៅធ្វើការផាកពិន័យបង់លុយតាមការខូចខាត មិនគួរដើរគៀងសត្វគោក្របីរបស់ពួកគាត់ ដែលលេងឲ្យស៊ីស្មៅនៅតាមព្រៃនោះទេ។

សកម្មភាពរបស់ជនជាតិចិន នៅក្នុងក្រុមហ៊ុនមួយនេះ តែងតែបើករថយន្ត Pick up ហើយប្រើប្រាស់កាំភ្លើងដើរបាញ់សត្វគោក្របីរបស់ប្រជាពលរដ្ឋជាបន្តបន្ទាប់ ប៉ុន្តែមិនមានអ្នកណាហ៊ានប្ដឹង។

ទើបតែថ្មីៗនៅចុងខែកុម្ភៈនេះ ក្រុមជនជាតិចិនទាំងនោះបានបន្តធ្វើសកម្មភាពប្រើប្រាស់កាំភ្លើង ហើយជិះរថយន្តដើរគៀងសត្វគោក្របីរបស់ពលរដ្ឋនៅតំបន់នោះ ហើយបាញ់សម្លាប់ និងរបួសជាច្រើនក្បាល ទើបពួកគាត់រាយការណ៍ទៅសមត្ថកិច្ច ហើយកម្លាំងសមត្ថកិច្ចក៏បានចុះទៅដល់ចាប់រឹបអូសត្រាក់ទរ័មួយគ្រឿ ដែលធ្វើសកម្មភាពនោះយកទៅរក្សាទុក ប៉ុន្តែមិនបានចាប់រថយន្ត Pick up របស់ជនជាតិចិននោះឡើយ។

ជាក់ស្ដែង នៅរសៀលថ្ងៃទី២ ខែមីនា ឆ្នាំ២០២៥ កម្លាំងកងរាជអាវុធហត្ថស្រុកអូគ្រៀងសែនជ័យ បានចុះទៅទីតាំងក្រុមហ៊ុនខាងលើដើម្បីស្រាវជ្រាវ និងជួបជាមួយក្រុមប្រជាពលរដ្ឋផ្ទាល់ តែជាយ៉ាងណាសមត្ថកិច្ចបញ្ជាក់ថា ខាងភាគីក្រុមហ៊ុនមិនបានសហការជាមួយកងកម្លាំងនោះទេ។

ដោយឡែក លោកឧត្តមសេនីយ៍ទោ អ៊ូ សុបុណ្ណា ស្នងការនគបាលខេត្តក្រចេះ បានបញ្ជាក់ថា ចំពោះករណីនេះសមត្ថកិច្ចកំពុងកសាងសំណុំរឿងបញ្ជូនទៅតុលាការហើយ ពីព្រោះភាគីទាំងពីរមិនយល់ព្រមដោះស្រាយជាមួយគ្នានោះឡើយ។

ចំពោះករណីជនបរទេសប្រើប្រាស់អាវុធខុសច្បាប់ លោកកំពុងតែធ្វើការស្រាវជ្រាវ និងប្រមូលព័ត៌មាន ហើយនឹងចាត់វិធានការភ្លាមបើមានករណីនេះមែន៕