(ភ្នំពេញ)៖ អគ្គលេខាធិការដ្ឋានគណៈកម្មាធិការសេដ្ឋកិច្ច និង ធុរកិច្ចឌីជីថល ក្រោមការឧបត្ថម្ភពីមូលនិធិនៃការកសាងសមត្ថភាព និង ការស្រាវជ្រាវ និងការអភិវឌ្ឍលើវិស័យទូរគមនាគមន៍ និង បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន (ស.អ.) នៃក្រសួងប្រៃសណីយ៍ និង ទូរគមនាគមន៍ បានរៀបចំវេទិកា «សេដ្ឋកិច្ចឌីជីថល ២០២៥» រយៈពេល២ថ្ងៃ ដើម្បីលើកកម្ពស់​ចំណេះដឹងអំពីបច្ចេកវិទ្យាឌីជីថល ជំនាញ និងសារៈសំខាន់នៃការចាប់យកឌីជីថលនៅក្នុងយុគសម័យសេដ្ឋកិច្ចឌីជីថល។

វេទិកានេះ​បានរៀបចំឡើង នាថ្ងៃទី១១-១២ ខែមីនា ឆ្នាំ២០២៥​ នៅសណ្ឋាគារ អូក វូដ ព្រេមៀរ ភ្នំពេញ ​​ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោកបណ្ឌិត គង់ ម៉ារី រដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង ជាអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការសេដ្ឋកិច្ច និងធុរកិច្ចឌីជីថល និង លោក កែវ សុទ្ធិ រដ្ឋលេខាធិការនៃក្រសួងប្រៃសណីយ៍ និង ទូរគមនាគមន៍ និង មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និង តំណាងក្រសួង ស្ថាប័ន នៃរាជរដ្ឋាភិបាល, វិស័យឯកជន, គ្រឹះស្ថានអប់រំ, សមាគម, និង ដៃគូអភិវឌ្ឍន៍។

វេទិកាសេដ្ឋកិច្ចឌីជីថលត្រូវបានធ្វើឡើងក្រោមគោល​បំណង(១). លើកកម្ពស់ការផ្សព្វផ្សាយចំណេះដឹងអំពីបច្ចេកវិទ្យាឌីជីថល ជំនាញ និង សារៈសំខាន់នៃការចាប់យកឌីជីថលនៅក្នុងយុគសម័យសេដ្ឋកិច្ចឌីជីថល, (២). បង្កើនការចែករំលែកទស្សនទាន គំនិតនវានុវត្តន៍ និង បទពិសោធន៍ថ្មីៗ ពាក់ព័ន្ធសេដ្ឋកិច្ចឌីជីថល, និង (៣) ជំរុញការកសាងបណ្ដាញទំនាក់ទំនង និង សហគមន៍ធុរកិច្ច និង សេដ្ឋកិច្ចឌីជីថលនៅកម្ពុជា។

ក្នុងវេទិកា​នេះ បានពិភាក្សាទៅលើប្រធានបទចំនួន៤ ដែលផ្ដោតលើទិដ្ឋភាពរួមនៃសេដ្ឋកិច្ច និង សង្គមឌីជីថល, ការធ្វើបរិវត្តកម្មឌីជីថលសម្រាប់សហគ្រាស, អក្ខរកម្ម និងជំនាញឌីជីថលសម្រាប់សហគ្រាស, សន្តិសុខសាយប័រ ការការពារទិន្នន័យ ទ្រព្យសម្បត្តិឌីជីថល និងការទូទាត់ប្រាក់ឌីជីថល។ បទបង្ហាញនីមួយៗ បានផ្ដល់ព័ត៌មានជាមូលដ្ឋានសម្រាប់កិច្ចពិភាក្សាយ៉ាងផុសផុល ហើយនឹងទទួលបានធាតុចូលសំខាន់ៗពីវាគ្មិនកិតិ្តយស និង អ្នកចូលរួម។

​លោកបណ្ឌិត គង់ ម៉ារី បានគូសរំលេចពីការវិវឌ្ឍយ៉ាងឆាប់រហ័សនៃបច្ចេកវិទ្យាឌីជីថល និង សក្តានុពលនៃការចាប់យកឌីជីថលក្នុងការជំរុញសម្ទុះកំណើនសេដ្ឋកិច្ចឌីជីថលនៅកម្ពុជា តាមរយៈការនាំមកនូវគំរូធុរកិច្ចថ្មី, ការលើកកម្ពស់នវានុវត្តន៍, និង ការបង្កើនផលិតភាព, និង ប្រសិទ្ធភាពការងារ ទាំងក្នុងវិស័យឯកជន និង សេដ្ឋកិច្ចទាំងមូល។

​លោកបានលើកទឹកចិត្តដល់ធុរជន និង សាធារណជន ចូលរួមចាប់យកបច្ចេកវិទ្យា និង ប្រើប្រាស់ថ្នាលឌីជីថល ដើម្បីទាញយកអត្ថប្រយោជន៍ជាអតិបរមា សំដៅជំរុញការអភិវឌ្ឍសេដ្ឋកិច្ច និង សង្គមឌីជីថលកម្ពុជា ឱ្យកាន់តែមានភាពរស់រវើក៕