(ភ្នំពេញ)៖ វិទ្យាស្ថានចក្ខុវិស័យអាស៊ី (AVI) និងក្រុមប្រឹក្សាទឹកអាស៊ី (AWC) បានចុះហត្ថលេខាជាផ្លូវការ លើអនុស្សរណៈនៃកិច្ចព្រមព្រៀង (MoA) ដើម្បីជំរុញកិច្ចសហប្រតិបត្តិការលើចីរភាពទឹក ការកសាងសមត្ថភាព និងការស្រាវជ្រាវនៅក្នុងប្រទេសកម្ពុជា និងអាស៊ី។
ពិធីនេះប្រព្រឹត្តទៅកាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៥ ក្រោមអធិបតីភាព លោក សួស យ៉ារ៉ា សមាជិកសភា និងជាអនុប្រធានក្រុមប្រឹក្សាភិបាលទឹកនៃសភាអាស៊ី (AAWC) និង លោកបណ្ឌិត Yun Seog-dae ប្រធាន AWC និងជានាយកប្រតិបត្តិសាជីវកម្មរដ្ឋករទឹកកូរ៉េ K Water។ កិច្ចព្រមព្រៀងនេះបានចុះហត្ថលេខាជាផ្លូវការដោយ លោកបណ្ឌិត ឆេង គឹមឡុង ប្រធានវិទ្យាស្ថានAVI និង លោកបណ្ឌិត Cho Yong-deok អគ្គលេខាធិការAWC។
ពិធីចុះហត្ថលេខានេះគឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយរបស់ស្ថាប័នទាំងពីរក្នុងការរួមចំណែកដល់ការអភិវឌ្ឍវិស័យទឹករបស់កម្ពុជា ពីព្រោះទឹកគឺជាអាទិភាពមួយក្នុងចំណោមអាទិភាពទាំងប្រាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដូចដែលបានបង្ហាញនៅក្នុងយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១។ តាមរយៈអនុស្សរណៈនៃកិច្ចព្រមព្រៀងនេះ ស្ថាប័នទាំងពីរនឹងធ្វើការរួមគ្នាលើគំនិតផ្តួចផ្តើមស្រាវជ្រាវ កិច្ចពិភាក្សាគោលនយោបាយ និងកម្មវិធីកសាងសមត្ថភាព ដើម្បីគាំទ្រ និងលើកកម្ពស់ការដល់ការគ្រប់គ្រង និងដំណោះស្រាយប្រកបដោយចីរភាពលើវិស័យទឹក។
ផ្នែកសំខាន់ៗនៃកិច្ចសហប្រតិបត្តិការនេះរួមមានការស្រាវជ្រាវលើចីរភាពទឹក នវានុវត្តបច្ចេកវិទ្យា និងការការពារបរិស្ថាន សហការអភិវឌ្ឍគម្រោងដើម្បីដោះស្រាយបញ្ហាប្រឈមរបស់ទឹកនៅកម្ពុជា និងអាស៊ី។ ភាគីទាំងពីរមានបំណងធ្វើការរួមគ្នាដើម្បីគាំទ្រដល់គំនិតផ្តួចផ្តើមទស្សនៈវិស័យ និងវិបុលភាពទឹករបស់កម្ពុជា ការចូលរួមក្នុងព្រឹត្តិការណ៍ និងសិក្ខាសាលាទឹកអន្តរជាតិ។
ភាពជាដៃគូរវាងAVI និងAWC តំណាងឱ្យចក្ខុវិស័យរួមគ្នានៃការបង្កើតចំណេះដឹង និងការសហការគ្នាជាយុទ្ធសាស្ត្រដើម្បីដោះស្រាយបញ្ហាប្រឈមក្នុងវិស័យទឹកនៅកម្ពុជា និងសកលលោក។ កិច្ចសហការនេះនឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការពង្រឹងសន្តិសុខទឹករបស់អាស៊ី និងជំរុញដំណោះស្រាយប្រកបដោយចីរភាពសម្រាប់មនុស្សជំនាន់ក្រោយ។
សូមគូសបញ្ជាក់ថា វិទ្យាស្ថានចក្ខុវិស័យអាស៊ី (AVI) មានអាណត្តិក្នុងការលើកកម្ពស់សង្គមប្រកបដោយបរិយាបន្ន ចីរភាព និងវិបុលភាព ហើយ ក្រុមប្រឹក្សាទឹកអាស៊ី (AWC) គឺជាស្ថាប័នអន្តរជាតិឈានមុខគេមួយ ក្នុងការលើកកម្ពស់ការគ្រប់គ្រងទឹកប្រកបដោយចីរភាព ដោះស្រាយបញ្ហាប្រឈមទឹកជាសកល និងសម្របសម្រួលកិច្ចសហការរវាងភាគីពាក់ព័ន្ធក្នុងវិស័យទឹក៕