(ភ្នំពេញ)៖ លោកស្រីបណ្ឌិត ម៉ាតា ម៉ាត្រៃ (Marta Martrai) អនុប្រធានទី១ រដ្ឋសភាហុងគ្រី បានផ្ញើសារថ្លែងអំណរគុណជូនចំពោះ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា ដែលបានអនុញ្ញាតឱ្យលោកស្រី បានចូលជួបសម្តែងការគួរសម នាថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៥ កន្លងទៅនេះ។
នៅក្នុងលិខិតនោះ លោកស្រីបណ្ឌិត បានលើកឡើងថា៖ «ខណៈដែលខ្ញុំបានវិលត្រឡប់មកពីប្រទេសកម្ពុជា ខ្ញុំសូមគោរពថ្លែងអំណរគុណចំពោះការស្វាគមន៍ យ៉ាងកក់ក្តៅដែល សម្តេច បានផ្តល់ជូនរូបខ្ញុំ និងគណៈប្រតិភូ ក្នុងអំឡុងពេលទស្សនកិច្ចរបស់យើងខ្ញុំនៅរាជធានីភ្នំពេញ និងខេត្តសៀមរាប។
ខ្ញុំមានអារម្មណ៍កោតសរសើរយ៉ាងខ្លាំងចំពោះប្រវត្តិសាស្ត្រ និងសោភ័ណភាពរបស់ព្រះរាជាណាចក្រ កម្ពុជា។ ខ្ញុំនឹងចងចាំដោយការពេញចិត្តជានិច្ចចំពោះពេលវេលាដែលខ្ញុំបានចំណាយនៅទីនោះ ជាអនុស្សាវ រីយ៍ដ៏ល្អមួយរបស់ខ្ញុំ។ យើងខ្ញុំមានកិត្តិយសធំធេងណាស់ដែល សម្តេច បានចំណាយពេលវេលាទទួលយើងខ្ញុំ បើទោះបី សម្តេច មានការមមាញឹកខ្លាំងក្នុងការងារ និងគម្រោងទស្សនកិច្ចនៅក្រៅប្រទេសក៏ដោយ។ ខ្ញុំសង្ឃឹមថា ការសន្ទនាត្រង់ទៅត្រង់មក និងប្រកបដោយខ្លឹមសាររបស់យើង នឹងរួមចំណែកដល់ការពង្រឹង និងធ្វើឱ្យស៊ីជម្រៅបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការរវាងស្ថាប័ននីតិប្បញ្ញត្តិយើងទាំងពីរ។
ខ្ញុំទន្ទឹងរង់ចាំស្វាគមន៍ដំណើរទស្សនកិច្ចផ្លូវការរបស់ សម្តេច និងប្រតិភូ មកកាន់ប្រទេសហុងគ្រីក្នុង ពេលឆាប់ៗនេះ ដើម្បីពិភាក្សាអំពីកិច្ចការដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមក ដែលត្រូវបានលើកឡើង ក្នុងអំឡុងពេលកិច្ចសន្ទនារបស់យើង។
ជាថ្មីម្តងទៀត សូមអនុញ្ញាតថ្លែងអំណរគុណ សម្តេច ចំពោះការស្វាគមន៍យ៉ាងកក់ក្តៅ និងកិច្ចសន្ទនា បើកទូលាយ និងគួរឱ្យចាប់អារម្មណ៍។ ខ្ញុំសូមគោរពជូនពរ សម្តេច ជួបតែសំណាងល្អ ជោគជ័យគ្រប់ភារកិច្ច និងជាពិសេស សុខភាពល្អបរិបូរណ៍»៕