(ភ្នំពេញ)៖ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានបញ្ជាក់ថា នៅកម្ពុជា ដំណើរការទប់ស្កាត់ការខូចបង្ហូរសារធាតុរាវកង្វក់មានជាតិពុល ចូលក្នុងប្រភភពទឹកធម្មជាតិ សំណាក់ក្រុមហ៊ុនខិលខូចមួយចំនួនតូចមិនយឺតពេលនោះទេ ហើយក្រសួងបរិស្ថាន អនុវត្តច្បាប់យ៉ាងតឹងរឹងបំផុតចំពោះក្រុមហ៊ុនណាដែលបន្តគឃ្លើនរំលោភបំពានច្បាប់របស់កម្ពុជា។

លោករដ្ឋមន្ត្រីក្រសួងបរិស្ថាន បានថ្លែងថា យុទ្ធនាការរបស់ក្រសួងបរិស្ថាន គឺមានបំណងជំរុញឱ្យសុខភាពរោងចក្រល្អ សុខភាពប្រជាពលរដ្ឋល្អ និងសុខភាពបរិស្ថានល្អ សំដៅភាពឈ្នះឈ្នះ ទាំងអស់គ្នា ដែលឈានឆ្ពោះទៅចីរភាពនៃភាពជោគជ័យនៃការវិនិយោគជោគជ័យ នៃការគ្រប់ក្រងបរិស្ថានបានយ៉ាងល្អ និងប្រជាពលរដ្ឋមានសុខភាពល្អ។

ការបញ្ជាក់បែបនេះ របស់លោកបណ្ឌិត អ៊ាង សុផល្លែត បានធ្វើឡើងនារសៀលថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុង «កិច្ចប្រជុំលើកទី២ គណៈកម្មការអន្តរក្រសួងក្នុងការសម្របសម្រួលរួមសម្រាប់អនុវត្តគម្រោងស្ដីពី ការពង្រឹងសមត្ថភាពលើការគ្រប់គ្រងការបំពុលទឹក» ដោយមានការអញ្ជើញចូលរួមពីតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ និងដៃគូរអភិវឌ្ឍន៍ជាច្រើនរូប។

លោកបណ្ឌិត អ៊ាង សុផល្លែត បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ឆ្លើយតបនឹងសំណួរថា តើយឺតពេលទេចំពោះការទប់ស្កាត់ករណីលួចបង្ហូរទឹកកង្វក់ចូលប្រភពទឹកធម្មជាតិ ចម្លើយ គឺមិនយឺតពេលនោះទេ វិធានការនេះគឺចំពេលល្អណាស់ ឯកឧត្តម សាយ សំអាល់ អតីតរដ្ឋមន្ត្រីក្រសួងបរិស្ថាន គាត់បានកសាងមូលដ្ឋានគ្រឹះរឹងមាំណាស់ សម្រាប់វិស័យបរិស្ថាន ជាពិសេសក្រមបរិស្ថាននេះតែម្តង»។

ជាមួយគ្នានេះដែរ លោកបណ្ឌិត អ៊ាង សុផល្លែត បានឱ្យដឹងថា ក្រសួងបរិស្ថាន មានច្បាប់ និងការរៀបចំលិខិតបទដ្ឋានគតិយុត្ត នីតិវិធីនានា ដែលមានជាធរមានស្រាប់។ ហើយនៅអាណត្តិទី៧ នៃរដ្ឋសភា ជាអាណត្តិនៃការធ្វើសុក្រិត្យកម្មបរិស្ថានកិច្ច មានន័យថាការងារបរិស្ថាន ដែលធ្វើកន្លងមក គឺត្រូវពង្រឹង និងអនុវត្តបន្ត ប៉ុន្តែ ត្រូវធ្វើយ៉ាងឱ្យសកម្មភាពទាំងនេះកាន់តែសុក្រិត្យបន្ថែមទៀត មានប្រសិទ្ធភាព ប្រសិទ្ធផល និងមានចីរភាព។

រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានបញ្ជាក់ថា បច្ចុប្បន្ននេះ ក្រសួងបានធ្វើលើការជាយុទ្ធសាស្ត្រចំនួន៣ គឺភាពស្អាត នៅលើមេឃ ភាពស្អាតលើដី និងភាពស្អាតលើផ្ទៃទឹក។

