(ស្ទឹងត្រែង)៖ នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥ មជ្ឈមណ្ឌលឯកសារកម្ពុជា សាខាខេត្តស្ទឹងត្រែង រៀបចំវេទិកាថ្នាក់រៀនស្តីពីប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩) នៅអគារមរតកសង្គមរាស្រ្តនិយម សម្ដេចឪ-សម្ដេចម៉ែ (បុរីអូរស្វាយ-សែនជ័យ)។
វេទិកានេះ គឺជាការផ្តល់នូវឱកាសសម្រាប់យុវជន-យុវនារី នៅស្រុកបុរីអូរស្វាយ សែនជ័យ ដើម្បីចូលរួមការពិភាក្សា និងការយល់ដឹងអំពីប្រវត្តិសាស្ត្រខ្មែរក្រហម និងប្រវត្តិសហគមន៍របស់ខ្លួន និងសារសំខាន់នៃការអប់រំអំពីអំពើប្រល័យពូជសាសន៍ ដែលជាការចូលរួមចំណែកដល់ការទប់ស្កាត់អំពើប្រល័យពូជសាសន៍កុំឲ្យកើតមានឡើងនាពេលអនាគត។ វេទិកានេះមានការចូលរួមពីយុវជន-យុវនារី ដែលជាសិស្សរៀនថ្នាក់ទី១១ នៃវិទ្យាល័យបុរីអូរស្វាយ សែនជ័យ ចំនួន១០នាក់ ដែលនៅជាប់នឹងព្រំដែនឡាវ។ កម្មវិធីនៅក្នុងវេទិកានេះរួមបញ្ចូលការទស្សនាពិព័រណ៍ព្រះឆាយាល័ក្ខ, ការចូលអានសៀវភៅនៅបណ្ណាល័យ និងការធ្វើបទបង្ហាញអំពីប្រវត្តិសាស្រ្តខ្មែរក្រហម។
នៅពេលមកដល់អគារមរតកសង្គមរាស្រ្តនិយម សម្ដេចឪ-សម្ដេចម៉ែ (បុរីអូរស្វាយ-សែនជ័យ), យុវជន-យុវនារី ត្រូវបានទទួលបានការស្វាគមន៍ និងណែនាំដោយលោក ស្រេង លីដា គឺបុគ្គលិកមជ្ឈ មណ្ឌលឯកសារកម្ពុជា ខេត្តស្ទឹងត្រែង អំពីបេសកកម្ម និងការបង្កើតឡើងនូវអគារមរតកសង្គមរាស្រ្តនិយម សម្ដេចឪ-សម្ដេចម៉ែ (បុរីអូរស្វាយ-សែនជ័យ) ដែលជាសាខាមួយរបស់ព្រះរាជបណ្ណាល័យហ្លួងម៉ែ និងមជ្ឈ មណ្ឌលឯកសារកម្ពុជា។ បន្ទាប់មក យុវជន-យុវនារី ត្រូវបាននាំចូលទស្សនាពិព័រណ៍ព្រះឆាយាល័ក្ខ និងអានសៀវភៅដែលជាព្រះរាជទាន និងស្នាព្រះហស្តរបស់ហ្លួងម៉ែ។
តមកទៀត លោក ស្រេង លីដា ដឹកនាំយុវជន-យុវនារី ទៅស្រាវជ្រាវ និងស្វែងយល់អំពីបណ្ណាល័យរបស់អគារមរតកសង្គមរាស្រ្តនិយម សម្ដេចឪ-សម្ដេចម៉ែ (បុរីអូរស្វាយ-សែនជ័យ) និងធ្វើបទបង្ហាញអំពីប្រភពធនធានដ៏សម្បូរបែបនៃសៀវភៅ និងឯកសារជាច្រើន ទាក់ទងប្រវត្តិសាស្រ្ត, បរិស្ថាន, ទស្សនវិជ្ជា និងប្រធានបទផ្សេងៗជាច្រើនទៀត សម្រាប់សា ធារណជនចូលមកអានដើម្បីបង្កើនចំណេះដឹងរបស់ខ្លួន។
