(ភ្នំពេញ)៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា បានចេញលិខិតថ្លែងអំណរគុណ ជូនចំពោះសារជូនពររបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ក្នុងឱកាសនៃការប្រារព្ធខួបលើកទី១១៤ ទិវានារីអន្តរជាតិ ៨មីនា ឆ្នាំ២០២៥ ក្រោមប្រធានបទ «សិទ្ធិ សមភាព និងភាពអង់អាចចំពោះស្ត្រីនិងក្មេងស្រីគ្រប់រូប»។

ក្នុងលិខិតថ្លែងអំណរគុណដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននាថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៥នេះ មានខ្លឹមសារដូចនេះថា «ខ្ញុំពិតជាមានសេចក្តីសោមនស្សរីករាយឥតឧបមា ដោយទទួលបាននូវសារលិខិតជូនពរចុះថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៥ របស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រកបដោយអត្ថន័យយ៉ាងជ្រាលជ្រៅ និងសព្ទសាធុការពរជ័យដល់រូបខ្ញុំ នាឱកាសនៃការប្រារព្ធខួបលើកទី១១៤ ទិវានារីអន្តរជាតិ ៨មីនា ឆ្នាំ២០២៥ ក្រោមប្រធានបទ «សិទ្ធិ សមភាព និងភាពអង់អាចចំពោះស្ត្រីនិងក្មេងស្រីគ្រប់រូប»។

ឆ្លៀតក្នុងឱកាសដ៏វិសេសវិសាលនេះ ខ្ញុំសូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសន្តានចិត្ត ដ៏ប្រពៃថ្លៃថ្លា ជាមួយនឹងការយកចិត្តទុកដាក់ខ្ពស់របស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ដែលតែងតែលើកទឹកចិត្ត និងគាំទ្រ ដល់រូបខ្ញុំ។ នេះគឺពិតជាការផ្តល់នូវមហាកិត្តិយស និងលើកកម្ពស់គុណតម្លៃស្ត្រីក្នុងសង្គម ដែលជំរុញលើកទឹកចិត្ត ឱ្យស្ត្រីគ្រប់រូបក៏ដូចជាខ្ញុំផ្ទាល់ក្នុងការចូលរួមចំណែកបំពេញបេសកកម្មដឹកនាំរដ្ឋសភាដ៏ឧត្តុង្គឧត្តម ដើម្បីជា ឧត្តមប្រយោជន៍ក្នុងការកសាងសុខសន្តិភាព ឯកភាពជាតិ ស្ថិរភាពនយោបាយ ពង្រឹងនីតិរដ្ឋ ការអភិវឌ្ឍ ជូនជាតិមាតុភូមិ និងប្រជាជនកម្ពុជា។

ឆ្លៀតក្នុងវរោកាសដ៏ឧត្តុង្គឧត្តមនេះ យើងខ្ញុំទាំងអស់គ្នាសូមសម្តែងនូវការគោរព និងកោតសរសើរ ដោយស្មោះអស់ពីដួងចិត្តជូនចំពោះសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលជានិច្ចកាលបានខិតខំប្រឹងប្រែង មិនខ្លាចនឿយហត់ យកអស់កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី និងបទពិសោធ ក្នុងការដឹកនាំចលនាកាកបាទក្រហមកម្ពុជា ឱ្យទទួលបានជោគជ័យដ៏ត្រចះត្រចង់ ព្រមទាំងការលើកតម្កើងគុណតម្លៃ និងតួនាទីស្ត្រីកម្ពុជា ឱ្យមានការយល់ដឹង និងទទួលស្គាល់កាន់តែខ្លាំងក្លាពីគ្រប់មជ្ឈដ្ឋានជាតិ និងអន្តរជាតិ។

សមិទ្ធផលសង្គមជាច្រើនដែល សម្តេចបាននឹងកំពុងកសាងរួមមានការបង្កើតមជ្ឈមណ្ឌលថែរក្សាកុមារកំព្រា និងមជ្ឈមណ្ឌល អភិវឌ្ឍន៍នានា សំដៅលើកកម្ពស់សុខុមាលភាពស្ត្រី និងកុមារ ព្រមទាំងការផ្តល់ជាអនុសាសន៍ដ៏ខ្ពង់ខ្ពស់ក្នុង ការគាំពារស្ត្រី និងកុមារ។ រយៈពេលកន្លងមកនេះសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានបំពេញតួនាទីដ៏ឧត្តុង្គឧត្តម ជាភរិយាល្អ មាតាល្អ និងជីដូនប្រកបដោយព្រហ្មវិហារធម៌។

ជាងនេះទៀត សម្តេចជាឥស្សរជនស្ត្រីទីមួយ ដ៏ឆ្នើមនិងជានិមិត្តរូបនៃការងារមនុស្សធម៌នៅកម្ពុជា ព្រមទាំងបានរួមដំណើរជាមួយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា គ្រប់កាលៈទេសៈក្នុងការដឹកនាំប្រទេសជាតិឱ្យមានសុខសន្តិភាព ពេញបរិបូរណ៍ បូរណភាពទឹកដីដ៏រឹងមាំយូរអង្វែង និងអភិវឌ្ឍប្រទេសជាតិ ឱ្យរីកចម្រើនឥតឈប់ឈរជាបន្ត បន្ទាប់លើគ្រប់វិស័យ ព្រមទាំងបានលើកកម្ពស់កិត្យានុភាពជាតិនៅលើឆាកអន្តរជាតិ។

ជាថ្មីម្តងទៀត ខ្ញុំសូមលើកហត្ថបួងសួងដល់គុណបុណ្យព្រះរតនត្រ័យកែវទាំងបី វត្ថុស័ក្តិសិទ្ធិក្នុងលោក និងទេវតាថែរក្សាព្រះរាជាណាចក្រកម្ពុជា សូមជួយប្រោះព្រំសព្ទសាធុការពរ សិរីសួស្តី ជ័យមង្គល វិបុលសុខ បវរមហាប្រសើរគ្រប់ប្រការជូនចំពោះសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំងក្រុមគ្រួសារ ជាទីស្រលាញ់ សូមបានប្រកបដោយពុទ្ធពរ ទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

សូមសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា មេត្តាទទួល នូវការគោរពដ៏ខ្ពង់ខ្ពស់ពីខ្ញុំ៕