(រតនគិរី)៖ លោកឧត្តមសេនីយ៍ទោ អ៊ុង សុភាព ស្នងការនគរបាលខេត្តរតនគិរី ជួបសំណេះសំណាលជាមួយស្ត្រី ជាមន្ត្រីនគរបាល ដើម្បីអបអរសាទរទិវាអន្តរជាតិនារី ៨ មីនា ខួបលើកទី១១៤ ឆ្នាំ២០២៥។
ពិធីអបអរសាទរទិវាអន្តរជាតិនារី ៨ មីនានេះ បានប្រារព្ធធ្វើឡើងនាថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៥ ក្រោមប្រធានបទ «សិទ្ធិសមភាព និងភាពអង់អាចចំពោះស្រី្ត និងក្មេងស្រីគ្រប់រូប» នៅស្នងការដ្ឋាននគរបាលខេត្តរតនគិរី។
ពិធីនេះដោយមានការអញ្ជើញចូលរួមពីលោក-លោកស្រី ស្នងការរង នាយ នាយរងការិយាល័យ អធិការ អធិការរងក្រុង ស្រុក ព្រមទាំងមន្ត្រីនគរបាលជាច្រើននាក់។
លោកឧត្តមសេនីយ៍ទោ អ៊ុង សុភាព បានបង្ហាញឲ្យឃើញ ពីការដើរតួនាទីយ៉ាងសំខាន់របស់សុខសន្តិភាព នៅក្នុងសង្គមជាតិ ជាពិសេសសុខសន្តិភាពនេះ បានចូលរួមចំណែក ជួយដល់ការលើកកម្ពស់សិទ្ធិសេរីភាពរបស់ស្ត្រី និងជួយឲ្យស្ត្រីមានតម្លៃកាន់តែខ្ពស់ឡើង នៅក្នុងសង្គម។
លោកបានថ្លែងអំណរព្រះគុណ និងថ្វាយព្រះពរជ័យសេរីមង្គល សម្តេចព្រះវររាជមាតាជាតិខ្មែរ និងព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ដែលព្រះអង្គទាំងទ្វេតែងតែ យកព្រះទ័យទុកដាក់អំពីសុខទុក្ខ និងជីវភាពរបស់កូនចៅ ពិសេសការលើកកម្ពស់សិទ្ធ សមភាព និងភាពអង់អាចចំពោះស្រី្ត និងក្មេងស្រីគ្រប់រូបនៅកម្ពុជា។
លោកបានបន្តថា ជារៀងរាល់ឆ្នាំ គឺមានគោលបំណងរំលឹកដល់សេចក្តីក្លាហាន និងការខិតខំតស៊ូរបស់ស្ត្រីទូទាំងសកលលោក ដើម្បីសិទ្ធិសេរីភាព និងតួនាទីស្មើភាពគ្នារវាងបុរស និងស្ត្រីដើម្បីឆ្ពោះទៅលើកកម្ពស់សមភាពស្រី្ត និងក្មេងស្រីគ្រប់រូប និងផ្តល់ឱកាសដល់ស្ត្រី ក្នុងឆាកនយោបាយ និងសង្គម។
លោកបានកោតសរសើរក្រសួងកិច្ចការនារី ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី ក្រសួងស្ថាប័នពាក់ព័ន្ធ វិស័យឯកជន សង្គមស៊ីវិល និងដៃគូរអភិវឌ្ឍន៍ជាតិ-អន្តរជាតិទាំងអស់ ដែលបានរួមចំណែកគាំទ្រ ការលើកម្ពស់ស្ថានភាព ជីវភាព សិទ្ធិ ឋានៈតួនាទី សុខមាលភាព ស្ត្រី និងកុមារ និងការផ្តល់សេវាកម្មជួយជនរងគ្រោះ ដោយអំពើហិង្សាប្រកបដោយគុណភាព និងប្រសិទ្ធភាព។
លោកបញ្ជាក់ថា រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំ របស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានបន្តកំណត់ការលើកកម្ពស់សមភាពយេនឌ័រ និងការបង្កើនភាពអង់អាចរបស់ស្ត្រី និងក្មេងស្រីនៅគ្រប់វិស័យជាអាទិភាព ដូច្នេះស្ត្រីគ្រប់រូបមិនត្រូវទន់ជ្រាយ ត្រូវបង្កើនសមត្ថភាពរបស់ខ្លួនបន្ថែមទៀត ឲ្យស្របទៅនឹងការវិវឌ្ឍន៍ បច្ចេកវិទ្យាទំនើប (សម័យឌីជីថល)។
ជាមួយគ្នានេះដែរ លោកឧត្តមសេនីយ៍ទោ អ៊ុង សុភាព ជូនបាច់ផ្កា និងផ្តល់នូវកាដូអនុស្សាវរីយ៍ និងថវិកាមួយចំនួនជូនដល់មន្ត្រីនគរបាលជាស្ត្រី និងរៀបចំអាហារសាមគ្គី ដើម្បីលើកទឹកចិត្ត ដែលពួកគាត់បានខិតខំលះបង់កម្លាំងកាយចិត្ត ក្នុងការបំពេញការងារបំរើជាតិមាតុភូមិ៕