(ភ្នំពេញ)៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ផ្ញើសារអបអរសាទរ លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្ដ្រីក្រសួងអប់រំ យុវជន និងកីឡា ក្នុងឱកាសដែលសមាគមអ្នកនិពន្ធខ្មែរសម្រេចផ្ដល់កិត្តិគុណ ដោយប្រសិទ្ធនាមជា «គរុវិជ្ជាចារ្យកវីនិពន្ធ» ដែលមានគុណវុឌ្ឍិ និងគុណសម្បត្តិក្នុងបុព្វហេតុអក្សរសាស្ត្រ អក្សរសិល្ប៍ខ្មែរ។

ក្នុង​​ពិធី​អបអរសាទរ ទិវាជាតិអំណាន​លើកទី១០ នា​ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥នេះ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បាន​ប្រគល់​ជ័យលាភីពាន «កិត្តិគុណ» ដំបូង​គេ​បង្អស់របស់​សមាគម​អ្នក​និពន្ធ​ខ្មែរ ដល់​បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីអប់រំ ​ ក៏​ទទួល​បាន​ឈ្មោះថា «គរុវិជ្ជាចារ្យកវីនិពន្ធ»។​

ពាន ​«​កិត្តិគុណ»នេះ​ ត្រូវ​បាន​បង្កើត​ដោយ​សម្ដេចតេជោ ហ៊ុន សែន ប្រធាន​កិត្តិយសនៃ​សមាគមអ្នក​និពន្ធខ្មែរ ​ក្នុង​គោល​បំណងរំឭក​នូវ​សេចក្ដី​ចងចាំ​អំពី​ការ​លះ​បង់ និង​គុណ​បំណាច់ដ៏​មហា​ថ្លៃ​ថ្លា​របស់​បណ្ដា​កវី​ អ្នក​និពន្ធ​គ្រប់​ជំនាន់ជា​ប្រវត្តិសាស្រ្ត​ ក្នុង​បុព្វហេតុ​នៃស្មារតី​ព្រលឹង​ជាតិ​ខ្មែរ។

លើសពីនេះ ជា​ការ​រួម​ចំណែក លើក​ស្ទួយពី​គុណ​តម្លៃនៃ​មនសិការ​កតញ្ញូ គោរព​ដឹង​គុណ​ ចំពោះ​វីរភាព​នៃ​កវី អ្នក​និពន្ធ​ខ្មែរ ដែល​បាន​បូជា​កម្លាំងប្រាជ្ញា ស្មារតី ក្នុង​វិស័យ​តែង​និពន្ធនៅ​កម្ពុជា។ ជាមួយ​គ្នានេះ ពាន​«​កិត្តិគុណ»នេះ ក៏​បង្ហា​ញ​ពី​ការ​ទទួល​ស្គាល់​គុណ​វឌ្ឍ និង​គុណ​សម្បត្តិ នៃ​សុឆន្ទៈរបស់​កវី អ្នក​និពន្ធ​ខ្មែរ ក្នុង​បុព្វហេតុ​នៃ​តម្លៃ ផ្នែក​អក្សរសាស្រ្ត និង​អក្សរសិល្ប៍ខ្មែរផងដែរ​។

ឧបនាយករដ្ឋមន្រ្តី​ ហង់ជួន ណារ៉ុន បាន​តែង​និពន្ធ​ស្នាដៃសរុប ៣៩ស្នាដៃ ​ពាក់ព័ន្ធនឹង​សេដ្ឋកិច្ច អក្សរសិល្ប៍ អក្សរសាស្រ្ត​ ច្បាប់ ទស្សនវិជ្ជា​ ប្រវត្តិវិទ្យា​ គណិតវិទ្យា​ និង​​កំណាព្យជាដើម ដែល​មាន​ភាសាខ្មែរ អង់គ្លេស និង​បារាំង។ ស្នាដៃទី៣៩ របស់​លោក ហង់ជួន ណារ៉ុន គឺជា​សៀវភៅស្ដីពី​នីតិ​អន្តរជាតិ​សមុទ្រ៕