(ភ្នំពេញ)៖ លោកកិត្តិនីតិកោសលបណ្ឌិត អ៉ឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ បានថ្លែងថា តាមទិន្នន័យរបស់អង្គការសហប្រជាជាតិ នៅឆ្នាំ២០២៤ មានស្រ្តីនិងក្មេងស្រីប្រមាណ ៦១២លាននាក់ ដែលកំពុងរស់នៅក្នុងតថភាពនៃជម្លោះប្រដាប់អាវុធ ហើយនៅក្នុងភ្លើងសង្គ្រាម ស្ត្រីនិងក្មេងស្រី មិនអាចទទួលបានសិទ្ធិនិងការពារពេញលេញនោះទេ។

លោកបានថ្លែងបែបនេះ ក្នុងពិធីអបអរសាទរទិវាអន្តរជាតិនារី ៨មីនា ខួបទី១១៤ និងសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងផែនការសកម្មភាពឆ្នាំ២០២៥ របស់គណៈកម្មការកិច្ចការនារីនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ នៅថ្ងៃអង្គារ ទី១១ ខែមីនា ឆ្នាំ២០២៥។

«ស្ថិតក្នុងភ្លើងសង្គ្រាម តើស្ត្រីនិងក្មេងស្រីទាំងនោះអាចទទួលបានសិទ្ធិនិងការពារពេញលេញដែរឬទេ?» លោកកិត្តិនីតិកោសលបណ្ឌិត អ៉ឹម ឈុនលឹម គូសបញ្ជាក់បែបនេះ។

លោកកិត្តិនីតិកោសលបណ្ឌិត អ៉ឹម ឈុនលឹម ក៏បានថ្លែងថា ការធានាសិទ្ធិរបស់ស្ត្រីនិងក្មេងស្រីក្នុងគ្រប់ទិដ្ឋភាព គឺជាមធ្យោបាយតែមួយគត់ ក្នុងការកសាងសេដ្ឋកិច្ចប្រកបដោយយុត្តិធម៌ និងវិបុលភាព ព្រមទាំងថែរក្សាភពផែនដី សម្រាប់មនុស្សជំនាន់ក្រោយ។ ដូចនេះ ដើម្បីឱ្យស្ត្រីនិងក្មេងស្រីអាចទទួលបានសិទ្ធិគ្រប់គ្រាន់ លក្ខខណ្ឌចាំបាច់ដែលពុំអាចខ្វះបាន នោះគឺពួកគាត់ត្រូវរស់នៅក្នុងប្រទេសមួយដែលមានអត្ថិភាពនៃសន្តិភាពពេញបរិបូរណ៍។

ក្នុងព្រះរាជសារ សម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ក្នុងឱកាសអបអរសាទរខួបលើកទី១១៤ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៥ ព្រះអង្គបានមានព្រះសវនីយ៍ ថា ក្នុងរយៈពេល ៣០ឆ្នាំ កន្លងមកនេះ ក្រោមម្លប់ដ៏ត្រជាក់ត្រជំនៃសុខសន្តិភាពពេញលេញបរិបូរណ៍ ដែលមានតម្លៃមិនអាចកាត់ថ្លៃបាន ព្រះរាជាណាចក្រកម្ពុជា បាននិងកំពុងទទួលភាគផលពីកិច្ចអភិវឌ្ឍ និងភាពរីកចម្រើនលើ គ្រប់វិស័យរួមទាំងសុវត្ថិភាព កំណើនសេដ្ឋកិច្ច ភាពប្រសើរឡើងនូវសេវាសាធារណៈ និងគោលនយោបាយកាត់បន្ថយភាពក្រីក្រ តាមរយៈការដាក់ចេញនូវនយោបាយ ឈ្នះ-ឈ្នះ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា ដែលធ្វើឱ្យប្រជារាស្ត្រ ជាកូន ចៅ ចៅទួត គ្រប់ជាតិសាសន៍ បានរស់នៅប្រកបដោយភាពសុខដុមរមនា ជីវភាពសម្បូរសប្បាយ រុងរឿង ថ្កុំថ្កើង គ្មាន ការរើសអើង មានសិទ្ធិសេរីភាពពេញលេញ ក្នុងការគោរពប្រតិបត្តិជំនឿ សាសនា និងទំនៀមទម្លាប់ប្រពៃណី។

សម្តេចព្រះមហាក្សត្រី បានមានព្រះសវនីយ៍ បន្តថា គោលនយោបាយសមភាពយេនឌ័រនៅកម្ពុជាត្រូវបានដាក់ចេញ តាមរយៈយុទ្ធសាស្ត្រចតុកោណទាំងបួនដំណាក់កាល ដែលបានកំណត់ថា ស្ត្រី គឺជាឆ្អឹងខ្នងនៃសេដ្ឋកិច្ច និងសង្គមជាតិ និងបានជំរុញឱ្យមានវត្តមានរបស់ស្ត្រីកាន់តែច្រើន ក្នុងការធ្វើសេចក្តីសម្រេច ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ រួមទាំងវិស័យឯកជន។ មិនតែប៉ុណ្ណោះកូនចៅ ចៅទួតជាស្ត្រី ក៏បានចូលរួមជាកម្លាំងចលករប្រកបដោយសក្តានុពលកាន់តែច្រើនឡើងជាបន្តបន្ទាប់នៅក្នុងកិច្ចអភិវឌ្ឍសេដ្ឋកិច្ច និង សង្គមជាតិ ក៏ដូចជាក្នុងការងារនយោបាយ។ ទន្ទឹមនឹងនេះ ទ្រង់បានកោតសរសើរ និងអរគុណដល់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលបានដឹកនាំដ៏វាងវៃកម្មវិធីមនុស្សធម៌ និងបានរួមចំណែកយ៉ាងសកម្មក្នុងការកាត់បន្ថយភាពងាយរងគ្រោះរបស់ប្រជារាស្ត្រ ក្នុងគោលបំណងមិនទុកនរណាម្នាក់ឱ្យនៅឯកោ ស្របតាមគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព៕