(ភ្នំពេញ)៖ ប្រតិភូសម្ព័ន្ធ AiLa មកពីប្រទេសចិន បានធ្វើទស្សកិច្ចនៅសមាគមសហព័ន្ធភ្នាក់ងារសេវាកម្មពន្ធដារកម្ពុជា (CTAFA) ដើម្បីសិក្សាឈ្វេងយល់ការវិនិយោគនៅកម្ពុជា។

ក្នុងសកម្មភាព ដែលបានធ្វើឡើងនៅថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៥ លោក អ៊ំ សារាវុធ ប្រធានសមាគម CTAFA បានធ្វើបទបង្ហាញអំពីច្បាប់វិនិយោគ (ការលើកទឹកចិត្តចំពោះគម្រោងវិនិយោគ), ពន្ធដារ និងគណនេយ្យនិងសវនកម្ម ដល់វិនិយោគិនចិន ដែលមកឈ្វេងយល់អំពីឱកាសវិយោគនៅកម្ពុជា ដោយទទួលបានការចាប់អារម្មណ៍ ពីសំណាក់ពាណិជ្ជករជាយ៉ាងច្រើន។

ដំណើនេះ ត្រូវបានទទួលស្វាគមន៍ដោយលោក ជា ចាន់ដារ៉ា ប្រធានសមាគមពាណិជ្ជករដឹកជញ្ជូន និងខ្សែច្រវាក់ផ្គត់ផ្គង់នៅកម្ពុជា (LOSCBA) និងសមាជិកថ្នាក់នាំ។ បន្ទាប់ពីចប់ទស្សកិច្ចនៅ CTAFA ថ្នាក់ដឹកនាំ LOSCBA ក៏បាននាំប្រតិភូ AiLA ទៅធ្វើទស្សកិច្ចនៅក្រុមហ៊ុនផែស្ងួត អ៊ុយញ៉ុង ដោយមានការណែនាំអំពីនីតិវិធីនៃការផ្ទុកទំនិញក្នុងឃ្លាំង និងសេវាកម្មផ្សេងៗរបស់ផែផងដែរ។

នៅថ្ងៃបន្ទាប់ លោក ជា ចាន់ដារ៉ា ទទួលបានការអញ្ជើញជាគណៈអធិបតីបើកកម្មវិធីជំនួបម្ចាស់អាជីវកម្ម រវាងប្រតិភូ AiLa មកពីប្រទេសចិន សឹង្ហបុរី វៀតណាម ដែលបណ្តុំដោយក្រុមហ៊ុនដឹកជញ្ជូន (ឡូជីស្ទីក) និងខ្សែច្រវាក់ផ្គត់ផ្គង់ ជាមួយនឹងក្រុមដឹកជញ្ជូន (ឡូជីស្ទីក) នៅព្រះរាជាណាចក្រកម្ពុជា។

សូមបញ្ជាក់បន្ថែមថា សម្ព័ន្ធ AiLA គឺជាសម្ព័ន្ធរៀបចំជំនួបម្ចាស់អាជីវកម្មជាអន្តរជាតិនៅលើវិស័យ ដឹកជញ្ជូន (ឡូជីស្ទីក) និងខ្សែច្រវាក់ផ្គត់ផ្គង់ ដោយមានកិច្ចសហការជាមួយសមាគមជាច្រើននៃបណ្តាប្រទេសផ្សេងៗ ហើយនេះជាលើកទី២ ដែលសម្ព័ន្ធ AiLA ដឹកនាំប្រតិភូមកធ្វើទស្សនកិច្ចនៅកម្ពុជា ដើម្បីផ្សាភ្ជាប់ទំនាក់ទំនងពាណិជ្ជកម្ម និងវិយោគ ដោយបានសន្យា នឹងដឹកនាំប្រតិភូពីបណ្តាប្រទេសផ្សេងមកកម្ពុជាជាបន្តបន្ទាប់ទៀត៕