(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥ បានថ្លែងថា ការបញ្ចូលបច្ចេកវិទ្យាក្នុងប្រព័ន្ធអប់រំ គឺជាការផ្តល់ឱកាស និងលទ្ធភាពបន្ថែមសម្រាប់ការអប់រំ ហើយសម្តេចបានណែនាំឱ្យយកចិត្តទុកដាក់លើការធ្វើទំនើបកម្ម បច្ចុប្បន្នភាព និងការស្រាវជ្រាវ ដើម្បីបង្កើនគុណភាពអប់រំឱ្យកាន់តែល្អប្រសើរ។
ការថ្លែងបែបនេះរបស់សម្តេចនាយករដ្ឋមន្ត្រី បានធ្វើឡើងនាឱកាសដែលសម្តេច អញ្ជើញជាអធិបតីភាពក្នុងពិធីចែកសញ្ញាបត្រជូននិស្សិតបញ្ចប់ការសិក្សានៅវិទ្យាស្ថានវ៉ាន់ដា។
ថ្លែងទៅកាន់អង្គពិធី, សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានកោតសរសើរចំពោះក្រុមប្រឹក្សាភិបាល គណៈនាយក សាស្ត្រាចារ្យ បុគ្គលិក និងដៃគូសហប្រតិបត្តិការទាំងអស់របស់វិទ្យាស្ថានវ៉ាន់ដា ដែលបានចូលរួមចំណែកក្នុងការកសាងមូលធនមនុស្ស ប្រកបដោយគុណភាព សមត្ថភាព ចំណេះដឹង ចំណេះធ្វើ សីលធម៌ល្អ មនសិការវិជ្ជាជីវៈ និងមានសេចក្តីថ្លៃថ្នូរក្នុងនាមជាកោសិកាសង្គមដ៏សំខាន់ និងជាអ្នកចូលរួមចំណែក រែកពន់ជោគវាសនាអនាគតរបស់កម្ពុជា។
ទន្ទឹមនឹងនេះ សម្តេចនាយករដ្ឋមន្ត្រី បានថ្លែងថា គ្រឹះស្ថានឧត្តមសិក្សាឯកជន បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការចូលរួមចំណែកបណ្តុះបណ្តាល និងអភិវឌ្ឍធនធានមនុស្ស ជាពិសេសយុវជនដែលជាទំពាំងស្នងឫស្សី សម្រាប់បន្តវេន និងជួយធានានិរន្តរភាពស្ថាប័ន និងសង្គមជាតិទាំងមូល។
នាឱកាសនោះ សម្តេចបវរធិបតី បានថ្លែងថាការបង្កើត ការធានា ការជម្រុញគុណភាព ការកែសម្រួល និងការធ្វើទំនើបកម្មជាប្រចាំនៅក្នុងការងាររដ្ឋមិនខុសពីក្នុងវិស័យអប់រំ ដែលទាមទារឱ្យមានការធ្វើទំនើបកម្ម និងធ្វើបច្ចុប្បន្នភាពបន្ថែម។
លើសពីនេះ សម្តេចនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ពី ការជ្រើសរើសគ្រូបង្រៀនចូលនិវត្តន៍មកបង្រៀនឡើងវិញ គឺផ្អែកទៅលើទិដ្ឋភាពជាក់ស្ដែង ធ្វើសម្រាប់កន្លែងដែលខ្វះខាតគ្រូប៉ុណ្ណោះ ខណៈដែលបច្ចុប្បន្ននេះមានកំណើននៃសិស្សដែលមកទទួលការសិក្សា។
ត្រង់ចំណុចនេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ក្នុងរយៈពេលប្រមាណ១០ឆ្នាំចុងក្រោយនេះ សិស្សសិក្សាថ្នាក់មធ្យមសិក្សាទូទាំងប្រទេស កើនក្នុងរង្វង់ប្រមាណពី៤០ ទៅ៥០ម៉ឺននាក់។ សម្តេចបានបន្តថា ដូច្នេះតម្រូវការអគារ តម្រូវការគ្រូ គឺមានការកើនឡើងជាងមុន ដែលទាមទារឱ្យមានការសាងសង់អគារវិទ្យាល័យនៅហ្នឹងកន្លែង សម្រាប់សិស្សានុសិស្សដែលមានផ្ទះនៅទីតាំងឆ្ងាយ ព្រោះរយៈចម្ងាយឆ្ងាយនេះ អាចធ្វើឱ្យនិយាយបោះបង់ការសិក្សា។
សម្តេចនាយករដ្ឋមន្ត្រី បានបន្តថា កង្វះខាតអគារជារឿងមួយ ប៉ុន្តែកង្វះខាតគ្រូបង្រៀនគឺជារឿងសំខាន់ ដែលទាមទារឱ្យមានការដោះស្រាយ ដ្បិតគ្រូថ្នាក់បឋមសិក្សាងាយបំពេញ ជាងគ្រូថ្នាក់មធ្យមសិក្សា ដែលតម្រូវឱ្យមានគុណវុឌ្ឍិខ្ពស់។
បន្ថែមពីនេះ សម្តេច បានមានប្រសាសន៍ថា ជារៀងរាល់ឆ្នាំ យើងមានគ្រូដែលចូលនិវត្តន៍ គ្រូដែលផ្ទេរចេញ គ្រូមួយចំនួនក៏ប្ដូរអាជីព ឬក៏បញ្ឈប់ ហើយគ្រូមួយចំនួនទៀតក៏បានទទួលមរណភាព ឬបាត់បង់សមត្ថភាពការងារ ដូច្នេះអ្វីដែលយើងអាចយកមកបំពេញចន្លោះខ្វះខាតបាន គឺត្រូវតែបំពេញ។
ជាថ្មីម្ដងទៀត សម្តេចបវរធិបតី បានថ្លែងបញ្ជាក់ជាថ្មីថា ត្រូវកំណត់ឱ្យច្បាស់ថា យើងបំពេញតែកន្លែងដែលខ្វះខាតពិតប្រាកដ ហើយការជ្រើសរើសត្រូវកំណត់តាមនិយាមច្បាស់លាស់របស់ក្រសួងអប់រំ៕