(ភ្នំពេញ)៖ ដូចគេដឹងហើយថា ប្រាសាទភ្នំដា ក្នុងខេត្តតាកែវ គឺជាប្រាសាទមួយ ស្ថិតនៅក្នុងបញ្ជីត្រៀមរបស់កម្ពុជា សម្រាប់ដាក់ស្នើជាតំបន់បេតិកភណ្ឌពិភពលោក ក្នុងចំណោមស្ថានីយ៍សំខាន់ៗចំនួន៧ ដូចជា៖ សារមន្ទីរទួលស្លែង (ដាក់ជាកញ្ចប់ជាមួយបឹងជើងឯក និងមន្ទីរម១៣) ប្រាសាទបន្ទាយឆ្មារ ភ្នំឧត្តុង្គ ភ្នំគូលែន ព្រះខណ្ឌស្រុកកំពង់ស្វាយ និងប្រាសាទបេងមាលា ជាដើម។

បើគេទៅលេងតំបន់ប្រាសាទភ្នំដា គេនឹងឃើញប្រាសាទភ្នំដា ដែលសង់នៅសម័យអង្គរផង និងប្រាសាទចាស់មួយទៀត ដែលសង់នៅសម័យអាណាចក្រភ្នំ ឬហ្វ៊ូណនផង។

ជាការណ៍ពិត អ្នកស្រាវជ្រាវជាច្រើនបានយល់ស្របគ្នាថា ប្រាសាទភ្នំដា ដែលនៅឈរមានរូងរាងល្អ និងសាងសង់ឡើងនៅរវាងសតវត្សទី១១ នៅសម័យអង្គរនោះ បានសង់ពីលើប្រាសាទដ៏ចំណាស់មួយ ដែលមានអាយុកាលពីសម័យហ្វ៊ូណនមកម៉្លេះ។ បើគេមើលផ្នែកខាងក្រៅនៃជ្រុងខាងលិច យើងគេអាចមើលឃើញប្រាសាទចាស់ នាសម័យហ្វូណន យ៉ាងប្រាកដ។ ម្យ៉ាងវិញទៀត ក្នុងចំណោមរចនាប័ទ្មខ្មែរទាំង១៣ រចនាប័ទ្មប្រាសាទភ្នំដា គឺជារចនាប័ទ្មដំបូងរបស់ខ្មែរ ពោលគឺជារចនាប័ទ្ម ដែលត្រូវបានបង្កើតឡើងក្នុងសម័យអាណាចក្រភ្នំ ឬហ្វ៊ូណន ដែលគេរាប់ចាប់ពីសតវត្សទី១ ដល់សតវត្សទី៦។

ប្រាសាទនេះ មានរាង៤ជ្រុងសង់ពីថ្មបាយក្រៀម និងថ្មភក់បែរមុខទៅទិសខាងជើង។ ទីនេះ ជាប្រភពសិលាចារឹកលេខ K.670, K.830, K.556, K.549,K29ខណៈតំបន់នេះដែរ ត្រូវបានគេជឿថា ជាកន្លែងចាប់ផ្តើមនៃអារ្យធម៌ខ្មែរ។ ប្រាសាទនេះ សង់ពីឥដ្ឋ ថ្មភក់ និងថ្មបាយក្រៀម ភ្នំមួយកម្ពស់ ៥៥ម៉ែត្រ មានជណ្តើរឡើងនៅជ្រុងខាងជើងឆៀងខាងកើត ហើយពុំមានកំផែងព័ទ្ធជុំវិញទេ។ កំពូលប្រាសាទបាក់បែកមួយផ្នែកធំ ចំណែកផ្ដែររចនាជារឿង កូរសមុទ្រទឹកដោះ និងបង្ហាញពីព្រះវិស្ណុកំពុងផ្ទុំ។

បច្ចុប្បន្ននេះ អាជ្ញាធរ បាននិងកំពុងខិតខំផ្សព្វផ្សាយពីរមណីយដ្ឋានប្រាសាទភ្នំដាយ៉ាងខ្លាំង។ ជាក់ស្តែង នៅថ្ងៃទី៣-ទី៤ ខែមីនា ឆ្នាំ២០២៥ លោក ឈឹម ធី អភិបាលរងស្រុកអង្គរបូរី និងក្រុមការងារការិយាល័យសិល្បៈទស្សនីយភាព មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តតាកែវ រួមជាមួយអាជ្ញាធរមូលដ្ឋាន បានចូលរួមក្នុងសកម្មភាពថតបទចម្រៀងក្រោមចំណងជើងថា «សម្រស់ទេសភាពប្រាសាទភ្នំដា»ក្នុងគោលបំណងដើម្បីផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍វប្បធម៌ ក្នុងស្រុកអង្គរបូរី និងសម្រាប់ទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ ឱ្យទៅទស្សនាបានច្រើនកុះករ ក្នុងតំបន់រមណីយដ្ឋានប្រវត្តិសាស្រ្តនេះ។

គួរជម្រាបដែរថា ប្រាសាទភ្នំដា សង់លើភ្នំតូចមួយ មានទីតាំងស្ថិតនៅ ភូមិព្រែកតាផ ឃុំគោកធ្លក ស្រុកអង្គរបុរី ខេត្តតាកែវ។ គេអាចធ្វើដំណើរបន្ត ពីប្រាសាទភ្នំជីសូរ ទៅទិសខាងកើតទៅទីរួមស្រុកព្រៃកប្បាស រហូតដល់ព្រៃល្វារ រួចបត់ស្តាំតាមផ្លូវកៅស៊ូទៅត្រង់ រហូតដល់ភ្នំដាតែម្តង។

ប្រាសាទភ្នំដា មានភូមិសាស្រ្តលិចទឹកប្រាំមួយខែ និងគោកប្រាំមួយខែដែរ។ បច្ចុប្បន្ន ប្រាសាទភ្នំដា ជាប្រាសាទមួយដែលមានភាពចាស់ទ្រុឌទ្រោមតាមរបៀបបុរាណ ដែលបានបន្សស់ទុកតាំងពីយូរណាស់មកហើយ ប៉ុន្តែប្រាសាទនេះ ជាប្រសាទមួយដែលមានភ្ញៀវទេសចរជាច្រើន តែងតែទៅចូលទស្សនាគ្រប់ពេលវេលាទាំងអស់ ព្រោះវាប្រកបដោយទាសភាពទឹកទន្លេ ដែលហ៊ុមព័ទ្ធនារដូវវស្សា ប្រៀបបីដូចជាកោះមួយដែលស្ថិតនៅចំកណ្តាលសមុទ្រដូចនោះដែរ។

ម៉្យាងវិញទៀត ប្រាសាទភ្នំដា មានព្រៃឈើដុះព័ទ្ធជុំវិញមានពណ៌បៃតងខៀវស្រងាត់ អមទៅដោយសំលេងរ៉ៃយំរន្តំនារដូវស្លឹកឈើលាស់។ មិនត្រឹមតែប៉ុណ្ណោះ មានប្រជាជនដែលរស់នៅក្នុងតំបន់នោះ ជាពិសេសប្រជាជនដែលរស់នៅជុំវិញជើងភ្នំដានេះតែម្ដង ដែលមានភាពរួសរាយរាក់ទាក់យ៉ាងខ្លាំង៕