(កំពង់ឆ្នាំង)៖ លោកវេជ្ជ. សុះ មុះសិន អ្នកតំណាងរាស្ត្រមណ្ឌលខេត្តកណ្ដាល និងជាប្រធានសមាគមន៍និស្សិតមូស្លីមកម្ពុជា និងលោកបណ្ឌិត ហ៊ឺ វីរៈ អ្នកតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ឆ្នាំង បានអញ្ជើញជាអធិបតីចែកកញ្ចប់អាហារស្រាយបួស ជូនបងប្អូនខ្មែរឥស្លាមសម្រាប់ខែរ៉ម៉ាឌន ដែលជាជំនួយរបស់សហគមន៍និស្សិតមុស្លីមកម្ពុជាចំនួន ១៥០គ្រួសារ នៅភូមិទួល ឃុំឈូកស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។
ពិធីនេះបានធ្ហវើឡើងនាថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៥ ដោយមានការចូលរួមពីលោកវេជ្ជបណ្ឌិត សាន់ សាប់អី រដ្ឋលេខាធិការក្រសួងសុខាភិបាល លោក សុះ ស៊ុបអ៊ី អនុរដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោក សេន ម៉ាណូ សមាជិកក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង រួមនឹងលោកក្រុមប្រឹក្សាស្រុក អភិបាលរង នៃគណៈអភិបាលស្រុកកំពង់ត្រឡាច និងរដ្ឋបាលភូមិ-ឃុំ។
ក្នុងឱកាសនោះក្រៅពីការពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើរបស់ថ្នាក់ដឹកនាំមកសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋពីសំណាក់លោក សុះ មុះសិន រួច លោកបណ្ឌិត ហ៊ឺ វីរៈ ក៏បានថ្លែងកោតសរសើរចំពោះបងប្អូនប្រជាពលរដ្ឋខ្មែរឥស្លាម ដែលតែងតែមានសាមគ្គីភាព ជួយយកអាសារគ្នាទៅវិញទៅមក គោរព និងប្រតិបត្តិសាសនាបានយ៉ាងល្អខ្ជាប់ខ្ជួន។
លោកមបណ្ឌិត ក៏បានផ្ដាំផ្ញើបងប្អូនខ្មែរឥស្លាមត្រូវសម្អាតអនាម័យខ្លួនប្រាណ សម្អាតបរិស្ថានជុំវិញផ្ទះ និងបរិភោគអាហារប្រកបដោយអនាម័យ ព្រោះវាជាផ្នែកមួយធ្វើឱ្យយើងជៀសផុតពីជំងឺផ្សេងៗបាន។
សូមបញ្ជាក់ថា កញ្ចប់អាហារស្រាយបួស នាឱកាសនេះក្នុងគ្រួសារនីមួយៗទទួលបានអង្ករ ១២គីឡូក្រាម មី ១០កញ្ចប់ ទឹកដោះគោខាប់ ២កំប៉ុង ស្ករស ១គីឡូក្រាម និងអូវ៉ាន់ទីន ១កំប៉ុង៕