(កំពង់ចាម)៖ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥ បានអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់នូវសមិទ្ធផលនានា ក្នុងវត្តត្នោតកែវបូព្រឹក្ស ស្ថិតក្នុងឃុំព្រែករំដេង ស្រុកស្រីសន្ធរ ដែលចំណាយថវិកាសាងសង់ជាង១លានដុល្លារអាមេរិក។

អភិបាលខេត្តកំពង់ចាម បានលើកឡើងថា ស្របពេលដែលប្រទេសកម្ពុជា មានសុខសន្តិភាព និងមានការអភិវឌ្ឍបានធ្វើឱ្យប្រជាពលរដ្ឋមានជីវភាពធូរធារ ដែលអាចមានលទ្ធភាពនាំមកនូវបច្ច័យចូលរួមកសាង ដើម្បីបម្រើក៏ដូចជាការលើកកម្ពស់នូវវិស័យព្រះពុទ្ធសាសនា កម្ពុជាមានការរីកចម្រើនស័ក្តិសមជាសាសនារបស់រដ្ឋ និងជាម្លប់សម្រាប់ការគោរពប្រណិបត្តិសាសនាព្រះពុទ្ធពីសំណាក់បងប្អូនប្រជាពុទ្ធបរិស័ទកម្ពុជាគ្រប់ៗរូបផងដែរ។

លោកអភិបាលខេត្ត បានឱ្យដឹងថា សមិទ្ធផលដែលចំណាយអស់ថវិកាច្រើនជាងគេក្នុងចំណោមសមិទ្ធផលទាំង១០នោះ គឺព្រះវិហារថ្មី ដែលមានទទឹង១៣ម៉ែត្រ គុណនឹង២៥ម៉ែត្រ និងកម្ពស់ ៣៩ម៉ែត្រ ដោយព្រះវិហារថ្មីនេះចំណាយថវិកាសាងសង់ ១,១១៥,០០០ដុល្លារ សរុបជាមួយសមិទ្ធផល៩មុខទៀត គឺបានចំណាយថវិកាអស់សាងសង់ជាង ១លាន ៣សែនដុល្លារអាមេរិក។

លោកអភិបាលខេត្ត បានបញ្ជាក់ថា សមិទ្ធផលទាំងឡាយដែលបានសម្ពោធដាក់ឱ្យប្រើប្រាស់ក្នុងពេលនេះ គឺជាសមិទ្ធផលប្រវត្តិសាស្ត្រសម្រាប់បងប្អូនប្រជាពលរដ្ឋទាំងអស់គ្នា ដើម្បីទុកជាកន្លែងជួបជុំប្រារព្ធពិធីបុណ្យផ្សេងៗ បម្រើដល់ការរីកចម្រើននៃវិស័យព្រះពុទ្ធសាសនា៕