(សៀមរាប)៖ រដ្ឋបាលខេត្តសៀមរាប នៅរសៀលថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥ បានរៀបចំពិធីដង្ហែ អបអរសាទរពានរង្វាន់ជ័យលាភី អង្គភាពផ្តល់សេវាសាធារណៈគំរូ ក្នុងវិស័យអប់រំ និងវិស័យសុខាភិបាលប្រចាំឆ្នាំ២០២៤ ដែលរាជរដ្ឋាភិបាលកម្ពុជា សម្រេចទទួលស្គាល់ជ័យលាភី អង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំ និងវិស័យសុខាភិបាលប្រចាំឆ្នាំ២០២៤ ដល់មន្ទីរពេទ្យបង្អែកខេត្តសៀមរាប ចំណាត់ថា្នក់លេខ២ និងវិទ្យាល័យចំណេះ ទូទៅ និងបច្ចេកទេសពួក និងសាលាមតេ្តយ្យសិក្សាធនធានអង្គរ ចំណាត់ថា្នក់លេខ៧។
ពិធីនេះ ក្រោមវត្តមានរបស់ លោក តោ គឹមស៊ាន សមាជិកក្រុមប្រឹក្សាខេត្ត និងលោកស្រី ម៉ននី រងី្ស អភិបាលរងខេត្ត និងលោក លោកស្រូ សមាជិក សមាជិកា ក្រុមប្រឹក្សាខេត្ត, លោក លោកស្រី ជាថ្នាក់ដឹកនាំមន្ទីរ អង្គភាព កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ សហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត, យុវជនកាយរឹទ្ធកម្ពុជា, យុវជនកាកបាទក្រហម, លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋជាច្រើនចូលរួមផងដែរ។
ក្នុងឱកាសនោះលោកស្រី ម៉ននី រងី្ស បានឲ្យដឹងថា ជោគជ័យដែលយើងទទួលបាននាពេលនេះ គឺពិតជាបាននំាមកនូវកិត្តិយសដ៏ធំធេងសម្រាប់វិស័យអប់រំ និងវិស័យសុខាភិបាល នៅខេត្តសៀមរាប ដែលកន្លងមកក្រុមការងារ រាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ រដ្ឋបាលខេត្ត និងរដ្ឋបាលក្រុង ស្រុក បានខិតខំយកចិត្តទុកដាក់ខ្ពស់ និងចាត់ទុកជាវិស័យអាទិភាព ជាពិសេសបានជួយឧបត្ថម្ភគាំទ្រគ្រប់រូបភាពដល់វិស័យទាំងពីរ។
លោកស្រីបន្តថា ការជួយគាំទ្ររបស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត ក្នុងគោលបំណង ដើម្បីជំរុញកុមារដែលជាទំពាំងស្នងឬស្សី និងយុវជនដែលជាសសរទ្រូងរបស់ប្រទេសជាតិ ឲ្យការសិក្សាប្រកបដោយគុណភាព និងមានសមត្ថភាព ព្រមទាំងបន្តពង្រឹងប្រតិបត្តិការលើប្រព័ន្ធសុខាភិបាល ឲ្យកាន់តែមានប្រសិទ្ធភាព ដោយផ្ដោតពិសេសលើការផ្ដល់សេវាសុខភាពមានគុណភាព សុវត្ថិភាព ស័ក្តិសិទ្ធភាព និងសមធម៌ជូនប្រជាពលរដ្ឋ។
លោកស្រី បានបន្តថា សមិទ្ធផលនេះ កើតចេញពីការខិតខំប្រឹងប្រែងយកអស់កម្លាំងកាយចិត្ត ដោយមិនគិតពីការនឿយហត់ និងថ្ងៃឈប់សម្រាករបស់គណៈកម្មការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈ គំរូក្នុងវិស័យអប់រំ និងវិស័យសុខាភិបាលខេត្ត ថ្នាក់ដឹកនាំ មន្រ្តីរាជការ បុគ្គលិក នៃមន្ទីរអប់រំយុវជន និងកីឡាខេត្ត និងមន្ទីរសុខាភិបាលខេត្ត ព្រមទាំងផ្តល់សេវាថែទាំសុខភាព លើកកម្ពស់ប្រសិទ្ធភាព នៃកិច្ចដំណើរការមុខងារវិស័យសុខាភិបាល ក្នុងខេត្តសៀមរាប ឆ្លើយតបប្រកបដោយសមធម៌ និងគណនេយ្យភាពខ្ពស់ជូនប្រជាពលរដ្ឋ។
លោកស្រី ម៉ននី រងី្ស បន្ថែមថា ការអបអរសាទរពានរង្វាន់ជ័យលាភីអង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំ និងវិស័យសុខាភិបាល ឆ្នាំ២០២៤ នៅខេត្តសៀមរាប គឺដើមី្បបង្ហាញដល់សាធារណជន ភ្ញៀវទេសចរជាតិ និងអន្តរជាតិ បានមើលឃើញពីចក្ខុវិ័ស័យការអភិវឌ្ឍរីកចម្រើនរបស់ខេត្ត ក្នុងការបណ្តុះបណ្តាលធនធានមនុស្ស។
លោកស្រីបញ្ជាក់ថា ដោយមានការចូលរួមពីលោកគ្រូ អ្នកគ្រូ អាណាព្យាបាល និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ទើបយើងទទួលបានជ័យលាភីពានរង្វាន់ដល់មន្ទីរពេទ្យបង្អែកខេត្ត ចំណាត់ថា្នក់លេខ២ និងវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសពួក និងសាលាមតេ្តយ្យសិក្សាធនធានអង្គរ ចំណាត់ថា្នក់លេខ៧ ព្រមទាំងលោកគ្រូ អ្នកគ្រូ បង្រៀនល្អតាមមុខវិជ្ជា និងសាលាមួយដែលមានសោភណ្ឌភាពស្អាត បានទទួលជ័យលាភីនិងរង្វាន់ផងដែរ៕