លោកបណ្ឌិត អ៊ាង សុផល្លែត បានបន្ថែមថា ក្រសួងបរិស្ថានក៏បានដាក់ឱ្យអនុវត្តប្រកាសស្ដីពីការអនុវត្តវិធានស្វ័យត្រួតពិនិត្យនៅតាមប្រភពបំពុលសក្តានុពល ក្នុងគោលបំណងធ្វើទំនើបកម្មការតាមដានការបំពុលបរិស្ថានពីចម្ងាយ លើការបញ្ចេញសំណល់ដែលបង្កហានិភ័យខ្ពស់ដល់បរិស្ថាន ដោយធ្វើការវាស់ស្ទង់បរិមាណ និងកម្រិតសារធាតុបំពុលដែលត្រូវបញ្ចេញចូលបរិស្ថាន និងបញ្ជូនទិន្នន័យមកក្រសួងបរិស្ថានតាមប្រព័ន្ធអនឡាញ (Online) ដោយស្វ័យប្រវត្តិ សំដៅលើកកម្ពស់ប្រសិទ្ធភាពការអនុវត្តច្បាប់ កាត់បន្ថយការបំពុលបរិស្ថាន (ទឹក ដី ខ្យល់) ពីរោងចក្រ សហគ្រាស និងកាត់បន្ថយការចុះត្រួតពិនិត្យផ្ទាល់ពីមន្រ្តីជំនាញដែលអាចបង្កការរំខានដល់អ្នកវិនិយោគ។

 រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានព្រមានជាមុន ចំពោះក្រុមហ៊ុន រោងចក្រ សហគ្រាសទាំងឡាយ ដែលមានចេតនាអាក្រក់ ហើយនៅតែបន្តលួចបង្ហូរទឹកកង្វក់ចូលក្នុងប្រភពទឹកធម្មជាតិ បើរកឃើញ ក្រសួងបរិស្ថាន នឹងអនុវត្តច្បាប់យ៉ាងតឹងរ៉ឹងបំផុត និងមិនលើកលែងជាដាច់ខាត ព្រោះមិនអាចកុំបំពានច្បាប់ទេ។

លោករដ្ឋមន្ត្រីក្រសួងបរិស្ថាន បានអះអាងថា មានការលាក់បាំងពីការលួចបង្ហូរទឹកពុលចូលប្រភពទឹកពីសំណាក់ម្ចាស់ក្រុមហ៊ុនតែម្តង ប៉ុន្តែករណីនេះគឺមិនអាចលាក់បាំងបាននោះទេ ពីព្រោះក្រុមការងារជំនាញរបស់ក្រសួងបរិស្ថាន បានចុះទៅផ្ទាល់នៅតាមទីតាំងបង្ហូរទឹកដោយបានជួបសម្ភាសន៍ជាមួយប្រជាពលរដ្ឋដែលរងគ្រោះពីការបង្ហូរទឹកកកង្វក់នេះ។ ការណ៍នេះ លោកមានការសោកស្តាយដោយសារតែដងស្ទឹងមួយ ត្រូវបំពុលដោយសារទឹកកង្វក់ដែលបង្ហូរចេញពីរោងចក្រ ខណៈពីមុនស្ទឹងនេះបានជួយបម្រើសេចក្តីត្រូវការរបស់ប្រជាពលើរដ្ឋរស់នៅជុំវិញដងស្ទឹងនេះបានសុខសាន្ត។

ក្រសួងបរិស្ថានបានចាត់មន្ត្រីបច្ចេកទេស និងអ្នកជំនាញចុះបំពាក់ឧបករណ៍ស្វ័យត្រួតពិនិត្យ និងប្រព័ន្ធគ្រប់គ្រងទិន្នន័យនៃការបញ្ចេញឬបង្ហូរសំណល់រាវ របស់រោងចក្រ សហគ្រាសនានា ដើម្បីឱ្យប្រទេសកម្ពុជាទទួលបានភាពស្អាត។ ក្រសួងបរិស្ថាន ជំរុញលើកទឹកចិត្តដល់ម្ចាស់រោងចក្រ និងសហគ្រាស សហការចូលរួមសហការ ក្នុងយុទ្ធនាការរបស់ក្រសួងបរិស្ថាន ដើម្បីការពារបរិស្ថានកម្ពុជាលើកកម្ពស់ភាពស្អាត មានអនាម័យ សោភ័ណភាព និងសុខភាពសាធារណៈ គ្មានការបំពុលដោយសំរាមប្លាស្ទិក និងទឹកកខ្វក់។