(ភ្នំពេញ)៖ នៅព្រឹកថ្ងៃអង្គារ ១៣កើត ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីចែកសញ្ញាបត្រជូននិស្សិតបញ្ចប់ការសិក្សានៅវិទ្យាស្ថានវ៉ាន់ដា។

ខាងក្រោមជាខ្លឹមសារសំខាន់ៗរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ឱកាសអញ្ជើញចែកសញ្ញាបត្រ ជូននិស្សិតវិទ្យាស្ថានវ៉ាន់ដា៖

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានកោតសរសើរចំពោះក្រុមប្រឹក្សាភិបាល គណៈនាយក សាស្ត្រាចារ្យ បុគ្គលិក និងដៃគូសហប្រតិបត្តិការទាំងអស់របស់វិទ្យាស្ថានវ៉ាន់ដា ដែលបានចូលរួមចំណែកក្នុងការកសាងមូលធនមនុស្ស ប្រកបដោយគុណភាព សមត្ថភាព ចំណេះដឹង ចំណេះធ្វើ សីលធម៌ល្អ មនសិការវិជ្ជាជីវៈ និងមានសេចក្តីថ្លៃថ្នូរក្នុងនាមជាកោសិកាសង្គមដ៏សំខាន់ និងជាអ្នកចូលរួមចំណែក រែកពន់ជោគវាសនាអនាគតរបស់កម្ពុជា។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ជាមួយកំណើនជារៀងរាល់ឆ្នាំនៃទំហំតម្រូវការរបស់យុវជន ដែលចង់បន្តការសិក្សា នៅកម្រិតឧត្តមសិក្សា, នៅពេលដែលគ្រឹះស្ថានឧត្តមសិក្សាសាធារណៈ មិនអាចឆ្លើយតប បានគ្រប់គ្រាន់, រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវគោលនយោបាយបើកចំហ ដោយ អនុញ្ញាតឱ្យមានគ្រឹះស្ថានឧត្តមសិក្សាឯកជន ចូលរួមក្នុងការអភិវឌ្ឍធនធានមនុស្ស ប្រកបដោយសមត្ថភាពបច្ចេកទេសខ្ពស់។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា គ្រឹះស្ថានឧត្តមសិក្សាឯកជន បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការចូលរួមចំណែកបណ្តុះបណ្តាល និងអភិវឌ្ឍធនធានមនុស្ស, ជាពិសេសយុវជនដែលជាទំពាំងស្នងឫស្សី សម្រាប់បន្តវេន និងជួយធានានិរន្តរភាពស្ថាប័ន និងសង្គមជាតិទាំងមូល។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងបង្ហាញក្តីពេញចិត្តចំពោះផលិតភាពនៃច្រវ៉ាក់ផលិតកម្មនៅកម្ពុជា ដែលមានសមត្ថភាពកាន់តែខ្ពស់ដូចជា ការបញ្ចូលរ៉ូបូតសម្រាប់កាត់ដេរនៅរោងចក្រម៉ាវ៉ល ការបង្កើតរោងចក្រដំឡើងរថយន្ត BYD និង FORD ជាដើម។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បង្ហាញការពេញចិត្តចំពោះកំណើនកាន់តែច្រើននៃនិស្សិតជាស្ត្រី។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សម្តេចទទួលបានព័ត៌មានពាក់ព័ន្ធចំណូលពីពន្ធដារ និងគយជារៀងរាល់ថ្ងៃ។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការពង្រីកសាលានៅតាមមូលដ្ឋាន គឺជាការផ្តល់ឱកាសឱ្យកូនចៅប្រជាពលរដ្ឋខ្មែរ ទទួលបានការអប់រំកាន់តែខ្ពស់។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការបញ្ចូលបច្ចេកវិទ្យាក្នុងប្រព័ន្ធអប់រំ គឺជាការផ្តល់ឱកាស និងលទ្ធភាពបន្ថែមសម្រាប់ការអប់រំ។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានណែនាំឱ្យយកចិត្តទុកដាក់លើការធ្វើទំនើបកម្ម បច្ចុប្បន្នភាព និងការស្រាវជ្រាវ ដើម្បីបង្កើនគុណភាពអប់រំឱ្យកាន់តែល្អប្រសើរ។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងបញ្ជាក់ជាថ្មីថា ការរើសយកគ្រូបង្រៀនចូលនិវត្តន៍មកបង្រៀនឡើងវិញ គឺធ្វើសម្រាប់តែកន្លែងដែលខ្វះគ្រូប៉ុណ្ណោះ។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការរើសគ្រូចូលនិវត្តន៍មកបង្រៀនឡើងវិញ ត្រូវជ្រើសរើសតាមនិយាមរបស់ក្រសួងអប់រំ ហើយត្រូវទៅតាមជំនាញ។ មិនមែនយកគ្រូគណិត មកបង្រៀនវិជ្ជាជីវៈនោះឡើយ។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ក្នុងរយៈពេលប្រមាណ១០ឆ្នាំចុងក្រោយនេះ កំណើនសិស្សកម្រិតចំណេះដឹងទូទៅ បានកើនរង្វង់៤០ម៉ឺននាក់។ ពីមុនមានត្រឹម២០ម៉ឺននាក់ បច្ចុប្បន្នមានរហូតដល់ទៅ ៥០ ទៅ ៦០ម៉ឺននាក់។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បន្តរំលឹកសម្តីអតីតប្រធានាធិបតីអាមេរិក ចន អេហ្វ ខេណេឌី នៅឆ្នាំ១៩៦១ ចែកជូននិស្សិតថា «សូមកុំសួរថា ប្រទេសរបស់អ្នក ផ្តល់អ្វីខ្លះដល់អ្នក។ ត្រូវសួរថា តើអ្នកអាចធ្វើអ្វីខ្លះ ដើម្បីប្រទេសរបស់ខ្លួន?»។ នេះ គឺជាការបណ្តុះស្មារតីស្នេហាជាតិ តាមរយៈការចូលរួមដោយលក្ខណៈស្ថាបនា និង មានការទទួលខុសត្រូវរៀងៗខ្លួន។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបង្ហាញក្តីសង្ឃឹមថា និស្សិតទទួលសញ្ញាបត្រនាពេលនេះ នឹងយក ចំណេះដឹងដែលទទួលបានពីការសិក្សាទៅអនុវត្តការងារ ដើម្បីឆ្លើយតបទៅនឹងសេចក្តីត្រូវ ការជាក់ស្ដែងតាមវិស័យ នីមួយៗ អាចជាការងារក្នុងស្ថាប័នរដ្ឋ, ការងារក្នុងវិស័យឯកជន ឬ អង្គការជាតិ និងអន្តរជាតិនានា ។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត សង្ឃឹម និងជឿជាក់យ៉ាងមុតមាំថា និស្សិតទទួលសញ្ញាបត្រនេះ នឹងខិតខំជម្នះរាល់ឧបសគ្គ ដើម្បីកសាង ខ្លួនឱ្យស័ក្តិសមជាពលរដ្ឋល្អ, មន្ត្រីរាជការល្អ, បុគ្គលិកល្អ ដោយប្រើនូវជំនាញ ចំណេះដឹង ពិតប្រាកដរបស់ខ្លួន ប្រកបដោយមនសិការវិជ្ជាជីវៈ ការទទួលខុសត្រូវ​ក្នុងការងារ សីលធម៌ល្អ ដើម្បីចូលរួមកសាងជាតិទាំងអស់គ្នា។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា មានតែចំណេះវិជ្ជាទេ ដែលអាចជួយបណ្ដុះនូវផ្នត់គំនិតចម្រើនជឿនលឿន ហើយអាចជួយលើកស្ទួយប្រទេសជាតិឱ្យកាន់ តែរីកចម្រើនថែមទៀត។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត លើកទឹកចិត្តប្រជាពលរដ្ឋបង្កើតទម្លាប់អាន និងជំរុញឱ្យអភិបាលរាជធានីខេត្ត រៀបចំកន្លែងសម្រាប់អំណានជូនដល់សិស្ស។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា បទពិសោធន៍ និងទ្រឹស្តីរបស់អ្នកដទៃ អាចមិនត្រូវនឹងស្ថានភាពជាក់ស្តែងរបស់យើង តែអាចយកធ្វើជាមូលដ្ឋាន។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ពេលនៅសិក្សាចូលចិត្តអានសៀវភៅទស្សនៈ ហើយពេលចេញបំពេញការងារចូលចិត្ត អានសៀវភៅស្តីពីការអភិវឌ្ឍខ្លួនឯង។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ដើម្បីការងារមានលទ្ធផលល្អ ទាមទារភាពល្អិត និងម៉ត់ចត់ក្នុងការងារ។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យនិស្សិតត្រូវអភិវឌ្ឍ និងពង្រឹងសមត្ថភាពខ្លួនឯងឱ្យបានជាប់ជាប្រចាំ ដើម្បីទទួលបានឱកាសការងារកាន់តែប្រសើរ។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការរៀបចំអង្គរសង្ក្រាន្តនៅសៀមរាបឆ្នាំនេះ គឺជាការបង្កើតព្រឹត្តិការណ៍ទេសចរណ៍ ដើម្បីទាក់ទាញអ្នកទេសចរ មិនមែនជាការបង្កើតព្រឹត្តិការណ៍មិនឱ្យគេចាប់អារម្មណ៍រឿងសង្គមដូចវិទ្យុអាស៊ីសេរីផ្សាយនោះឡើយ។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កម្ពុជាកំពុងរៀបចំឯកសារស្នើសុំចុះបញ្ជីសង្ក្រាន្តឆ្នាំថ្មី ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោក។