បន្ទាប់មក លោក ស៊ាង ចិន្តា នាយកមជ្ឈមណ្ឌលឯកសារកម្ពុជា សាខាខេត្តស្ទឹងត្រែង ចាប់ផ្តើមធ្វើបទបង្ហាញអំពីប្រវត្តិសាស្រ្តខ្មែរក្រហម ដោយផ្តោតលើព្រឹត្តិការណ៍ប្រវត្តិសាស្ត្រសំខាន់ៗ មានដូចជា៖ រដ្ឋប្រហាររបស់ លន់ នល់ នៅដើមឆ្នាំ១៩៧០, ការឡើងកាន់អំណាចរបស់ខ្មែរក្រហម, ការជម្លៀសប្រជាជនដោយបង្ខំ, ការរស់នៅប្រចាំថ្ងៃ និងការកាប់សម្លាប់ប្រជាជននៅក្នុងរបបខ្មែរក្រហម។ លោក ស៊ាង ចិន្តា បានរំលេចឡើងអំពីស្ថានភាពប្រជាពលរដ្ឋរស់នៅក្នុងតំបន់អូរស្វាយក្រោមរបបខ្មែរក្រហម និងសក្ខីកម្មរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមម្នាក់ឈ្មោះ ទាវ ឈុន ដែលបានរៀបរាប់ថា «មិនខុសពីប្រជាជននៅកន្លែងផ្សេងទេ។ ប្រជាជនរស់នៅតំបន់អូរស្វាយ ជួបការលំបាក និងទទួលរងនូងការធ្វើផ្លាស់ទីពីកន្លែងមួយទៅកន្លែងមួយ, ការបង្ខំឲ្យធ្វើការងារជាទម្ងន់, ការបង្អត់អាហារ និងការកាប់សម្លាប់។ ខ្មែរក្រហមកំណត់គោលដៅទៅលើក្រុមប្រជាជនដែលត្រូវសម្លាប់ គឺប្រជាជនថ្មី ដែលបានស្គាល់ជាទូទៅថា ប្រជាជនថ្ងៃ១៧ មេសា និងនិគមជនដែលសម្តេចព្រះ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ បញ្ជូនមករស់នៅតំបន់អូរស្វាយកាលពីទសវត្សរ៍ឆ្នាំ១៩៦០។ ប្រជាជនទាំងពីរក្រុមនេះ ត្រូវបានខ្មែរក្រហមស្វែងរក និងចាប់ខ្លួនដើម្បីយកទៅសម្លាប់។ មានប្រជាជនថ្មី ប្រហែល១០គ្រួសារ និងប្រជាជនដែលជានិគមជនរបស់សម្តេចព្រះ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ជាច្រើនបានស្លាប់បាត់បង់ជីវិតនៅក្នុងរបបខ្មែរក្រហម»។
ឆ្លៀតឱកាសនេះ លោក ស៊ាង ចិន្ដា បានចាក់បញ្ចាំងវីដេអូឯកសារ ដែលមានចំណងជើងថា «កុមារកម្ពុជា» ដើម្បីបង្ហាញទៅដល់យុវជន-យុវនារី អំពីផលលំបាកបន្សល់ទុកពីរបបប្រល័យពូជសាសន៍ខ្មែរក្រហម។ វីដេអូឯកសារ «កុមារកម្ពុជា» ក៏ជាការឆ្លុះបញ្ចាំងអំពីវិនាសកម្មរបបប្រល័យពូជសាសន៍ ដែលបានបំផ្លាញប្រទេស និងប្រជាជនរបស់ខ្លួន ហើយបន្សល់ទុកនូវផលលំបាកដល់កុមារកម្ពុជា ដែលជាក្មេងកំព្រា។ វីដេអូឯកសារ «កុមារកម្ពុជា» នេះ គឺមិនត្រឹមតែជំរុញឲ្យមានការអាណិតអាសូរដល់ជនរងគ្រោះ និងអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងធ្វើការផ្សាភ្ជាប់ស្មារតីរបស់យុវជនយុវនារី ដែលជាក្មេងជំនាន់ក្រោយទៅកាន់ប្រវត្តិសាស្រ្តអតីតកាល ដើម្បីចូលរួមការពារកុំឲ្យរបបប្រល័យពូជសាសន៍កើតឡើងនាពេលអនាគត។ នៅចុងបញ្ចប់នៃបទបង្ហាញ លោក ស៊ាង ចិន្ដា និងយុវជនយុវនារីទាំងអស់ដែលបានចូលរួមវេទិកានេះ បានបន្តកិច្ចពិភាក្សាទៅលើប្រធានបទផ្សេងជុំវិញប្រវត្តិសាស្រ្តខ្មែរក្រហម។
