(ភ្នំពេញ)៖ ក្រុមហ៊ុន «ហ្គ្រីន អាយលែន អេហ្គ្រីខលឈើវ័ល ឌីវេឡុបមែន (ខេមបូឌា) លីមីធីត តទៅហៅថា ក្រុមហ៊ុន ហ្គ្រីន អាយលែន (GREEN ISLAND)» នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥នេះ បានចេញលិខិតបំភ្លឺមួយ ដើម្បីឆ្លើយតបជាមួយការលើកឡើងរបស់ក្រុមហ៊ុន «ខេមបូ ឌាន បាណាណា អេហ្គ្រីខលឆឺរ៉ល ឯ.ក (CBA)» ពាក់ព័ន្ធបណ្តឹងនៅតាមផ្លូវតុលាការ និងកិច្ចព្រមព្រៀងសហប្រតិបត្តិការដាំដំណាំចេកកាលពីខែមីនា ឆ្នាំ២០២១។
ក្រុមហ៊ុន «ហ្គ្រីន អាយលែន (GREEN ISLAND)» សូមឆ្លើយបំភ្លឺដល់សាធារណជនឱ្យបានជ្រាបថា៖
*ទី១៖ ក្រុមហ៊ុន «ហ្គ្រីន អាយលែន (GREEN ISLAND)» ជាក្រុមហ៊ុនឯកជនទទួលខុសត្រូវមានកម្រិត ដែលបានចុះបញ្ជីនៅក្រសួងពាណិជ្ជកម្ម និងជាក្រុមហ៊ុនដែលទទួលបានសេចក្តីទុកចិត្តពីរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រ កម្ពុជា តាមរយៈការទទួលបានសិទ្ធិស្របច្បាប់ក្នុងការអភិវឌ្ឍន៍លើ ដីសម្បទានសេដ្ឋកិច្ច ដែលមានទំហំសរុបចំនួន ៨១៨០,៥ហិកតា មានទីតាំងស្ថិតនៅ ភូមិអូរពោធិ៍ចង្ហប និងភូមិស្រែស្បូវ ឃុំក្បាលដំរី ស្រុកសំបូរ ខេត្ត ក្រចេះ។
*ទី២៖ ពាក់ព័ន្ធនឹងវិវាទរវាង ក្រុមហ៊ុន «ហ្គ្រីន អាយលែន(GREEN ISLAND)» និងក្រុមហ៊ុន «ស៊ីប៊ីអេ (CBA)» បាននិងកំពុងមានវិវាទដោយបច្ចុប្បន្នស្ថិតនៅក្រោមសមត្ថកិច្ចរបស់តុលាការដោយក្នុងនោះរួមមាន៖
ក. វិវាទពាក់ព័ន្ធនឹងការទាមទារប្រាក់ចំនួន ៤.៤៧៩.២០០ ដុល្លារអាមេរិក ដោយក្រុមហ៊ុន «ស៊ីប៊ីអេ (CBA)», ក្រុមហ៊ុន «ហ្គ្រីន អាយលែន (GREEN ISLAND)» សូមឆ្លើយតបថា ករណីប្រាក់កម្ចីចំនួន៤.៤៧៩.២០០ ដុល្លារ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញដំណើរការនីតិវិធី និងចេញសាលក្រមលេខ ៦២៨ “ស” ចុះថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៤ ដោយបានសម្រេចសេចក្តីឱ្យក្រុមហ៊ុន «ហ្គ្រីន អាយលែន (GREEN ISLAND)» សងប្រាក់ចំនួន ៤.៤៧៩.២០០ដុល្លារអាមេរិក រួមទាំងការប្រាក់សំណងជម្ងឺចិត្តមួយចំនួនដល់ក្រុមហ៊ុន «ស៊ីប៊ីអេ (CBA)»។
ក្រុមហ៊ុន «ហ្គ្រីន អាយលែន (GREEN ISLAND)» សូមបញ្ជាក់ថា ទោះបីក្នុងសំណុំរឿងរដ្ឋប្បវេណី លេខ៖១១០៤ ចុះថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២១ របស់សាលាដំបូងរាជធានីភ្នំពេញ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ ប្រកាសសាលក្រមដូចមានខ្លឹមសារខាងលើ ប៉ុន្តែក្រុមហ៊ុន «ហ្គ្រីន អាយលែន (GREEN ISLAND)» បានប្តឹងឧទ្ធរណ៍នឹងសាលក្រមនេះ រួចរាល់ហើយ ដោយបច្ចុប្បន្នសំណុំរឿងនេះបាននឹងកំពុងស្ថិតក្រោមសមត្ថកិច្ចរបស់ សាលាឧទ្ធរណ៍ភ្នំពេញ និងពុំទាន់មានសេចក្តីសម្រេចជាស្ថាពរ ដែលកំណត់ថា ក្រុមហ៊ុន «ហ្គ្រីន អាយលែន (GREEN ISLAND)» ត្រូវសងប្រាក់ចំនួន ៤.៤៧៩.២០០ដុល្លារអាមេរិក រួមទាំងការប្រាក់សំណងជម្ងឺ ចិត្តមួយចំនួនដល់ ក្រុមហ៊ុន «ស៊ីប៊ីអេ (CBA)» ដូចការលើកឡើងនោះទេ។
