(ភ្នំពេញ)៖ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានឱ្យដឹងថា គិតរហូតមកទល់ពេលនេះមានក្រុមហ៊ុនចំនួន៧ ហើយដែលក្រសួងបានរកឃើញថាលួចបង្ហូរទឹកកខ្វក់មានសារជាតិពុល ចូលទៅក្នុងទឹកស្អាត។ ក្រុមហ៊ុនទាំង៧នេះ ក្រសួងបានចាត់វិធានការតាមផ្លូវច្បាប់ហើយ ដោយក្នុងនេះក៏មានក្រុមហ៊ុន១ នៅក្រុងព្រះសីហនុ ត្រូវបានបញ្ជូនសំណុំរឿងទៅតុលាការ។

ក្នុងឱកាសផ្តល់បទសម្ភាសដល់ក្រុមអ្នកសារព័ត៌មាននៅរសៀលថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥ ក្រោយបញ្ចប់កិច្ចប្រជុំលើកទី២ គណៈកម្មការអន្តរក្រសួងក្នុងការសម្របសម្រួលអនុវត្តគម្រោងស្តីពីការពង្រឹងសមត្ថភាពលើការគ្រប់គ្រងការបំពុលទឹក នាសណ្ឋានគារកាំបូឌីយ៉ាណា ក្នុងរាជធានីភ្នំពេញ, បណ្ឌិត អ៊ាង សុផល្លែត បានឱ្យដឹងថា៖ «នៅក្នុងប្រទេសកម្ពុជាមានរោងចក្រជាង១០០រោងចក្រ ដែលសុទ្ធសឹងរោងចក្រដែលមានលទ្ធភាពបង្ហូរសារធាតុពុល ឬក៏មិនធ្វើអាងប្រព្រឹត្តកម្មទេទឹកដែលបង្ហូរចេញនាំមកក្នុងការបំពុលបរិស្ថានជាពិសេសប្រភពទឹកស្អាតរបស់យើង ប៉ុន្តែ រហូតមកទល់ពេលនេះមិនមែនក្រុមហ៊ុនទាំងអស់នេះមិនល្អទេគឺមានក្រុមហ៊ុនល្អច្រើនវិនិយោគប្រកបទៅដោយការយកចិត្តទុកដាក់ និងការគោរពវិស័យបរិស្ថាន»

ចំពោះការលួចបបង្ហូរទឹកកង្វក់ចូលប្រភពទឹកធម្មជាតិ, ត្រូវបានលោករដ្ឋមន្រ្តី អ៊ាង សុផល្លែត បានលើកឡើងថា មានក្រុមហ៊ុនចំនួន៣ទៀត បានដឹងខ្លួនមកសុំទោស។ ក្រុមហ៊ុនទាំង៣នោះ បានធ្វើការសុំទោស ហើយគាត់ក៏បានធ្វើការកែតម្រូវ សុំបង់ផាកពិន័យផងដែរ។ ឥឡូវមានក្រុមហ៊ុនចំនួន៤ ក្នុងដៃរបស់យើងដែលកំពុងតែអនុវត្តផ្លូវច្បាប់ ដែលគាត់មិនទាន់អនុវត្តបានត្រឹមត្រូវ។ ក្រៅពីនេះក៏ មានក្រុមហ៊ុនមួយទៀតគាត់បានតវ៉ា គឺក្នុងព្រែកមួយនោះគាត់បំពុលទឹក គឺយប់ឡើងមានក្លិនស្អុយធ្វើឱ្យប្រជាជនមិនអាចរស់នៅបានរយៈពេល៣ឆ្នាំកន្លងមកហើយ។

លោកបណ្ឌិតបានបន្ថែមថា ក្រសួងបានរកឃើញពេលដែលមន្ត្រីបរិស្ថានចាប់គាត់ឡើងមកជួប គាត់តវ៉ាបដិសេធថាគាត់មិនបានបង្ហូរទឹកស្អុយចូលក្នុងព្រែកទេ។ ក្រសួងបរិស្ថានចុះទៅពិនិត្យយកសំណាកទឹកពិនិត្យដើម្បីអនុវត្តតាមផ្លូវច្បាប់ហើយដែរ។

ជាមួយគ្នានេះ លោករដ្ឋមន្រ្តីក្រសួងបរិស្ថានបានអំពាវនាវឱ្យក្រុមហ៊ុនទាំងអស់គោរពច្បាប់ ដើម្បីប្រយោជន៍ប្រជាជន បើយើងមិនគោរពច្បាប់ទេមិនអាចមានបរិស្ថានល្អទេ៕

សូមស្តាប់លើកឡើងរបស់លោកបណ្ឌិត អ៊ាង សុផល្លែត ដូចខាងក្រោម៖