(ភ្នំពេញ)៖ លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានកាយរឹទិ្ធជាតិកម្ពុជា នៅព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥ បានអញ្ជើញបិទវគ្គតម្រង់ទិសកាយរឹទិ្ធកម្ម សច្ចាប្រណិធាន និងបំពាក់កន្សែង ជូនកាយរឹទ្ធិរៀមច្បងចំនួន៣០០នាក់ (នារី២០៥នាក់) នៃកងឯកភាពសាកលវិទ្យាល័យជាតិគ្រប់គ្រង។

នាឱកាសនោះ ឧបនាយករដ្ឋមន្រ្តី ហង់ជួន ណារ៉ុន បានសម្តែងនូវកតញ្ញុតាធម៌ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាគរុគណនៃកាយរឹទិ្ធជាតិកម្ពុជា ដែលបានជួយឧបត្ថម្ភគាំទ្រដល់ដំណើរការចលនាកាយរឹទ្ធិនៅព្រះរាជាណាចក្រកម្ពុជា ឱ្យមានការរីកចម្រើន និងសកម្មភាពខ្លាំងក្លារហូតមកដល់នាពេលបច្ចប្បន្ននេះ។

ឧបនាយករដ្ឋមន្រ្តី ក៏ពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជាឧត្តមទីប្រឹក្សានៃកាយរឹទិ្ធជាតិកម្ពុជា ជូនជាពិសេសថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ព្រមទាំងក្មួយៗកាយរឹទ្ធិរៀមច្បង និងមេដឹកនាំកាយរឹទិ្ធ នៃកងឯកភាពសាកលវិទ្យាល័យជាតិគ្រប់គ្រង ព្រមទាំងសមាជិកទាំងអស់ទូទាំងប្រទេសកម្ពុជា។

ឧបនាយករដ្ឋមន្រ្តី ហង់ជួន ណារ៉ុន បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះលោកសាស្រ្តាចារ្យ ហោ ប៉េង សាកលវិទ្យាធិការ និងជាមេកងឯកភាពសាកលវិទ្យាល័យជាតិគ្រប់គ្រង ព្រមទាំងសហការី ដែលបានយកចិត្ត ទុកដាក់លើការពង្រីកសមាជិកភាព និងការងារអភិវឌ្ឍចលនាកាយរឹទិ្ធជាតិកម្ពុជា។ ជំនួសឱ្យក្រុមប្រឹក្សាកាយរឹទិ្ធជាតិកម្ពុជា សូមស្វាគមន៍យ៉ាងកក់ក្តៅដល់ក្មួយៗ កាយរឹទិ្ធរៀមច្បង ៣០០នាក់ ដែលត្រូវធើ្វពិធីសច្ចាប្រណិធាន និងបំពាក់កន្សែងទទួលស្គាល់ជាសមាជិកពេញសិទ្ធិរបស់កាយរឹទ្ធិជាតិកម្ពុជា។

នាឱកាសនោះ ឧបនាយករដ្ឋមន្រ្តី ហង់ជួន ណារ៉ុន បានរម្លឹកឡើងថា ចលនាកាយរឹទិ្ធជាតិកម្ពុជា បានចាប់បដិសន្ធិឡើងនៅក្នុងឆ្នាំ១៩៣៤ ប៉ុន្តែដោយសារតែកត្តាប្រែប្រួលនយោបាយ និងអស្ថេរភាពសង្គម កាយរឹទិ្ធជាតិកម្ពុជា គ្មានដំណើរការនោះទេ។

នៅក្នុងឆ្នាំ១៩៩៩ ក្រោមគំនិតផ្តួចផ្តើមរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាគរុគណនៃកាយរឹទិ្ធជាតិកម្ពុជា សម្តេចទាំងទ្វេបានអនុញ្ញាតជាគោលការណ៍ ឱ្យរៀបចំមហាសន្និបាត អាណត្តិទី១ នៅថ្ងៃទី២៦-២៧ ខែមេសា ឆ្នាំ២០០៦ ដើម្បីបង្កើត «សមាគមជាតិកាយរឹទិ្ធកម្ពុជា»

