(ភ្នំពេញ)៖ លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥ បានអនុញ្ញាតឱ្យលោក Derek Yip ឯកអគ្គរដ្ឋទូតអូស្ត្រាលី ប្រចាំព្រះរាជាណាចក្រកម្ពុជា និងសហការី ចូលជួបសម្តែងការគួរសមនិងពិភាក្សាការងារ នៅទីស្តីការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។
ក្នុងជំនួបនេះ លោករដ្ឋមន្ត្រីបានជម្រាបជូនអំពីការងារអាទិភាព និងសមិទ្ធផលដែលក្រសួងបានសម្រេចបាន រួមមានការបណ្តុះបណ្តាលមន្ត្រីរាជការលើជំនាញឌីជីថលចំបាច់ ការអភិវឌ្ឍមូលធនមនុស្សលើមុខជំនាញឌីជីថលគ្រប់កម្រិត ការងារបរិវត្តកម្មរដ្ឋាភិបាលឌីជីថល ការដាក់ឱ្យប្រើប្រាស់ថ្នាលនិងកម្មវិធីរដ្ឋាភិបាលឌីជីថល និងវឌ្ឍនភាពនៃមជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍។
ជាការឆ្លើយតប លោកឯកអគ្គរដ្ឋទូតបានកោតសរសើរ លើសមិទ្ធផលដែលក្រសួងសម្រេចបាន និងកិច្ចសហប្រតិបត្តិការរវាងអូស្ត្រាលីនិងកម្ពុជា លើវិស័យទូរគមនាគមន៍ វិស័យឌីជីថល បរិវត្តកម្មឌីជីថល និងសន្តិសុខឌីជីថល។ ជាមួយគ្នានេះដែរ ឯកអគ្គរដ្ឋទូត បានគូសបញ្ជាក់អំពីការគាំទ្រ លើការអភិវឌ្ឍធនធានមនុស្សឌីជីថល និងបន្តកិច្ចសហប្រតិបត្តិការឱ្យកាន់តែល្អប្រសើរបន្ថែមទៀត៕