(ភ្នំពេញ)៖ លោកសន្ដិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ដ្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាប្រធានគណៈបញ្ជាការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀន លើកទី១០ បានផ្ដល់អនុសាសន៍សំខាន់ៗ ចំនួន៩ចំណុច ដល់គ្រប់ក្រសួង ស្ថាប័នពាក់ព័ន្ធទាំងអស់ ក្នុងការរួមគ្នាប្រយុទ្ធប្រឆាំងគ្រឿងញៀន ដើម្បីស្របតាមយុទ្ធសាស្ដ្ររបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា។

អនុសាសន៍ដែលបានដាក់ចុះដោយ ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន ក្នុងឱកាសអញ្ជើញជាអធិបតីតំណាងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ដរបស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នាព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៥នេះ រួមមាន៖

ទី១៖ សូមបន្តស្មារតីរួម និងចលនាជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន ដោយត្រូវចាត់ទុកបញ្ហាគ្រឿងញៀនជាបញ្ហារួមដែលគ្រប់ក្រសួងស្ថាប័ន អង្គភាព មន្ដ្រីក្រោមឱវាទ និងសមាជិកគ្រួសារ ត្រូវចូលរួមទាំងអស់គ្នា

ទី២៖ គ្រប់ក្រសួងស្ថាប័នទាំងអស់ ត្រូវពង្រឹងយន្តការប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្នុងស្ថាប័នរៀងៗខ្លួន តាមរយៈការសហការជំរុញធ្វើតេស្តជាប្រចាំដល់មន្ដ្រីខ្លួន

ទី៣៖ បន្តជំរុញការផ្សព្វផ្សាយអំពីផលប៉ះពាល់ និងវិនាសកម្មគ្រឿងញៀនឲ្យចំគោលដៅ ជាពិសេសក្រសួងអប់រំ យុវជន និងកីឡា, ក្រសួងព័ត៌មាន, ក្រសួងវប្បធម៌, ក្រសួងធម្មការ និងសាសនា, ក្រសួងទេសចរណ៍ និងក្រសួងប្រៃសណីយ៍ ត្រូវផលិត និងផ្សព្វផ្សាយឲ្យបានទូលាយ

ទី៤៖ ថ្នាក់ដឹកនាំក្រសួង និងអភិបាលខេត្តស្រុកទាំងអស់ ត្រូវជំរុញឲ្យពលរដ្ឋក្នុងមូលដ្ឋានទាញយក និងប្រើប្រាស់នៅកម្មវិធីទូរស័ព្ទដៃ App NoDrug ដែលមានកម្មវិធីដ៏មានប្រសិទ្ធភាពក្នុងការរាយការណ៍ករណីគ្រឿងញៀន

ទី៥៖ ជាមួយគ្នានេះ ត្រូវបន្ដយកចិត្តទុកដាក់ពង្រឹងការអនុវត្តច្បាប់ឲ្យបានម៉ឺងម៉ាត់ ពាក់ព័ន្ធជាមួយបទល្មើសគ្រឿងញៀន ដោយឈរលើគោលការណ៍ «៣កុំ និង១រាយការណ៍» គឺ «កុំពាក់ព័ន្ធ កុំអន្ដរាគមន៍ កុំលើកលែង និងត្រូវរាយការណ៍»

ទី៦៖ ក្រុមការងារអន្តរក្រសួងត្រួតពិនិត្យសារធាតុញៀន និងសារធាតុគីមីផ្សំ ត្រូវពង្រឹងតួនាទីភារកិច្ចរបស់ខ្លួន និងជំរុញការអនុវត្តនិយាមនីតិវិធីប្រតិបត្តិ SOP ស្តីពីការគ្រប់គ្រង សារធាតុញៀន និងសារធាតុគីមីផ្សំ និងស្នើដល់ប្រធានស្ថាប័ន។ អង្គភាព ដែលមានសមត្ថកិច្ចពាក់ព័ន្ធដល់ការនាំចូល សារធាតុទាំងនោះ ត្រូវអនុវត្តខ្ជាប់ខ្ជួនតាមនិយាមនីតិវិធីប្រតិបត្តិ SOP និងផ្តល់កិច្ចសហការ គ្រប់ជ្រុងជ្រោយជាមួយក្រុមការងារអន្តរក្រសួងត្រួតពិនិត្យសារធាតុញៀន និងសារធាតុគីមីផ្សំ។

ដោយឡែក គណៈបញ្ជាការឯកភាពរាជធានីខេត្ត ក៏ត្រូវពង្រឹងយន្តការត្រួតពិនិត្យ ឆែកឆេរ ទីតាំងសង្ស័យ ទាំងឡាយណា ដូចជាឃ្លាំង អគារ ទីតាំង ឆ្ងាយ ដាច់ស្រយាល ស្ងប់ស្ងាត់ ដែលមាន សកម្មភាពសង្ស័យ ថាអាចមានការលបលួចកែច្នៃផលិត និងចាត់វិធានការទាន់ពេលនិងមាន ប្រសិទ្ធភាព

ទី៧៖ ក្រសួងសុខាភិបាល, ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងគណៈកម្មការព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន ត្រូវបង្កើនប្រសិទ្ធភាព និងគុណភាពសេវាព្យាបាល និងស្តារនីតិសម្បទា ព្រមទាំងបង្កើនយន្តការត្រួតពិនិត្យនិងគ្រប់គ្រង មជ្ឈមណ្ឌល ព្យាបាល និងស្តារនីតិសម្បទាទាំងរដ្ឋ និងឯកជន

ទី៨៖ ក្រសួង ស្ថាប័ន អង្គភាពទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ត្រូវបន្តអនុវត្ត បទបញ្ជារាជរដ្ឋាភិបាលលេខ ០១បប «គោលការណ៍សម្អាតចកចេញពីបឹង និងរក្សាផ្ទៃបឹងឲ្យ ស្អាតជាប្រចាំ» ដោយត្រូវត្រួតពិនិត្យធ្វើតេស្តជាប់ជាប្រចាំ និងមានវិធានការម៉ឺងម៉ាត់ ដោយត្រូវបញ្ចប់មុខតំណែង និងបណ្តេញចេញពីក្របខ័ណ្ឌដោយគ្មានការលើកលែង ចំពោះមន្ត្រី ដែលធ្វើតេស្តលទ្ធផលវិជ្ជមានគ្រឿងញៀន

ទី៩៖ ជាការពិតណាស់ ការដោះស្រាយបញ្ហាគ្រឿងញៀន មិនអាចជោគជ័យបាន ១០០ភាគរយឡើយ ប្រសិនបើពុំមានកិច្ចសហការល្អ ជាមួយបណ្តាប្រទេសជាមិត្តលើសកលលោក ជាពិសេសប្រទេសជិតខាង។ ក្នុងន័យនេះ ឧបនាយករដ្ឋមន្រ្តី នេត សាវឿន ស្នើអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងគណៈកម្មការទទួលបន្ទុកកិច្ចសហប្រតិបត្តិការអន្តរជាតិ ត្រូវបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការអន្តរជាតិបន្ថែម ដោយគិតគូរលើយន្តការផ្លាស់ប្តូរព័ត៌មាន កិច្ចសហការផ្លាស់ប្តូរ ប្រតិភូ និងជំនួយសម្ភារៈបច្ចេកទេស និងការបណ្តុះបណ្តាល៕