នេះគឺជាវេទិកាអប់រំប្រវត្តិសាស្រ្តខ្មែរក្រហមដ៏សំខាន់មួយ ដែលមានការចូលរួមពីសំណាក់យុវជនយុវនារី និងគ្រូបង្រៀនប្រវត្តិសាស្រ្ត ដើម្បីជំរុញឱ្យមានការពិភាក្សា និងការយល់ដឹងពីប្រវត្តិសាស្រ្តខ្មែរក្រហម និងផលប៉ះពាល់បន្សល់ទុកពីរបបខ្មែរក្រហម។ កិច្ចពិភាក្សាក្នុងវេទិកានេះក៏បានបញ្ជាក់ពីភាពចាំបាច់ការទទួលបានកម្មវិធីអប់រំពីប្រវត្តិសាស្រ្តខ្មែរក្រហមបន្ថែម ខណៈពេលដែលយុវជនយុវនារីដើរតួយ៉ាងសំខាន់ក្នុងការថែរក្សាការចងចាំប្រវត្តិសាស្ត្រ និងចូលរួមចំណែកក្នុងការទប់ស្កាត់អំពើប្រល័យពូជសាសន៍មិនឲ្យកើតឡើងនាពេលអនាគត។ វេទិកានេះធ្វើឡើងសម្រាប់បង្កើតឱកាសឲ្យមានកិច្ចសន្ទនាប្រកបទៅដោយអត្ថន័យ និងការចូលរួមបន្តការពិភាក្សា និងនិយាយពីប្រវត្តិសាស្រ្តខ្មែរក្រហម សម្រាប់អនាគតប្រទេសកម្ពុជាដោយគ្មានអំពើប្រល័យពូជសាសន៍។
សិស្សឈ្មោះ សុវណ្ណ ចន្ធី រៀនថ្នាក់ទី១១ នៃវិទ្យាល័យបុរីអូរស្វាយ សែនជ័យ បានរៀបរាប់ថា «ខ្ញុំទទួលបានចំណេះដឹងច្រើនអំពីប្រវត្តិសាស្រ្តខ្មែរក្រហម និងរឿងរ៉ាវដែលបានកើតឡើងនៅក្នុងសហគមន៍អូរស្វាយនៅពេលនោះ។ ខ្ញុំទើបតែដឹងថាសហគមន៍ដែលខ្ញុំកំពុងរស់នៅ ក៏ទទួលរងផលប៉ះពាល់ដោយ សារតែសង្គ្រាម និងអំពើប្រល័យពូជសាសន៍ដែរ។ លើសពីនេះទៀត ខ្ញុំបានអាន និងដឹងសាច់រឿងរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម នៅសហគមន៍អូរស្វាយ។ ខ្ញុំនឹងនាំយកអ្វីដែលខ្ញុំដឹងនៅវេទិកានេះ ទៅនិយាយចែករំលែកជាមួយគ្រួសាររបស់ខ្ញុំនៅផ្ទះ និងមិត្តភក្តិនៅសាលា។ ខ្ញុំនឹងសួរតាយាយរបស់ខ្ញុំអំពីបទពិសោធន៍របស់គាត់នៅក្នុងរបបខ្មែរក្រហម»។
សិស្សឈ្មោះ មុយ ស្រីពៅ រៀនថ្នាក់ទី១១នៃវិទ្យាល័យបុរីអូរស្វាយ-សែនជ័យ បង្ហាញចំណាប់អារម្មណ៍ថា «ចំណេះដឹងថ្មី ដែលខ្ញុំទទួលបានពីវេទិកាថ្នាក់រៀននេះ គឺស្ថានភាពរស់នៅលំបាករបស់ប្រជាជននៅក្នុងរបបខ្មែរក្រហម។ ខ្ញុំទើបតែដឹងប្រវត្តិបុរីអូរស្វាយ គឺជាទីក្រុងបង្កើតឡើងដោយសម្ដេចព្រះ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ។ ប៉ុន្តែរឿងដែលគួរឱ្យសោកស្តាយ មិនថាប្រជាជនថ្មីមកពីទីក្រុងភ្នំពេញ នៅឆ្នាំ១៩៧៥ និងនិគមជនដែលបានមករស់នៅបុរីអូរស្វាយកាលពីអំឡុងទសវត្សន៍ឆ្នាំ១៩៦០ គឺសុទ្ធតែត្រូវបានខ្មែរក្រហមដាក់គោលដៅយកទៅសម្លាប់ចោល»៕