ខ. វិវាទពាក់ព័ន្ធនឹងការលើកឡើងរបស់ក្រុមហ៊ុន «ស៊ីប៊ីអេ (CBA)» ថា មានកិច្ចព្រមព្រៀងសហប្រតិបត្តិការដាំដំណាំចេកចុះថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១ រវាងក្រុមហ៊ុន «ស៊ីប៊ីអេ (CBA)» និងក្រុមហ៊ុន «ហ្គ្រីន អាយលែន (GREEN ISLAND)» លើផ្ទៃដីទំហំ ២.៥០០ ហិកតា, ក្រុមហ៊ុន «ហ្គ្រីន អាយលែន (GREEN ISLAND)» សូមឆ្លើយតបថា កិច្ចព្រមព្រៀងសហប្រតិបត្តិការដាំដំណាំចេកចុះថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១ រវាងក្រុមហ៊ុន «ស៊ីប៊ីអេ (CBA)» និងក្រុមហ៊ុន «ហ្គ្រីន អាយលែន (GREEN ISLAND)» លើផ្ទៃដីទំហំ ២.៥០០ហិកតា។
ក្រុមហ៊ុន «ហ្គ្រីន អាយលែន (GREEN ISLAND)» សូមបញ្ជាក់ថា វិវាទពាក់ព័ន្ធនឹងកិច្ច ព្រមព្រៀងសហប្រតិបត្តិការដាំដំណាំចេកខាងលើ បច្ចុប្បន្នបាននឹងកំពុងស្ថិតក្រោម សមត្ថកិច្ចរបស់សាលាដំបូងរាជធានីភ្នំពេញ។ កន្លងមក ក្រុមហ៊ុន «ហ្គ្រីន អាយលែន (GREEN ISLAND)» ធ្លាប់បានស្នើឱ្យក្រុមហ៊ុន «ស៊ីប៊ីអេ (CBA)» សហការក្នុងការប្រគល់គំនូសបង្ហាញទីតាំងដីដែលមានទំហំ ២,៥០០ហិកតានេះជាច្រើនលើកច្រើនសារ ដោយសារតែគំនូស បង្ហាញទីតាំងដីទំហំ ២,៥០០ហិកតា ដែលក្រុមហ៊ុន «ស៊ីប៊ីអេ (CBA)» លើកឡើងថា មានកិច្ចព្រមព្រៀងសហប្រតិបត្តិការដាំដំណាំចេករវាងក្រុមហ៊ុន «ស៊ីប៊ីអេ (CBA)» និងក្រុមហ៊ុន «ហ្គ្រីន អាយលែន (GREEN ISLAND)» នោះអាចកំណត់ឱ្យបានច្បាស់លាស់នូវទីតាំងដែលមានវិវាទ និងស្ថិតនៅចំណុចណា នៃទីតាំងដីសម្បទានសេដ្ឋកិច្ច ដែលមានទំហំសរុបរហូតដល់ទៅ ៨១៨០,៥ ហិកតា ប៉ុន្តែក្រុមហ៊ុន «ស៊ីប៊ីអេ (CBA)» មិនសហការផ្តល់ គំនូសបង្ហាញនេះតាមការស្នើរបស់ក្រុមហ៊ុន «ហ្គ្រីន អាយលែន (GREEN ISLAND)» ឡើយ ដែលជាហេតុនាំឱ្យនីតិវិធីនៅក្នុងសំណុំរឿងរដ្ឋប្បវេណី លេខ៖១២៦០ ចុះថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៣ របស់សាលាដំបូងរាជធានីភ្នំពេញ បានពន្យាពេលដល់បច្ចុប្បន្ននេះ។ ការមិនសហការផ្តល់គំនូសបង្ហាញនេះ គឺជាកត្តារារាំងមិនឱ្យក្រុមហ៊ុន «ហ្គ្រីន អាយលែន (GREEN ISLAND)» អាចចូលទៅគ្រប់គ្រង និងអភិវឌ្ឍន៍ លើដីសម្បទានសេដ្ឋកិច្ច ស្របតាមគោលការណ៍របស់រាជរដ្ឋាភិបាល រហូតមកដល់ពេលបច្ចុប្បន្ន។
ក្រុមហ៊ុន «ហ្គ្រីន អាយលែន (GREEN ISLAND)» សូមរក្សាសិទ្ធិ និងការពារផលប្រយោជន៍ស្របច្បាប់ និងចាត់វិធានការតាមច្បាប់លើបុគ្គលណាដែលមានគោលបំណងទុច្ចរិតធ្វើឱ្យប៉ះពាល់ដល់កិត្តិយស សេចក្តីថ្លៃថ្នូរ និងភាពត្រឹមត្រូវរបស់ក្រុមហ៊ុន៕
ខាងក្រោមនេះជាលិខិតបំភ្លឺរបស់ក្រុមហ៊ុន៖