ក្រោមអគ្គមគ្គុទេ្ទសក៍ដ៏ឈ្លាសវៃ និងប៉ិនប្រសប់របស់សម្តេចវិបុលបញ្ញា សុខ អាន សមាគមជាតិកាយរឹទិ្ធកម្ពុជា ត្រូវបានទទួលស្គាល់ជាសមាជិកពេញសិទ្ធិរបស់អង្គការពិភពលោកនៃចលនាកាយរឹទិ្ធ នៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០០៨។ នៅក្នុងមហាសន្និបាតអាណត្តិទី២ ថ្ងៃទី០១-០២ ខែកញ្ញា ឆ្នាំ២០១០ សមាគមជាតិកាយរឹទិ្ធកម្ពុជាបានផ្លាស់ប្តូរឈ្មោះ «កាយរឹទិ្ធជាតិកម្ពុជា» រហូតមកដល់បច្ចុប្បន្ន។

បច្ចុប្បន្ននេះ កាយរឹទិ្ធជាតិកម្ពុជា មានសមាជិកសរុប ១៨៥,៣៥៦នាក់ ស្រី ៩១,០៣៨នាក់ ស្មើនឹង៤៩,១១ភាគរយ (របាយការណ៍សន្និបាតអប់រំឆ្នាំ២០២៣-២០២៤) ដោយបានចូលរួមយ៉ាងសកម្ម តាមរយៈកម្មវិធីអប់រំក្រៅប្រព័ន្ធ និងការអប់រំបែបកាយរឹទិ្ធកម្មដ៏មានប្រសិទ្ធភាព ដែលបានគាំទ្រយ៉ាងពេញទំហឹងដល់កម្មវិធីសិក្សាក្រៅម៉ោងបន្ថែមនៅក្នុងស្តង់ដាសាសារៀនគំរូ។

បេសកកម្មរបស់កាយរឹទិ្ធជាតិកម្ពុជា ពិតជាបានឆ្លើយតបយ៉ាងវិជ្ជមាន និងមានប្រសិទ្ធភាពបំផុត ស្របតាមអនុសាសន៍របស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ស្តីពីការលើកកម្ពស់គុណភាពអប់រំ ផ្តោតលើការពង្រឹងគុណភាព សាលារៀនរដ្ឋ ដោយកែប្រែទៅជាសាលារៀនគំរូ ចាប់ពីថ្នាក់មត្តេយ្យសិក្សាដល់មធ្យមសិក្សា។ ការអប់រំបែបកាយរឹទិ្ធកម្ម ត្រូវដាក់បញ្ចូលទៅក្នុងសកម្មភាពក្រៅម៉ោងសិក្សា ក្នុងការពង្រឹងវិន័យ សីលធម៌ ចរិយាធម៌ សុជីវធម៌ គុណធម៌ និងឥរិយាបថល្អរបស់សិស្សនៅតាមសាលារៀនគំរូ។

យោងតាមរបាយការណ៍របស់លោកសាស្រ្តាចារ្យ ហោ ប៉េង បានឱ្យដឹងថា កន្លងមកសាកលវិទ្យាល័យជាតិគ្រប់គ្រង បានរៀបចំពិធីសច្ចាប្រណិធាន និងបំពាក់កន្សែង ជូនដល់ថ្នាក់ដឹកនាំ កាយរឹទ្ធិ និងកាយរឹទ្ធិរៀមច្បងចំនួន ៦ជំនាន់រួចមកហើយ ដោយគិតពីឆ្នាំ២០១២មក ចំនួន ១,៣១៦នាក់។ ថ្នាក់ដឹកនាំកាយរឹទ្ធិ កាយរឹទ្ធិរៀមច្បង ជាគ្រូ ជាមន្ត្រីគ្រប់គ្រង ជាច្រើនបានចូលនិវត្តន៍ និងជាអតីតនិស្សិតដែលបានបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យ ចេញទៅបម្រើការងារនៅស្ថាប័ន និងក្រុមហ៊ុនផ្សេងៗ។

សព្វថ្ងៃនេះកាយរឹទ្ធិរៀមច្បងនៅកងឯកភាព សាកលវិទ្យាល័យជាតិគ្រប់គ្រង មានចំនួន៥០០នាក់ កំពុងសិក្សា រួមជាមួយកាយរិទ្ធិរៀមច្បងជំនាន់ទី៧នេះ ដែលទើបបានឆ្លងកាត់ការបណ្តុះបណ្តាលវគ្គកាយរឹទ្ធិរយៈ២ថ្ងៃមុននេះ៕