(តាកែវ)៖ លោក វ៉ី សំណាង អភិបាលខេត្តតាកែវ បានបញ្ជាក់ថា បើគ្មានអ្វីប្រែប្រួលទេ រោងចក្រចំនួន៥ នឹងត្រូវបើកដំណើរការក្នុងពេលឆាប់ៗខាងមុខនេះ នៅលើទឹកដីស្រុកកោះអណ្ដែត ជាប់ព្រំដែនប្រទេសវៀតណាម ដែលអាចស្រូបទាញការងារជូនបងប្អូនប្រជាពលរដ្ឋបានរាប់ពាន់នាក់។

ថ្លែងនៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាខេត្តនាថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥នេះ លោក វ៉ី សំណាង បានបន្ថែមថា ដោយសារមានការជឿទុកចិត្តលើការដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រុមអ្នកវិនិយោគ​កាន់តែច្រើន​បានសម្រុកមកបណ្ដាក់ទុនវិនិយោគនៅក្នុងប្រទេសកម្ពុជា ហើយក្នុងនោះខេត្តតាកែវ ក៏ទទួលបានអ្នកវិនិយោគជាច្រើនផងដែរ ជាក់ស្តែងនាពេលថ្មីៗនេះ ក្រុមអ្នកវិនិយោគ​បានសម្រេចចិត្តទៅបើករោងចក្រចំនួន ៥នៅ ក្នុងស្រុកកោះអណ្ដែត។

អភិបាលខេត្តតាកែវ បានសម្ដែងក្ដីរំពឹងថា ការបើករោងចក្រនៅស្រុកកោះអណ្ដែត និងនាំឱ្យប្រជាពលរដ្ឋ​មានការងារធ្វើកាន់តែច្រើនឡើងនៅមូលដ្ឋានកាត់បន្ថយការធ្វើចំណាកស្រុក​ទៅធ្វើការនៅឆ្ងាយពីផ្ទះផងដែរ៕