(ភ្នំពេញ)៖ លោក សុខ សូកេន រដ្ឋមន្ត្រីក្រសួងអធិការកិច្ច បានលើកឡើងថា ការរៀបចំទិវាអន្តរជាតិនារី ៨មីនា ឆ្នាំនេះ បានផ្សាភ្ជាប់ជាមួយនឹងការ អបអរសាទរខួប៣០ឆ្នាំ នៃសន្និសិទពិភពលោកលើកទី៤ ស្តីពី ស្ត្រី ដែលបានអនុម័តសេចក្តី ថ្លែងការណ៍ និងផែនការសកម្មភាពទីក្រុងប៉េកាំង នៅឆ្នាំ១៩៩៥ ដោយមានការចូលរួមពីបណ្តាប្រទេសសរុបចំនួន ១៨៩ប្រទេស។
ការលើកឡើងបែបនេះរបស់ លោក សុខ សូកេន បានធ្វើឡើងនៅថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៥នេះ ក្នងពិធី «អបអរសាទរខួបទី១១៤ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៥» របស់ក្រសួងអធិការកិច្ច ដោយមានការពី សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធាន
សមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ព្រមទាំងរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គនាយករង លោក លោកស្រី ប្រធាន អនុប្រធាននាយកដ្ឋាន និងភ្ញៀវកត្ដិយកច្រើននាក់។
លោក សុខ សូកេន បានថ្លែងថា ទិវាអន្តរជាតិនារី ៨មីនា រៀបចំឡើងដើម្បីរំលឹកអំពីការតស៊ូទាមទារសិទ្ធិសេរីភាព និង ឆ្លុះបញ្ចាំងអំពីវឌ្ឍនភាព សមិទ្ធផល បញ្ហាប្រឈម កាលានុវត្តភាពនានា និងបង្ហាញពីការប្តេជ្ញាចិត្ត និងវិធានការវិជ្ជមាន ក្នុងការលើកកម្ពស់សមភាពយេនឌ័រ និងបង្កើនភាពអង់អាចដល់ស្ត្រីនិង ក្មេងស្រីគ្រប់រូប។ ជាក់ស្តែងនៅក្នុងឆ្នាំ២០២៥នេះ ពិភពលោកទាំងមូល រួមទាំងកម្ពុជាផងដែរ រៀបចំទិវាអន្តរជាតិនារី ៨មីនា ក្រោមប្រធានបទ «សិទ្ធិ សមភាព និងភាពអង់អាច ចំពោះស្ត្រីនិងក្មេងស្រីគ្រប់រូប» ក្នុងគោលបំណងជំរុញការការពារសិទ្ធិស្ត្រី និងក្មេង ការលើកកម្ពស់ សមភាពយេនឌ័រ និងជំរុញភាពអង់អាចដល់ស្ត្រីនិងក្មេងស្រីគ្រប់រូប ដើម្បីទាញយកអត្ថប្រយោជន៍ នៃការចូលរួមរបស់ស្ត្រី ក្នុងកំណើនសេដ្ឋកិច្ច និងកិច្ចអភិវឌ្ឍន៍សង្គមប្រកបដោយ សមធម៌ បរិយាបន្ន និងចីរភាព។
លោករដ្ឋមន្ត្រី ក៏បានវាយតម្លៃខ្ពស់ចំពោះរបាយការណ៍របស់លោកស្រី វង់ មយូរា ប្រធានក្រុមការងារបញ្ជាបយេនឌ័រក្រសួង ដែលបានលើកឡើងពីការរីកចំរើន និងសកម្មភាព ទាំងឡាយដែលក្រុមការងារបានធ្វើកន្លងមក ក្នុងរបាយការណ៍សង្ខេបស្តីពីសកម្មភាពយេនឌ័រ ឆ្នាំ២០២៤ និងទិសដៅឆ្នាំ២០២៥ របស់ក្រសួងអធិការកិច្ច និងសូមអរគុណចំពោះក្រុមការងារ បញ្ជាបយេនឌ័ររបស់ក្រសួង និងក្រុមការងារពាក់ព័ន្ធ ដែលបានខិតខំរៀបចំពិធីដ៏មាន សារៈសំខាន់នេះឡើង។
លោករដ្ឋមន្ត្រី ក៏សូមយកឱកាសនេះរំលេចផងដែរថា ទាំងយន្តការថ្នាក់ជាតិ និងអន្តរជាតិ កម្ពុជា បានចូលរួមយ៉ាងសកម្មក្នុងការការពារសិទ្ធិស្ត្រី និងកុមារ ការលើកកម្ពស់សមភាពយេនឌ័រ និងការជំរុញភាពអង់អាចរបស់ស្ត្រី និងក្មេងស្រីគ្រប់រូប ស្របតាមប្រធានបទនៃទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៥នេះ។ ជាពិសេស កម្ពុជាបានចូលជាភាគីនៃសន្ធិសញ្ញាពាក់ព័ន្ធសិទ្ធិមនុស្ស សិទ្ធិនារី និងសិទ្ធិកុមារ ជាច្រើន ក្នុងនោះ អនុសញ្ញាស្តីពីការលុបបំបាត់រាល់ទម្រង់នៃការរើសអើង ប្រឆាំងនឹងស្ត្រី និងក្មេងស្រី ឆ្នាំ១៩៨១។ ក្នុងការលើកតម្កើងសិទ្ធិមនុស្ស