(ស្វាយរៀង)៖ លោក លឹម សៀងហេង អភិបាលក្រុងបាវិត បានលើកឡើងថា វិស័យពុទ្ធចក្រមានការរីកចម្រើនទៅបាន គឺអាស្រ័យដោយវិស័យអាណាចក្រមានការអភិវឌ្ឍ ប្រជាពលរដ្ឋមានជីវភាពល្អប្រសើរ។

ការលើកឡើងបែបនេះរបស់លោកអភិបាលក្រុងបាវិត ក្នុងឱកាសលោកបានអញ្ជើញកាត់ខ្សែបូ សម្ពោធខ្លោងទ្វារ វត្តព្រៃអង្គញ់ ស្ថិតនៅភូមិព្រៃទប់ សង្កាត់ព្រៃអង្គុញ ក្រុងបាវិត នាព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥។

ពិធីនេះក៏មានការចូលរួមពីលោកស្រីឧកញ៉ាអគ្គមហាឧបាសិកាពុទ្ធសាសនូត្ថម្ភក៍ ឆឹង ណេង និងមានការនិមន្តចូលរួម និងចូលរួមពីព្រះវិមិត្តសត្តា ជុំ ចន្ថា ព្រះរាជជាគណៈថ្នាក់កិត្តិយសព្រះវិន័យធរគុណខេត្ត ព្រះចៅអធិការ វត្តព្រៃអង្គញ់ លោកអភិបាលរងក្រុង នាយករដ្ឋបាលស្ដីទី លោក លោកស្រីប្រធានការិយាល័យចំណុះក្រុង កងកម្លាំងប្រដាប់អាវុធទាំង៣ មហាឧបាសិកាពុទ្ធសាសនូត្ថម្ភក៍ មាស សាលី និងក្រុមគ្រួសារ លោកចៅសង្កាត់ព្រៃអង្គុញ ក្រុមប្រឹក្សាសង្កាត់ ស្មៀន ជំនួយការស្មៀន លោកមេភូមិ អនុភូមិក្នុងសង្កាត់ និងប្រជាពលរដ្ឋចំនួន៥០០នាក់។

បន្ថែមលើសពីនេះ លោក លឹម សៀងហេង បានកោតសរសើរអំពីការរីកចម្រើន ក្នុងវិស័យពុទ្ធសាសនា ហើយរដ្ឋាភិបាលបានយកចិត្តទុកដាក់ ក្នុងការជួយទំនុកបម្រុង រហូតធ្វើឱ្យវិស័យពុទ្ធសាសនាមានការរីកចម្រើន នៅគ្រប់ទីកន្លែង ហើយមិនត្រឹមតែពុទ្ធសាសនាប៉ុណ្ណោះទេ សាសនាផ្សេងៗទៀតក៏មានការរីកចម្រើនផងដែរ។

លោកបញ្ជាក់ថា វិស័យពុទ្ធចក្រ និងអាណាចក្រ គឺដើរទន្ទឹមគ្នា ដូច្នេះបើពុទ្ធសាសនាមានការរីកចម្រើន គឺអាស្រ័យដោយវិស័យអាណាចក្រមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ហើយការរីកចម្រើនទាំងនេះ ក៏អាស្រ័យលើ ប្រទេសមានសន្តិភាពស្ថិរភាព និងសន្តិសុខសង្គមល្អផងដែរ។ ដូច្នេះត្រូវរួមគ្នាថែរក្សាឱ្យបាននូវសន្តិភាព ដើម្បីយើងមានឱកាស អភិវឌ្ឍប្រទេសជាតិរបស់យើង ឱ្យមានការរីកចម្រើនជាបន្តទៀត។

សូមបញ្ជាក់ថា ប្រជាពលរដ្ឋដែលបានចូលរួមទទួលបាន ក្រម៉ា២ សារ៉ុង២ ខោអាវ ១ឈុត សឹង១ និងថវិកា ៣០,០០០រៀលផងដែរ៕