(ពោធិ៍សាត់)៖ ដំណាំល្ហុង គឺជាដំណាំហូបផ្លែមួយប្រភេទ ដែលមានសារសំខាន់ខ្ពស់ ក្នុងចំណោមដំណាំហូបផ្លែផ្សេងទៀត។ គេច្រើនជួបប្រទះដំណាំនេះ នៅតំបន់ត្រូពិច មូសុងក្តៅហើយសើម ដែលមានអាកាសធាតុអំណោយផល ទៅដល់ប្រជាកសិករ នៅតាមស្រុកស្រែចម្ការ និងទីជនបទ។ ដំណាំល្ហុងនេះ ត្រូវបានគេដាំដុះឡើង ដើម្បីបម្រើដល់វិស័យម្ហូបអាហារ ពីព្រោះវាមានសារធាតុចិញ្ចឹមមួយចំនួនដូចជា៖ ប្រូតេអ៊ីន វីតាមីន កាល់ស្យូម កាបូនអ៊ីត្រាត បូតាស្យូម សូដ្យូម ហ្វាយប៊ឺ ដែលជួលសម្រូលទៅដល់សារពាងកាយ ទប់ទល់ និងជំងឺផ្សេងៗ។

លើសពីនេះទៀត ផ្លែល្ហុងជាវត្ថុធាតុម្យ៉ាងពិសេស សម្រាប់ប្រើក្នុងផលិតកម្មឱសថព្យាបាលជំងឺមួយចំនួន ដែលសម្បូរទៅដោយថាមពល។

ក្រឡេកមកស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ឯនេះវិញ ម្ចាស់ចម្ការល្ហុងមួយរូប បានប្រើប្រាស់ទុន លើផ្ទៃដីជាង២៥ហិកតា ដើម្បីដាំដុះដំណាំល្ហុង សម្រាប់ផ្គត់ផ្គង់ទីផ្សារ ក្នុងនិងក្រៅស្រុកជាពិសេសផ្តល់ឱកាសការងារដល់ពុកម៉ែបងប្អូន ប្រជាពលរដ្ឋ ពី៤០ទៅ៥០នាក់ នៅនឹងកន្លែង។

លោក អ៊ា លាត ម្ចាស់ចម្ការល្ហុង ក្នុងភូមិតាដេស ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ បានជម្រាបជូនថា មូលហេតុដែលលោកសម្រេចចិត្តដាំល្ហុង ដោយសារលោកសង្កេតឃើញថា ទីផ្សារផ្លែឈើនៅក្នុងប្រទេសកម្ពុជា មានការនាំចូលពីប្រទេសជិតខាងច្រើន។ ជាមួយគ្នានោះ ប្រទេសយើងសម្បូរដីមានជីវជាតិដែរ ម៉្លោះហើយធ្វើឱ្យលោកសម្រេចចិត្តឈប់ពីការងារ ដើម្បីចាប់មុខរបរដាំល្ហុង ផ្គត់ផ្គង់ទីផ្សារ ក្នុងនិងក្រៅស្រុក កាត់បន្ថយការនាំចូលពីបរទេស។

លោកបានបន្ថែមថា ផ្ទៃដីដែលលោកដាំដុះល្ហុង មានចំនួន២៥ហិកតា ហើយល្ហុងដែលយើងធ្វើការដាំដុះ ចាប់ពីកូន រហូតដល់៨ខែ ទើបយើងចាប់ផ្តើមប្រមូលផលបាន។ ចំពោះអាយុកាលរបស់វា ប្រសិនបើវាមានសុខភាពល្អ យើងអាចបេះរហូតទៅដល់៣ឆ្នាំ។ បច្ចុប្បន្នប្រសិនបើវាទុំស្រុះគ្នាគ្រប់ដើម យើងអាចប្រមូលផលវា ក្នុងមួយថ្ងៃចន្លោះពី៣០ទៅ៥០តោន។

លោកបានថ្លែងបញ្ជាក់ថា សព្វថ្ងៃនេះយើងមានការលំបាកខ្លះដែរ ដោយសារពេលដែលវាទុំស្រុះគ្នា យើងមិនអាចលក់អស់ទេ នៅក្នុងប្រទេសយើង ដោយសារតែប្រជាជននៅក្នុងប្រទេសយើង ការយល់ដឹងបរិភោគផ្លែល្ហុងនេះ ពួកគាត់នៅមានកម្រិត ភាគច្រើនពួកគាត់ហូបតែផ្លែឈើនាំចូល មិនសូវបានស្វែងយល់ពីអត្ថប្រយោជន៍ នៃផ្លែល្ហុង។ ក៏ប៉ុន្តែបើប្រទេសជិតខាងវិញ គឺគេឱ្យតម្លៃទៅលើផ្លែល្ហុង ច្រើនជាងផ្លែឈើផ្សេងៗ នេះដោយសារវាជាប្រភេទផ្លែឈើ ដែលមានសារជាតិហ្វាយប៊ឺច្រើន ដែលជួយសម្រួលដល់ក្រពះពោះវៀន និងបត់ជើងបានយ៉ាងល្អ។ មូលហេតុនេះហើយ ទើបលោកខិតខំធ្វើការដាំដំណាំល្ហុងនេះ ដើម្បីប្រកួតប្រជែងជាមួយប្រទេសជិតខាង និងដើម្បីកាត់បន្ថយការនាំចូល។

