(ភ្នំពេញ)៖ ក្រុមហ៊ុន ខេមបូឌាន បាណាណា អេហ្គ្រីខលឆឺរ៉ល ឯ.ក (CBA) បានចេញសេចក្តីបំភ្លឺមួយថា ហេតុការណ៍ពាក់ព័ន្ធនឹងការស្លាប់សត្វគោមួយក្បាល នាថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៥ កន្លងទៅនេះ មិនជាប់ពាក់ព័ន្ធនឹងបុគ្គលិករបស់ក្រុមហ៊ុន ខេមបូឌាន បាណាណា អេហ្គ្រីខល ឆឺរ័ល ឯ.ក (CBA) ឡើយ។

សេចក្តីបំភ្លឺនេះ ធ្វើឡើងបន្ទាប់ពីថ្មីៗនេះ មានសារព័ត៌មានមួយចំនួនបានចុះផ្សាយនូវព័ត៌មានពាក់ព័ន្ធនឹងករណីប្រទះឃើញគោមួយក្បាលស្លាប់ ក្នុងកសិដ្ឋានចំការចេករបស់ក្រុមហ៊ុន ខេមបូឌាន បាណាណា អេហ្គ្រីខលឆីវ័ល ឯ.ក (CBA) រួមទាំងមានការបរិយាយក្នុងន័យចោទប្រកាន់មកលើថ្នាក់ដឹកនាំ និងបុគ្គលិករបស់ក្រុមហ៊ុន ពាក់ព័ន្ធនឹងការប្រើប្រាស់អាវុធបាញ់សត្វគោក្របីរបស់ប្រជាពលរដ្ឋងាប់ជាច្រើនក្បាលផងដែរ ទាំងដែលមិនបានធ្វើការសាកសួរព័ត៌មានពីភាគីក្រុមហ៊ុន ដើម្បីឱ្យព័ត៌មានដែលបានផ្សព្វផ្សាយនោះមានតុល្យភាព។

«ហេតុការណ៍ពាក់ព័ន្ធនឹងការស្លាប់សត្វគោមួយក្បាល នាថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៥ កន្លងទៅនេះ មិនជាប់ពាក់ព័ន្ធនឹងបុគ្គលិករបស់ក្រុមហ៊ុន ខេមបូឌាន បាណាណា អេហ្គ្រីខល ឆឺរ័ល ឯ.ក (CBA) ឡើយ ហើយរឹតតែមិនជាប់ពាក់ព័ន្ធនឹងថ្នាក់ដឹកនាំរបស់ក្រុមហ៊ុនផងដែរ ដោយហេតុថា អំឡុងពេលនោះ ថ្នាក់ដឹកនាំរបស់ក្រុមហ៊ុនកំពុងបំពេញបេសកកម្មនៅប្រទេសជប៉ុន»។ នេះបើតាមសេចក្តីបំភ្លឺ។

ទោះបីជាហេតុការណ៍ខាងលើនេះ មិនមានជាប់ពាក់ព័ន្ធនឹងបុគ្គលិក និងថ្នាក់ដឹកនាំរបស់ក្រុមហ៊ុនក៏ដោយ ក៏ហេតុការណ៍នេះបានកើតឡើងក្នុងទីតាំងកសិដ្ឋានចំការចេក របស់ក្រុមហ៊ុន ដូច្នេះក្រុមហ៊ុនបាននិងកំពុងធ្វើការសហការយ៉ាងជិតស្និទ្ធ ជាមួយនឹងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ ក្នុងការស៊ើបអង្កេតស្វែងរកការពិតតាមនីតិវិធី ក៏ដូចជាស្វែងរកយុត្តិធម៌ជូនភាគីពាក់ព័ន្ធ។ ផ្ទុយមកវិញ ក្នុងករណីមានជន ខិលខូចណាដែលមានចេតនាទុច្ចរិត បង្កើតរឿងមិនពិត ក្នុងគោលបំណងទម្លាក់កំហុស បង្កាច់បង្អួចកេរ្តិ៍ឈ្មោះ កិត្តិយសរបស់ក្រុមហ៊ុន ក៏ដូចជាថ្នាក់ដឹកនាំរបស់ក្រុមហ៊ុន នោះក្រុមហ៊ុនសូមរក្សាសិទ្ធិចាត់វិធានការតាមផ្លូវច្បាប់។

សូមបញ្ជាក់ជូនផងដែរថា ក្រុមហ៊ុន ខេមបូឌាន បាណាណា អេហ្គ្រីខលឆឺរ័ល ឯ.ក (CBA) គឺជាក្រុមហ៊ុនវិនិយោគ លើវិស័យកសិឧស្សាហកម្ម ដោយផ្តោតសំខាន់លើការដាំដុះ និងនាំចេញផ្លែចេកអំបូងលឿងទៅកាន់បរទេស។ តាមរយៈការវិនិយោគរបស់ក្រុមហ៊ុន ខេមបូឌាន បាណាណា អេហ្គ្រីខលឆីវ័ល ឯ.ក (CBA) បានបង្កើត និងផ្តល់ឱកាសការងារជាងមួយពាន់កន្លែងដល់ប្រជាពលរដ្ឋកម្ពុជា ជាពិសេសប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដោយអាចបំពេញការងារជាលក្ខណៈគ្រួសារ (ឪពុកម្តាយ កូន ប្តីប្រពន្ធ ធ្វើការជុំគ្នា) ទទួលបានប្រាក់ចំណូលខ្ពស់ រួមទាំងផ្តល់នូវទីកន្លែងស្នាក់នៅ អាហារ រួមទាំងមានការ គិតគូរពីសុខសុវត្ថិភាពរបស់ប្រជាពលរដ្ឋ (កម្មករនិយោជិត) តាមរយៈការបង់វិភាគទានបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) ជូនផងដែរ ការណ៍នេះបានផ្តល់នូវភាពងាយស្រួលដល់ប្រជាពលរដ្ឋដោយមិនចាំបាច់ធ្វើចំណាកស្រុក ដើម្បីប្រកបរបររកស៊ី នោះឡើយ៕