(កំពង់ចាម)៖ លោកបណ្ឌិត សាន់តូ ដារម៉ូស៊ូម៉ារតូ ឯកអគ្គរដ្ឋទូតសាធារណរដ្ឋឥណ្ឌូនេស៊ីប្រចាំនៅកម្ពុជា បានអញ្ជើញទស្សនកិច្ចនៅខេត្តកំពង់ចាម និងបានជួបជាមួយថ្នាក់ដឹកនាំរដ្ឋបាលខេត្ត និងអ្នកធុរកិច្ចនៅទីនោះ ក្នុងកិច្ចសហការលើកកម្ពស់កិច្ចខិតខំប្រឹងប្រែងផ្នែកការទូតសេដ្ឋកិច្ចរបស់ឥណ្ឌូនេស៊ីនៅប្រទេសកម្ពុជា កាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥។

ក្នុងជំនួបជាមួយលោក អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ឯកអគ្គរដ្ឋទូតបានបង្ហាញពីការប្តេជ្ញាចិត្តរបស់ឥណ្ឌូនេស៊ីក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម ការវិនិយោគ ការអប់រំ និងការទំនាក់ទំនងរវាងប្រជាជននិងប្រជាជន។ កិច្ចពិភាក្សានេះបានលើកឡើងអំពីភាពជាដៃគូដ៏មានសក្តានុពលជាមួយសហគមន៍ឥស្លាមក្នុងខេត្តកំពង់ចាមដែលមានប្រមាណ ៤០,០០០នាក់។

លោកអភិបាលខេត្តកំពង់ចាម បានរំលឹកពីបទពិសោធន៍របស់លោក ដែលធ្លាប់បានធ្វើការជាមួយកងទ័ព ហ្ការូដា របស់ឥណ្ឌូនេស៊ី ក្នុងប្រតិបត្តិរក្សាសន្តិភាពក្រោមឆត្រអង្គការសហប្រជាជាតិ (UNTAC) នៅឆ្នាំ១៩៩២។ លោកបានកោតសរសើរចំពោះការគាំទ្ររបស់ប្រទេសឥណ្ឌូនេស៊ីក្នុងកិច្ចខិតខំប្រឹងប្រែងស្វែងសន្តិភាព និងការអភិវឌ្ឍរបស់កម្ពុជា។ លោកក៏បានទទួលស្គាល់ពីសក្តានុពលដ៏សំខាន់នៃទីផ្សារផលិតផលហាឡាល់របស់ឥណ្ឌូនេស៊ីចំពោះសហគមន៍មូស្លីមក្នុងមូលដ្ឋាន និងអ្នកប្រើប្រាស់ទូទៅក្នុងខេត្តទាំងមូល។

លោកទាំងពីរបានឯកភាពលើសារៈសំខាន់នៃការជំរុញភាពជាដៃគូសេដ្ឋកិច្ចប្រកបដោយតុល្យភាព និងការពង្រឹងសមត្ថភាពនាំចេញរបស់ខេត្តកំពង់ចាម។ កាលពីឆ្នាំមុន ពាណិជ្ជកម្មទ្វេភាគីរវាងឥណ្ឌូនេស៊ី និងកម្ពុជាបានកើនឡើងដល់ ១,១ពាន់លានដុល្លារ ដោយឥណ្ឌូនេស៊ីក្លាយជាដៃគូពាណិជ្ជកម្មធំទី ៧ របស់កម្ពុជា។

ជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងនេះ ឯកអគ្គរដ្ឋទូត សាន់តូ បានអញ្ជើញទស្សនាមជ្ឈមណ្ឌលឧស្សាហកម្មសំខាន់ៗនៅខេត្តកំពង់ចាម ដូចជាសហគ្រាសកែច្នៃត្រីប្រៃ និងការផលិតម្សៅដំឡូងមី។ បច្ចុប្បន្ននេះ ខេត្តកំពង់ចាមពុំទាន់មានឧស្សាហកម្មកែច្នៃកសិកម្ម និងជលផលគ្រប់គ្រាន់នៅឡើយទេ ដែលនាំឱ្យការនាំចេញទំនិញមានតម្លៃទាប ដោយភាកច្រើនជាការនាំចេញវត្ថុធាតុដើម។

ជាមួយគ្នានេះដែរ ប្រធានសភាពាណិជ្ជកម្មខេត្តកំពង់ចាម លោក ហួត ឈឿន បានស្វាគមន៍និងសាទរចំពោះការវិនិយោគរបស់ឥណ្ឌូនេស៊ីក្នុងការអភិវឌ្ឍឧស្សាហកម្មកែច្នៃ។ ជាមួយនឹងការសាងសង់ព្រែកជីកហ្វូណនតេជោដែលកំពុងដំណើរការធ្វើនេះ រំពឹងថាការនាំចេញកាន់តែមានប្រសិទ្ធភាព តាមរយៈការនាំចេញដោយផ្ទាល់ពីខេត្តកពង់ចាម៕