លោក អ៊ា លាត បានគូសបញ្ជាក់ថា កម្មករដែលធ្វើការនៅក្នុងចម្ការរបស់លោក ជាមធ្យមចន្លោះពី៤០ទៅ៥០នាក់ ជារៀងរាល់ថ្ងៃ ហើយពាក់ព័ន្ធនឹងការផ្គត់ផ្គង់ គឺយើងធ្វើការផ្គត់ផ្គង់ នៅតាមបណ្ដារាជធានីភ្នំពេញ ខេត្តសៀមរាប ក្រុងព្រះសីហនុ ខេត្តបាត់ដំបង និងមួយចំនួនទៀតតាមបណ្ដាខេត្តផ្សេងៗ។ ហើយខ្លះក៏ធ្វើការនាំចេញ ទៅប្រទេសជិតខាង ដូចជាប្រទេសថៃជាដើម... ក៏ប៉ុន្តែនៅពេលប្រទេសគេមាន នោះគេមិនបើកទូលាយ ឱ្យយើងធ្វើឱ្យការនាំចូលស្រួលនោះទេ។

លោកសូមឱ្យរាជរដ្ឋាភិបាលកម្ពុជា មានកិច្ចសហប្រតិបត្តិការ ជាមួយនឹងប្រទេសជិតខាងយើង ក្នុងការនាំចេញផ្លែឈើ ដើម្បីបញ្ជូនទៅប្រទេសគេ ដូចដែរប្រទេសគេនាំផ្លែឈើគេ មកប្រទេសយើងដូចគ្នា។ ចំពោះផ្លែល្ហុង បើប្រៀបធៀបនឹងផ្លែស្រកានាគ អាចនិយាយបានថា ផ្លែល្ហុង និងផ្លែស្រកានាគ គឺជាប្រភេទហ្វាប៊ឺដូចគ្នា ប្រសិនបើបងប្អូនមានចំណាប់អារម្មណ៍ អាចទំនាក់ទំនង តាមលេខទូរស័ព្ទ 016 33 11 33។ លោកសូមថ្លែងអំណរគុណ ដល់ក្រុមការងារទាំអស់ ដែលបានចុះមកផ្សព្វផ្សាយ អំពីដំណាំល្ហុងរបស់លោក ដើម្បីបង្ហាញនៅលើទីផ្សារឱ្យបានទូលំទូលាយ។

លោក ឡាំ សុផល អភិបាលរងនៃគណៈអភិបាលស្រុកភ្នំក្រវាញ បានថ្លែងអំណរគុណ ដល់ម្ចាស់ចម្ការល្ហុង ដែលបានផ្តល់ឱកាសឱ្យក្រុមការងារទាំងអស់ រួមសហការក្នុងការថតរូបភាព ព្រមទាំងធ្វើបទសម្ភាសន៍មួយចំនួន ក្នុងទីតាំងចម្ការល្ហុងផ្ទាល់។ លោកសូមធ្វើការកោតសរសើរដ៏ក្រៃលែង ដល់ប្អូនម្ចាស់ចម្ការ ដែលបានរៀបចំកសិដ្ឋានចម្ការល្ហុងនេះ ដើម្បីលើកស្ទួយជីវភាពប្រជាពលរដ្ឋ នៅសហគមន៍មូលដ្ឋាន និងដើម្បីស្ទួយផលិតផលក្នុងស្រុក កាត់បន្ថយការនាំផលិតផលចូលពីក្រៅប្រទេស។ ជាពិសេសជំរុញការលើកទឹកចិត្ត ដល់បងប្អូនប្រជាពលរដ្ឋយើង ឱ្យចូលរួមចំណែកដាំផលិតផលដូចនេះ ចូលរួមលើកស្ទួយសេដ្ឋកិច្ចក្នុងគ្រួសារ និងកាត់បន្ថយការធ្វើចំណាកស្រុក។

លោកអភិបាលរងស្រុក បានថ្លែងទៀតថា វិស័យកសិកម្មយើងកន្លងមកយើងមានដែរ ក៏ប៉ុន្តែដោយសារការយល់ដឹងរបស់ប្អូនយើងនៅកម្រិត ដូច្នេះតាមរយៈប្អូនម្ចាស់ចម្ការធ្វើបទបង្ហាញនៅពេលនេះ ឃើញថាបងប្អូនយើងមានការចំណាប់អារម្មណ៍ច្រើន។ ទាក់ទិននឹងបច្ចេកទេសនៃការដាំ ក៏ដូចជាបច្ចេកទេសនៃការរកទីផ្សារ លោកសូមឱ្យប្អូនម្ចាស់ចម្ការ ក៏ដូចជាក្រុមការងារសារព័ត៌មានទាំងអស់ ធ្វើការផ្សាយឱ្យបានទូលំទូលាយ ដើម្បីឱ្យបងប្អូនយើង យល់ដឹងអំពីការដាំដុះនេះ និងជួយជំរុញឱ្យរកទីផ្សារ ឈានទៅមានលទ្ធភាពក្នុងការពង្រីកផលរបរ ក្នុងមូលដ្ឋាន ក្នុងស្រុកភ្នំក្រវាញយើង៕