កម្ពុជាបានបញ្ចូល តម្លៃគតិយុត្តនៃបទប្បញ្ញត្តិនៃសន្ធិសញ្ញាពាក់ព័ន្ធសិទ្ធិមនុស្ស ទៅក្នុងរដ្ឋធម្មនុញ្ញ ឆ្នាំ១៩៩៣ ដោយចែកក្នុងជំពូកទី៣ មាត្រា៣១ ប្រកាសទទួលស្គាល់ និងគោរពសិទ្ធិមនុស្សដូចមាន ចែងក្នុងធម្មនុញ្ញនៃអង្គការសហប្រជាជាតិ សេចក្តីប្រកាសជាសកលស្តីពីសិទ្ធិមនុស្ស និង កតិកាសញ្ញា ព្រមទាំងអនុសញ្ញាទាំងឡាយទាក់ទងនឹងសិទ្ធិមនុស្ស សិទ្ធិនារី និងសិទ្ធិកុមារ, មាត្រា៤៥ ចែងថា «ការរើសអើងគ្រប់ប្រភេទ ប្រឆាំងនឹងស្ត្រីភេទ ត្រូវបំបាត់ចោល។ ការធ្វើ អាជីវកម្មលើការងាររបស់ស្ត្រី ត្រូវហាមឃាត់។ បុរស និងស្ត្រី មានសិទ្ធិស្មើគ្នាក្នុងគ្រប់វិស័យ ទាំងអស់ ជាពិសេសក្នុងអាពាហ៍ពិពាហ៍ និងគ្រួសារ»។
ជាមួយគ្នានេះ លោករដ្ឋមន្ត្រី បានបន្ដថា នៅក្នុងយន្តការអន្តរជាតិ ស្ត្រីកម្ពុជា ត្រូវបានផ្តល់តម្លៃ និងទទួលស្គាល់នៅក្នុងសហគមអន្តរជាតិ សម្រាប់ចូលរួមក្នុងការថែរក្សា សុខសុវត្ថិភាព និងសន្តិភាព តាមរយៈការបញ្ជូនកងកម្លាំងស្ត្រីក្នុងប្រតិកម្មរក្សាសន្តិភាពរបស់ អង្គការជាតិ ដែលកម្ពុជាជាប់លេខ១ ក្នុងចំណោមប្រទេសអាស៊ាន និងលេខ១៣ ក្នុងចំណោម ១២០ប្រទេស។ លើសពីនេះទៀត កម្ពុជាត្រូវបានជ្រើសតាំងជាប្រធាន និងជាតំណាងតំបន់ អាស៊ី-ប៉ាស៊ីហ្វិក (ប្រទេសទាំង៥៣ និងសហគមន៍ទាំង៩) ដើម្បីចូលរួមរាយការណ៍អំពីវឌ្ឍនភាព កាលានុវត្តភាព និងទិសដៅអាទិភាព ពាក់ព័ន្ធនឹងសមភាពយេនឌ័រ និងការបង្កើនភាពអង់អាច របស់ស្ត្រី និងក្មេងស្រី។
បន្ថែមពីនេះ ក្រោមដំបូលនៃសន្តិភាព តាមរយៈការដាក់ចេញនូវនយោបាយឈ្នះ-ឈ្នះ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្នជា ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា កម្ពុជាមានការអភិវឌ្ឍ និងរីកចម្រើនលើគ្រប់វិស័យ ក្នុងនោះ ការលើកកម្ពស់សិទ្ធនារី និងសមភាពយេនឌ័រ ត្រូវបានយកចិត្តទុកដាក់ខ្ពស់ ពីសំណាក់ រាជរដ្ឋាភិបាលដោយមានការចូលរួម ពីសង្គមស៊ីវិល និងតួអង្គនានារបស់សង្គម និងក្រោម យន្តការរបស់ស្ថាប័ននីតិបញ្ញត្តិ ស្របតាមនីតិរដ្ឋ និងប្រជាធិបតេយ្យ ក្នុងការគោរពសិទ្ធិមនុស្ស ជាពិសេសសិទ្ធិស្ត្រីផងដែរ។ ជាក់ស្តែង យុទ្ធសាស្ត្រចតុកោណទាំងបួនដំណាក់កាល បានរំលេច ពីការលើកកម្ពស់សមភាពយេនឌ័រ ដោយចាត់ទុកស្ត្រីជាផ្នែកដ៏សំខាន់នៃធនធានមនុស្សកម្ពុជា៖ ស្ត្រីគឺជាឆ្អឹងខ្នងនៃសេដ្ឋកិច្ច និងសង្គមជាតិ ដែលបានជំរុញឱ្យមានវត្តមានរបស់ស្ត្រីកាន់តែច្រើន ក្នុងការធ្វើសេចក្តីសម្រេចទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ រួមទាំងវិស័យឯកជនផងដែរ។
ទន្ទឹមនឹងនេះ រាជរដ្ឋាភិបាលនឹងបន្តលើកកម្ពស់សមភាពយេនឌ័រ តាមរយៈការបង្កើនការវិនិយោគ នៅក្នុងវិស័យសេដ្ឋកិច្ច អប់រំ សុខភាព និងការដឹកនាំសាធារ ណៈក្នុងវិស័យសាធារណៈ នយោបាយ និងឯកជន ដើម្បីទាញយកអត្ថប្រយោជន៍ពីភាគលាភ យេនឌ័រ បង្កលក្ខណៈ អំណោយផលដល់ស្ត្រី ក្នុងការប្រើប្រាស់សិទ្ធិលើការសម្រេចចិត្តអំពី ផែនការគ្រួសារ កាត់បន្ថយ ភាពងាយរងគ្រោះដោយអំពើហិង្សាទាក់ទងនឹងយេនឌ័រ លើស្ត្រីនិងក្មេងស្រី និងការលើកកម្ពស់ ការទំនាក់ទំនងអន្តរជំនាន់៕