* តបទៅនឹងសារអំពាវនាវរបស់ក្រុមជ្រុលនិយមឱ្យពលរដ្ឋក្រោកឈរ, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ប្រជាពលរដ្ឋតែងតែសម្រេចចិត្តរៀងរាល់៥ឆ្នាំម្តង។ សូមកុំជំរុញពលរដ្ឋឱ្យក្រោកគ្រប់ពេល នៅប្រទេសប្រជាធិបតេយ្យមិនដែលរុញ ពលរដ្ឋឱ្យបះបោរក្រោយពេលបោះឆ្នោតនោះទេ។ កៅអីនាយករដ្ឋមន្ត្រី ជាកៅអីដោះស្រាយបញ្ហា។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងលើកទឹកចិត្តឱ្យអាជ្ញាធរពាក់ព័ន្ធជួយ​គាំទ្រដល់សហគមន៍នៅតាមតំបន់ទេសចរណ៍ កុំយកអ្នកវិនិយោគទៅវិនិយោគ ធ្វើឱ្យបាត់ការងាររបស់ប្រជាសហគមន៍ ហើយយកចិត្តទុកដាក់កសាងហេដ្ឋារចនាសម្ព័ន្ធនានា ដែលជាតម្រូវការរបស់អ្នកទេសចរ។

* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ចប់ការថ្លែងសុន្ទរកថាសំណេះសំណាលនៅវេលាម៉ោង ១០៖០៨នាទីនាព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥, សូមអរគុណចំពោះការទស្សនាផ្សាយផ្ទាល់តាមរយៈបណ្តាញទូរទស្សន៍ព័ត៌មាន Fresh News៕