(ភ្នំពេញ)៖ សម្រាប់សប្តាហ៍ទី១ នារាត្រីថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៥នេះ នាផ្លូវថ្មើរជើង (Walk Street) ត្រូវបានរដ្ឋបាលរាជធានីភ្នំពេញ រៀបចំបន្ថែមថ្មីឲ្យមានរបាំភួងនារី (របាំបុរាណ), ការសម្តែងតន្ត្រីបុរាណ, មហោរី និងរបាំប្រពៃណី, រាំវង់, សៀករហ័សកម្ម, ចាបុីសហគមន៍, បណ្ណាល័យចល័ត និងសម្ដែងកំប្លែងនាយក្រឹម ដើម្បីបម្រើឲ្យការកម្សាន្ដសប្បាយរបស់ភ្ញៀវទេសចរជាតិ និងអន្តជាតិ។

នេះបើយោងតាមការឲ្យដឹងពីលោកស្រី ដោ សម្ផស្ស នាយិការងរដ្ឋបាល និងជាអ្នកនាំពាក្យសាលារាជធានីភ្នំពេញ នារសៀលថ្ងៃទី៩ មីនានេះ។

ពីមួយសប្តាហ៍ទៅមួយសប្តាហ៍ ដោយអនុវត្តទៅតាមការចង្អុលបង្ហាញរបស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅផ្លូវថ្មើរជើង Walk Street មាត់ទន្លេ ត្រូវបានរៀបចំបន្ថែមជាបន្តបន្ទាប់ ទាំងការតាំងលក់ វត្ថុអនុស្សាវរីយ៍ ការសម្តែងតន្ត្រីបុរាណ, របាំប្រពៃណី, រៀបចំជាបណ្ណាល័យចល័ត, សៀករហ័សកម្មជាដើម ដើម្បីបង្កើននូវភាពសប្បាយរីករាយឱ្យប្រជាពលរដ្ឋនាចុងសប្តាហ៍។ ដូច្នេះសូមប្រជាពលរដ្ឋ ភ្ញៀវជាតិ អន្តរជាតិ មកដើរលេងកម្សាន្ដសប្បាយទាំងអស់គ្នា ក្រោមម្លប់នៃសន្តិភាព។

លោកស្រី អ្នកនាំពាក្យបានបញ្ជាក់ដែរថា ផ្លូវថ្មើរជើង (Walk Street) ជាកន្លែងដែលភ្ញៀវជាតិ អន្តរជាតិ កំពុងពេញនិយម ដោយពីមួយសប្តាហ៍ទៅមួយសប្តាហ៍ កំណើនភ្ញៀវចេះតែកើនឡើងជាលំដាប់។

ដោយឡែករដ្ឋបាលរាជធានីភ្នំពេញ ដើម្បីបំពេញនូវសំណូមពររបស់ប្រជាពលរដ្ឋ ក៏បានកែសម្រួលតម្រាយខ្សែរត់ខ្សែទី១C និងបន្ថែមម៉ោងប្រតិបត្តិការសេវាដឹកជញ្ជូនសាធារណៈរថយន្តក្រុង ដោយអនុវត្តនៅរៀងរាល់ ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ នៃសប្តាហ៍ រហូតដល់ម៉ោង១១៖០០នាទីយប់ថែមទៀត។

គិតត្រឹមថ្ងៃទី៩ មីនានេះ ផ្លូវថ្មើរជើង (Walk Street) បានដាក់ឲ្យដំណើរការបានរយៈពេល១ខែ និង១សប្ដាហ៍ហើយ តែចំពោះសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ គឺទទួលបានល្អឥតខ្ចោះ ប្រជាពលរដ្ឋ មិនមានបញ្ហាអ្វីទាំងអស់ រាប់ទាំងអ្នកធ្វើមុខរបរអាជីវកម្ម ក៏ដូចជាប្រជាពលរដ្ឋ ដែលធ្វើដំណើរកម្សាន្ត។

ផ្លូវថ្មើរជើង (Walk Street) ត្រូវបានរដ្ឋបាលរាជធានីភ្នំពេញ ដាក់ឲ្យដំណើរការសាកល្បង២ថ្ងៃ ក្នុង១សប្ដាហ៍ គឺថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ចាប់ពីម៉ោង៦ល្ងាច ដល់ម៉ោង១១យប់ នៅតាមបណ្តោយតីរវិថីព្រះស៊ីសុវត្ថិ ចាប់ពីវិថីបក្សីចាំក្រុង (ផ្លូវលេខ៩៤) រហូតដល់មុខព្រះបរមរាជវាំង៕