(កំពង់ចាម)៖ យុទ្ធនាការគាំទ្រសាលារៀនគោលដៅ៖ «វិធានការគន្លឹះក្នុងវិស័យអប់រំរបស់ គ.វ.អ. គឺជាយន្តការកែទម្រង់ការអប់រំប្រកបដោយវិធីសាស្ត្រ វិធីអនុវត្ត និងការអន្តរាគមន៍គាំទ្រពិតប្រាកដក្រោមគំនិតផ្តួចផ្តើមដ៏ថ្លៃថ្លារបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលមិនធ្លាប់មានក្នុងសាវតារការអប់រំនៅកម្ពុជាកន្លងមក»។

នេះជាការលើកឡើងរបស់ លោក ពេជ សោភ័ន ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានលេខាធិការដ្ឋាន គណៈកម្មាធិការជាតិជំរុញការអនុវត្តវិធានការគន្លឹះក្នុងវិស័យអប់រំរបស់រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា (គ.វ.អ.) នៅក្នុងឱកាសអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីចាប់ផ្តើមយុទ្ធនាការគាំទ្រសាលារៀនគោលដៅនៅសាលាខេត្តកំពង់ចាម កាលពីព្រឹកថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៥នេះ ដែលរៀបចំរួមគ្នាសម្រាប់សាលាគោលដៅក្នុងខេត្តកំពង់ចាម និងខេត្តព្រៃវែង ដោយមានការអញ្ជើញចូលរួមជាសក្ខីភាព និងជំរុញយុទ្ធនាការនេះយ៉ាងផុលផុសបំផុតពីសំណាក់ លោក អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម លោក ឈាង សុវណ្ណារ៉ា អភិបាលរងខេត្តព្រៃវែង ព្រមទាំងវត្តមានរបស់ ប្រធានក្រុមប្រឹក្សាខេត្តកំពង់ចាម អភិបាលក្រុង ស្រុកនៃខេត្តទាំងពីរ, ប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធជុំវិញខេត្ត, អាជ្ញាធរ, កងកម្លាំងប្រដាប់អាវុធ, មេឃុំ ចៅសង្កាត់ នាយកសាលា គ្រូបង្រៀន និងឪពុកម្តាយសិស្សសរុបប្រមាណជាង ៦០០នាក់។

ចាប់ពីពាក់កណ្តាលខែមករា យុទ្ធការគាំទ្រសាលារៀនរបស់លេខាធិការដ្ឋាន គ.វ.អ. ត្រូវបានរៀបចំឡើងនៅតាមបណ្តារាជធានីខេត្ត ដោយបានចាប់ផ្តើមពីខេត្តបាត់ដំបង និងជាបន្តបន្ទាប់ទៅគ្រប់រាជធានីខេត្តទូទាំងប្រទេស ដោយបានបិទបញ្ចប់យុទ្ធនាការចុងក្រោយនៅក្នុងខេត្តកំពង់ចាមជាប់ដងទន្លេមេគង្គដ៏មហិមារបស់កម្ពុជា។ យុទ្ធនាការចុងក្រោយនេះត្រូវបានប្រមូលផ្តុំសាលាគោលដៅសរុបចំនួន ២៣ សាលា ដោយក្នុងនោះមកពីខេត្តកំពង់ចាមចំនួន ១៤ សាលា និងខេត្តព្រៃវែងចំនួន ៩ សាលា ដែលបានធ្វើឲ្យព្រឹត្តិការណ៍នេះកាន់តែមានភាពអធឹកអធមក្រៃលែង។

លោក ពេជ សោភ័ន បានលើកឡើងថា «អស់រយៈកាលប្រមាណជិត ២ខែកន្លងមកហើយដែលការចាប់ផ្តើមយុទ្ធនាការគាំទ្រសាលារៀនគោលដៅ ត្រូវបានរៀបចំឡើងជាបន្តបន្ទាប់គ្នា ដើម្បីផ្សព្វផ្សាយបង្កើនការយល់ដឹងឲ្យកាន់តែស៊ីជម្រៅអំពីវិធានការគន្លឹះ គ.វ.អ. ដែលបានដាក់ចេញដោយរាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា ក្នុងការជួយដល់សាលាបឋមសិក្សារបស់រដ្ឋ សំដៅបង្កើនចំណេះដឹង វិន័យ សីលធម៌ និងឥរិយាបថរបស់សិស្ស។ »

