(ភ្នំពេញ)៖ «ស្ត្រីបានដើរតួនាទីសំខាន់ទាំងក្នុងគ្រួសារ និងសង្គមជាតិ ក្នុងនោះស្រ្តីបាននិងកំពុងកំពុងចូលរួមចំណែកសំខាន់ ក្នុងការការពារនិងអភិរក្សធនធានធម្មជាតិ ដើម្បីកម្ពុជាមានភាពស្អាត មានភាពបៃតង និងការរស់នៅប្រកបដោយចីរភាព»។ អ្នកនាំពាក្យក្រសួងបរិស្ថាន លោក ខ្វៃ អាទិត្យា បានថ្លែងថាបែបនេះជាមួយអ្នកសារព័ត៌មាន Fresh News ក្នុងឱកាសនៃការអបអរសាទរទិវាអន្តរជាតិនារី ៨ មីនា ខួបលើកទី១១៤ ឆ្នាំ២០២៥ ដែលបានប្រព្រឹត្តទៅក្រោមប្រធានបទ «សិទ្ធិ សមភាព និង ភាពអង់អាច ចំពោះស្រី្ត និងក្មេងស្រីគ្រប់រូប» នាព្រឹកថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២៥។

អ្នកនាំពាក្យក្រសួងបរិស្ថាន បានបន្ថែមថា ក្នុងចំណោមមន្រ្តីឧទ្យានុរក្សជាង១ពាន់នាក់ មានមន្រ្តីឧទ្យានុរក្សជានារី ចំនួន ៣៣នាក់ កំពុងបំពេញតួនាទីជាធ្វើឆ្មាំការពារសម្បត្តិរបស់មនុស្សជាតិ ដោយមិនចេះនឿយហត់ ទាំងថ្ងៃ ទាំងយប់ លះបង់គ្រួសារ ស្វាមី កូន ឆ្លងកាត់ឧបសគ្គក្នុងព្រៃ ប្រឈមនឹងជំងឺ សត្វចង្រៃ ដើម្បីអនុវត្តច្បាប់ ទប់ស្កាត់បទល្មើស នៅតាមតំបន់ការពារធម្មជាតិ។

ដោយឡែកសហគមន៍តំបន់ការពារធម្មជាតិនៅកម្ពុជា សរុបមានចំនួន១៩៣សហគមន៍ មានប្រជាពលរដ្ឋជាសមាជិកចំនួនជាង៧ម៉ឺនគ្រួសារ ស្មើនឹងចំនួន ៣០៥,៦២១នាក់ ក្នុងនោះនារីមានចំនួនលើសពី៥០% គឺស្មើនឹងចំនួន ១៥២,៦២៦នាក់។ ជាមួយគ្នានេះដែរ គណៈកម្មការគ្រប់គ្រងសហគមន៍តំបន់ការពារធម្មជាតិ ចំនួន ១,៨២៧នាក់ ក្នុងនោះគណៈកម្មការគ្រប់គ្រងសហគមន៍ជានារី មានចំនួន៣៦០នាក់។

លោក ខ្វៃ អាទិត្យា បានបន្ថែមថា កន្លងមកស្រ្តីនៅក្នុងសហគមន៍តំបន់ការពារធម្មជាតិបាន បំពេញតួនាទីសំខាន់ ក្នុងការអភិវឌ្ឍ ការគ្រប់គ្រងការងារអភិវឌ្ឍន៍សហគមន៍ បង្កើនជំនាញវិជ្ជាជីវៈ មានជម្រើសមុខរបរថ្មី ក្រៅពីពឹងលើព្រៃឈើ រៀបចំចាត់ចែងគម្រោងអភិវឌ្ឍន៍លំហែបតង បានផលិតជាសម្ភារប្រើប្រាស់ វត្ថុអនុស្សាវរីយ៍ ចិញ្ចឹមសត្វ ដាំបន្លែ ផ្តល់សេវាកម្មទេសចរណ៍ នៅក្នុងសហគមន៍មូលដ្ឋាន។ ការងារទាំងអស់នេះហើយ បានរំលេចឱ្យឃើញពីសារៈសំខាន់ធនធាននារី ក្នុងការចូលរួមការពារនិងអភិរក្សធនធានធម្មជាតិ ដែលពីមុនគ្រួសារពួកគាត់រស់នៅក្នុងព្រៃ គឺមានតែពឹងលើព្រៃឈើមួយមុខ។ ប៉ុន្តែតម្លៃនៃនារីនៅតាមសហគមន៍តំបន់ការពារធម្មជាតិ បានចូលរួមបង្ហាញ ពីការអប់រំបរិស្ថាន ជាពិសេសបណ្តុះមនសិកាស្អាត បៃតង មានការរស់នៅជាមួយជម្រើសជីវភាពថ្មី សម្រាប់កុមារ យុវជននិងប្រជាសហគមន៍ ឱ្យចេះស្រឡាញ់បរិស្ថាន និងការពារបរិស្ថាននៅតាមតំបន់ការពារធម្មជាតិ។

សូមបញ្ជាក់ថា នៅក្នុងវិស័យបរិស្ថាន នារីទទួលបានការលើកទឹកចិត្តគាំពារ និងគាំទ្រទាំងសមត្ថភាព តួនាទី និងភារកិច្ច ព្រមទាំងបានទទួលការបណ្តុះបណ្តាល ពង្រឹងសមត្ថភាព និងបានចូលរួមសកម្មភាពសង្គម ស្របតាមយុទ្ធសាស្ត្រ និងគោលនយោបាយនានារបស់រាជរដ្ឋាភិបាល ក្នុងនោះមានយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ដែលបានដាក់ចេញជាមួយសសរស្តម្ភចំនួន៣ គឺ «ស្អាត បៃតង និងចីរភាព»