(ស្វាយរៀង)៖ អនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅក្នុងឱកាសបំពេញការងារនៅខេត្តស្វាយរៀង នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥ លោកស្រី ពុំ ចន្ទីនី ដឹកនាំក្រុមការងារអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៍ជូនដល់ប្រជាពលរដ្ឋងាយរងគ្រោះបំផុតទៅដល់ខ្នងផ្ទះ មានដូចជា ចាស់ជរាគ្មានទីពឹង ស្ត្រីមេម៉ាយមានកូនច្រើន ជនមានពិការភាពគ្មានទីពឹង និងអ្នកផ្ទុកមេរោគអេដស៍ សរុបចំនួន២០គ្រួសាររស់នៅក្នុងភូមិចំនួន៥ ក្នុងឃុំបាសាក់ និងភូមិចំនួន៤ ក្នុងឃុំកំពង់ចម្លង នៃស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។
លោកស្រី ពុំ ចន្ទីនី បាននាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខ និងក្តីនឹករលឹកពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់ប្រជាជានងាយរងគ្រោះទាំង២០គ្រួសារ ។
លោកស្រីបានលើកឡើងថា «ការចុះមកដល់ខ្នងផ្ទះនាពេលនេះ គឺអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់ថ្មីបន្ថែមរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដោយណែនាំមន្ត្រីក្រោមឱវាទធ្វើយ៉ាងណា នាំយកអំណោយទៅចែកជូនដោយផ្ទាល់ដៃ និងដល់ខ្នងផ្ទះតែម្តង ហើយការយកអំណោយមកដល់ខ្នងផ្ទះនេះ គឺជាការលើកទឹកចិត្ត និងបញ្ជាក់ថាពួកគាត់មិននៅឯកា និងមិនទទួលបានការយកចិត្តទុកដាក់នោះទេ។
ជាងនេះទៅទៀតការចុះមកដល់ខ្នងផ្ទះនេះផងដែរ ក៏ដើម្បីបានដឹងពីស្ថានភាពជីវភាព និងការរស់នៅកាន់តែច្បាស់បន្ថែមទៀត ព្រមទាំងបានបញ្ជ្រាបការអប់រំផ្សព្វផ្សាយអំពីសុខភាព និងអនាម័យដោយផ្ទាល់ ព្រោះថាការអប់រំសុខភាព និងអនាម័យដោយផ្ទាល់នេះគឺកាន់តែមានប្រសិទ្ធភាពតែម្តង ។
លោកស្រីបានបន្តថា «អំណោយអាចចែកជូនបាន ប៉ុន្តែសុខភាពមិនអាចចែកជូនបានទេ ប្រសិនបើបងប្អូនឈឺ ឬមានកូនចៅឈឺ អ្នកជិតខាងឬម្ចាស់អំណោយមិនអាចជួយឈឺជំនួសបានទេ ដូចនេះហើយមានតែការថែទាំសុខភាព ឱ្យបានល្អជាពិសេសរក្សាអនាម័យទាំងការរស់នៅ និងបរិភោគ ដោយផឹកស្អាត ហូបស្អាត ជាពិសេសត្រូវសម្អាតសំរាម និងទុកដាក់ឱ្យបានត្រឹមត្រូវ និងមិនត្រូវដុតសំរាមដូចជាថង់ប្លាស្ទិកជាដើម ព្រោះធ្វើឱ្យមានផ្សែងដែលអាច បណ្តាលឱ្យមានផលប៉ះពាល់សុខភាពនាពេលខាងមុខផងដែរ។ ហើយការចុះយកអំណោយដល់ខ្នងផ្ទះនេះពិតជាមានសារៈសំខាន់ដែលបញ្ជាក់អំពីយុត្តិធម៌ និងតម្លាភាព ដែលជាការឆ្លើយតបចំគោលដៅនៃមុខសញ្ញាអទិភាពរបស់កាកបាទក្រហមកម្ពុជា ដែលត្រូវការឱ្យជួយយ៉ាងពិតប្រាកដ»។
សូមជម្រាបថា អំណោយផ្តល់ជូនគ្រួសារនីមួយៗខាងលើនេះ រួមមាន អង្ករ២៥គីឡូក្រាម, មី១កេស, ត្រីខ១០កំប៉ុង, ទឹកស៊ីអ៊ីវ ១យួរ, ឃីត (មុង ភួយ សារុង ក្រមា) ១កញ្ចប់ និងថវិកាមួយចំនួន៕