(ភ្នំពេញ)៖ អគ្គស្នងការដ្ឋាននគរបាលជាតិ នៅរសៀលថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥នេះ បានបិទបញ្ចប់សវនកម្មផ្ទៃក្នុង សម្រាប់ការិយបរិច្ឆេទ២០២៣ និងបណ្ដាឆ្នាំពាក់ព័ន្ធ។ ពិធីបិទសវនកម្មនេះ ត្រូវបានធ្វើឡើងក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ឯក ងួន ស្រេង អគ្គនាយក នៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង ក្រសួងមហាផ្ទៃ និងលោកឧត្តមសេនីយ៍ឯក ឡោ សុឡេង អគ្គស្នងការរង ស្នងការហិរញ្ញកិច្ច និងភស្ដុភារ តំណាងនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ។

ថ្លែងក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ឯក ឡោ សុឡេង បានឯកភាពរបាយការណ៍សង្ខេបដែលអានដោយ លោកឧត្តមសេនីយ៍ត្រី ផូ ប៊ុនឡេង អំពីលទ្ធផលសវនកម្ម ដែលបានអនុវត្តរបស់នាយកដ្ឋាន មន្ទីរ អង្គភាព ជំនាញ ចំណុះអគ្គស្នងការដ្ឋាននគរបាលជាតិនាពេលកន្លងមក។ លោកឧត្តមសេនីយ៍ឯក ឡោ សុឡេង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះក្រុមការងារសវនកម្ម និងប្រធាននាយកដ្ឋាន មន្ទីរ អង្គភាពជំនាញ ចំណុះអគ្គស្នងការដ្ឋាននគរបាលជាតិ ដែលបានចូលរួមបង្កលក្ខណៈជិតស្និទ បង្កលក្ខណៈងាយស្រួល ដល់ក្រុមការងារសវនកម្មផ្ទៃ ក្នុងគោលបំណងស្វែងរក ស្វែងយល់អំពីចំណុចខ្លាំងចំណុចខ្សាយ ដើម្បីកែសម្រួលនិងផ្លាស់ប្តូរបទពិសោធន៍ជាមួយគ្នាទៅវិញទៅមក ក្នុងការបំពេញបេសកកម្មរបស់ខ្លួន។

លោកឧត្តមសេនីយ៍ឯក ឡោ សុឡេង បានអះអាងថា អគ្គស្នងការដ្ឋាននគរបាលជាតិ បានយកចិត្តទុកដាក់ប្រកបដោយការទទួលខុសត្រូវ និងណែនាំចង្អុលបង្ហាញដល់ នាយកដ្ឋាន មន្ទីរ អង្គភាពជំនាញឲ្យបានខ្ជាប់ខ្ជួននូវរាល់សេចក្តីណែនាំ គោលការណ៍របស់ក្រសួងមហាផ្ទៃ ក៏ដូចជារបស់អគ្គស្នងការដ្ឋាននគរបាលជាតិ។ ពាក់ព័ន្ធការគ្រប់គ្រង និងដឹកនាំកងកម្លាំង ព្រមទាំងការផ្គត់ផ្គង់ភស្តុភារ និងហិរញ្ញវត្ថុ ការគ្រប់គ្រងមធ្យោបាយ ឧបករណ៍បច្ចេកទេស ជូនដល់កងកម្លាំង ដែលរាជរដ្ឋាភិបាល និងក្រសួងមហាផ្ទៃបានបំពាក់ជូននាពេលកន្លងមក សំដៅបម្រើឲ្យកិច្ចប្រតិបត្តិការ និងការពារសន្តិសុខជាតិ និងសណ្តាប់ធ្នាប់សាធារណៈ។

លោកបានគូសបញ្ជាក់ថា ចំពោះការគ្រប់គ្រងបញ្ជាកងកម្លាំង បញ្ជាបន្ទាន់ៗរបស់អគ្គស្នងការដ្ឋាននគរបាលជាតិមួយចំនួននាពេលកន្លងមក ដែលតម្រូវឲ្យមានការដឹកនាំប្រកបដោយការបត់បែន ក្នុងភាពជាម្ចាស់ការ និងហេតុការណ៍ដែលកើតមានឡើងជាយថាហេតុ ហើយកិច្ចការទាំងនោះបង្កឲ្យមានចំណុចខ្លាំង ចំណុចខ្សោយក៏ដូចជាបញ្ហាប្រឈម ជាសត្យានុម័ត និងអត្តនោម័តក្នុងពេលដឹកនាំបញ្ជាកងកម្លាំង។

ក្នុងនាមកងកម្លាំងនគរបាលជាតិ លោកបានថ្លែងអំណរគុណដល់ក្រុមការងារសវនកម្ម ដែលបានផ្តល់អនុសាសន៍ល្អៗ សម្របសម្រួល និងសហការល្អប្រសើរផ្តល់ជូនដល់ នាយកដ្ឋាន មន្ទីរ អង្គភាពជំនាញ ក្នុងកំឡុងពេលការចុះធ្វើសវនកម្មសំដៅពិនិត្យលើការងារគ្រប់គ្រងកម្លាំង គ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ ការងារផ្គត់ផ្គង់ ភស្តុភារនិងហិរញ្ញវត្ថុ ​ឲ្យកាន់តែល្អប្រសើរបន្ថែមទៀត។ លោកជឿជាក់ថា ការធ្វើសវកម្មនាពេលនេះ គឺជាការឆ្លុះបញ្ចាំងធ្វើឲ្យមានការកែប្រែថ្មី ក្នុងប្រសិទ្ធភាពការដឹកនាំបញ្ជាកងកម្លាំង ក៏ដូចជាការគ្រប់គ្រងថែរក្សាទ្រព្យសម្បត្តិរដ្ឋ ការងារគ្រប់គ្រងបុគ្គលិក ការងារគ្រប់គ្រងរបបផ្សេងៗ ឲ្យកាន់តែមានតម្លាភាព គណនេយ្យភាព និងប្រសិទ្ធភាពក្នុងការប្រើប្រាស់ធនធានរបស់រដ្ឋ។

ជាមួយគ្នានោះ លោកឧត្តមសេនីយ៍ឯក ងួន ស្រេង អគ្គនាយក នៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង បានបង្ហាញក្តីសោមនស្សរីករាយយ៉ាងក្រៃលែង ដែលបានអញ្ជើញចូលរួមបិទកិច្ចប្រជុំបិទសវនកម្មផ្ទៃ សម្រាប់ការិយបរិច្ឆេទ២០២៣ និងបណ្តាឆ្នាំពាក់ព័ន្ធ។ លោកបានថ្លែងអំណរគុណ និងសូមកោតសរសើរដោយស្មោះដល់ថ្នាក់ដឹកនាំ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ដែលបានរួមចំណែកសហការ និងជួយសម្របសម្រួល ជាមួយអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង ធ្វើឲ្យការងារសវកម្មអាចសម្រេចបានលទ្ធផល ជារបាយការណ៍ប្រកបដោយភាពទទួលខុសត្រូវខ្ពស់ និងមានការព្រមព្រាងទទួលយក ដើម្បីបន្តរួមចំណែកកែលំអជាបន្តបន្ទាប់ទៀត៕