(កំពង់ធំ)៖ លោក សាយ គឹមឡម អភិបាលស្រុកស្ទោង បានលើកទឹកចិត្តស្ត្រី និងយុវតី ត្រូវបង្កើនគុណវុឌ្ឍិ ដើម្បីក្លាយជាអ្នកដឹកនាំអង្គភាព ឬស្ថាប័នឲ្យមានភាពរឹងមាំ ។
លោក សាយ គឹមឡម បានថ្លែងក្នុងពិធីអបអរសាទរខួបលើកទី ១១៤ ទិវានារីអន្តរជាតិ ៨មីនា ឆ្នាំ ២០២៥ ក្រោមប្រធានបទ «សិទ្ធិ សមភាព និង ភាពអង់អាចក្លាហានចំពោះស្ត្រី និងក្មេងស្រីគ្រប់រូប » ថ្ងៃទី ១៣ ខែមីនា ឆ្នាំ២០២៥ នៅសាលាស្រុកស្ទោង។
លោកបានផ្ដល់នូវបទពិសោធន៍ និងទស្សនៈទានល្អៗមួយចំនួន ដល់បងប្អូនស្ត្រីនិងយុវត្តី ក្នុងការចូលរួមអភិវឌ្ឍន៍សហគមន៍ ការចូលរួមលើកកម្ពស់ និងអភិវឌ្ឍន៍ស្ថាប័ន ការចូលរួមគ្រប់សកម្មភាពទូទៅ របស់រាជរដ្ឋាភិបាល ក៏ដូចជាកិច្ចការនយោបាយ និងក្លាយជាមេភូមិ ក្រុមប្រឹក្សាឃុំ និងមេឃុំជាដើម ដែលជាការឆ្លើយតបទៅនឹងយុទ្ធសាស្ត្រ របស់រាជរដ្ឋាភិបាលក្នុងការកំណត់ស្ត្រី គឺជាឆ្អឹងខ្នងនៃសេដ្ឋកិច្ច និងសង្គមជាតិ និងបានជំរុញឱ្យមានវត្តមានរបស់ស្ត្រី កាន់តែច្រើនឡើងៗនៅក្នុងការធ្វើការសម្រេចចិត្តទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ព្រមទាំងវិស័យឯកជននិង ជាអ្នកគ្រប់គ្រងស្ថាប័នផង និងអង្គភាពផងដែរ។
លោកបានកោតសរសើរដល់លោកនាយក នាយិកា លោកគ្រូ អ្នកគ្រូ មន្ត្រី កងកម្លាំងទាំងអស់ ដែលបានចូលរួមចំណែកយ៉ាងធំធេង ក្នុងការលើកកម្ពស់វិស័យអប់រំនៅក្នុងស្រុកស្ទោង ជាពិសេសទទួលបាននូវសាលារៀនស្តង់ដារ សាលាគំរូលេខ១ប្រចាំទូទាំងប្រទេស គឺសាលាបឋមសិក្សាក្អិន នៅក្នុងភូមិចំណាលើ ស្រុកស្ទោង និងការពារសន្តិសុខសណ្តាប់ធ្នាប់ សុខសុវត្ថិភាព ព្រមទាំងបានខិតខំចូលរួមអភិវឌ្ឍន៍ភូមិ ឃុំ ស្រុក ឲ្យមានការរីកចំរើន ពិសេសចូលរួមថែរក្សាសន្តិភាព ។
លោក សាយ គឹមឡម ណែនាំដល់លោកនាយក លោកស្រីនាយិកា លោកគ្រូ អ្នកគ្រូ អាជ្ញាធរដែនដី ទាំងអស់ត្រូវខិតខំរក្សាសាមគ្គីភាពផ្ទៃក្នុងឱ្យកាន់ល្អប្រសើរថែមទៀត ជាពិសេសជាមួយដៃគូអភិវឌ្ឍន៍ អង្គការនានានិងមាតាបិតាសិស្សព្រមទាំងសហគមន៍ទាំងមូលនិងសប្បុរសជន ដើម្បីចូលរួមអភិវឌ្ឍន៍ភូមិ ឃុំ ឱ្យកាន់តែទទួលបានជោគជ័យថែមទៀត៕