ខេត្តកំពង់ចាម ជាខេត្តមួយក្នុងចំណោមរាជធានីខេត្តផ្សេងទៀតទូទាំងប្រទេស ដែលលេខាធិការដ្ឋានបានពិនិត្យជ្រើសរើសសាលាបឋមសិក្សាសម្រាប់ដាក់ឲ្យអនុវត្តវិធានការគន្លឹះ ជាពិសេសការបង្រៀនបន្ថែម ២ម៉ោងក្នុង១ថ្ងៃ ដល់សិស្សដោយមិនតម្រូវឲ្យឪពុកម្តាយបង់ប្រាក់នោះទេ។ វិធានការគន្លឹះគឺជាយន្តការអន្តរាគមន៍ដ៏មានប្រសិទ្ធភាព និងត្រឹមត្រូវបំផុតរបស់រាជរដ្ឋាភិបាលក្រោមការដឹកនាំប្រកបដោយបញ្ញាញាណវាងវៃបំផុតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធាន គ.វ.អ.។

លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានលើកឡើងថា «ខេត្តកំពង់ចាម គឺជាខេត្តជាប់ដងទន្លេធំដែលមានសក្តានុពលខ្ពស់ផ្នែកកសិកម្ម ដំណាំឧស្សាហកម្ម និងទេសចរណ៍។ ទន្ទឹមនេះខេត្តក៏បានខិតខំកែប្រែមុខមាត់ថ្មី តាមរយៈការលើកកម្ពស់កិច្ចការអប់រំគ្រប់កម្រិត ដោយទទួលបានលទ្ធផលប្រសើរជាបន្តបន្ទាប់។ លោកបានបង្ហាញគោលជំហរខ្លាំងក្លាចំពោះការអនុវត្តវិធានការគន្លឹះ គ.វ.អ. និងស្នើសុំឲ្យលេខាធិការដ្ឋានបន្តជ្រើសរើសសាលាដែលមានសក្តានុពលក្នុងខេត្តកំពង់ចាមឲ្យបានកាន់តែច្រើនទៀតសម្រាប់ជំហានបន្ទាប់។ »

គ្រប់សាលារៀនទាំងអស់ដែលកំពុងអនុវត្តវិធានការគន្លឹះ គ.វ.អ. សុទ្ធតែត្រូវបានជ្រើសរើសដោយការស្ម័គ្រចិត្តចូលរួមពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ។ គោលដៅសំខាន់គឺការរួមគ្នាជំរុញ និងផ្តល់ការគាំទ្រគ្រប់ជ្រុងជ្រោយជាដំណាក់កាលៗ ដោយប្រើប្រាស់វិធីសាស្ត្រជាក់លាក់ និងការជួយដោយផ្ទាល់ពីគ្រូបង្គោលប្រចាំតំបន់ និងរាជធានីខេត្ត ដែលជាអតីតនាយក នាយិកាសាលា គ្រូបង្រៀន ឬបុគ្គលិកអប់រំដែលមានស្នាដៃឆ្នើមៗ ដើម្បីជួយជំរុញឲ្យលទ្ធផលសិក្សារបស់សិស្សមានការប្រែប្រួលកាន់តែល្អប្រសើរ។

លោកទេសរដ្ឋមន្រ្តី ប្រធានលេខាធិការដ្ឋាន បានរំឭកដោយសង្កត់ធ្ងន់ថា «ក្នុងមួយអាជីពការងាររបស់ខ្ញុំពាក់ព័ន្ធវិស័យអប់រំ ខ្ញុំមិនធ្លាប់ឃើញការកែទម្រង់ និងដាក់ចេញនូវវិធានការគន្លឹះដែលជាអន្តរាគមន៍ចំគោលដៅនៃបញ្ហាដូចនេះទេ។ មានតែរាជរដ្ឋាភិបាលអាណត្តិទី៧នេះ ជាពិសេសក្រោមគំនិតផ្តួចផ្តើមដ៏ថ្លៃថ្លារបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត ដែលជាបានផ្តល់នូវដំណោះស្រាយពេញលេញ ដោយផ្អែកលើការសិក្សាស្រាវជ្រាវបែបវិទ្យាសាស្ត្រគ្រប់ជ្រុងជ្រោយ ដើម្បីដាក់ចេញនូវវិធានការគន្លឹះក្នុងវិស័យអប់រំ ដូចដែលយើងទាំងអស់គ្នាកំពុងជំរុញនិងចូលរួមអនុវត្តនាពេលនេះ។ »